លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស បានចូលសម្រាកក្នុងមន្ទីរពេទ្យ កាលពីយប់ថ្ងៃអាទិត្យនេះ ដែលជា«កិច្ចបង្ការ» បន្ទាប់ពីបានធ្វើតេស្តិ៍ តាំងពី១០ថ្ងៃមុន រកឃើញថា លោកមានផ្ទុកមេរោគ «កូរូណា» ឬ«Covid-19»។
មកទល់នឹងថ្ងៃនេះ លោកនៅតែបង្ហាញរោគសញ្ញា អំពីអាការៈគ្រុនក្តៅខ្លាំង នៅឡើយ។ ការចូលសម្រាកពេទ្យ របស់លោក ចនសុន ត្រូវបានប្រកាសឲ្យដឹង តែប៉ុន្មាននាទី ក្រោយព្រះរាជឱង្កា របស់ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែត ទី២ នៅតាមកញ្ចក់ទូរទស្សន៍ ក្នុងយប់ថ្ងៃអាទិត្យនេះ ដែលត្រូវបានចាត់ទុកថា ជាឱកាសដ៏កម្រ និងជាប្រវត្តិសាស្ត្រ។
សេចក្តីប្រកាសព័ត៌មាន របស់វិមាន «Downing Street» បានឲ្យដឹងថា ការសម្រេចចូលសម្រាក ក្នុងមន្ទីរពេទ្យ ធ្វើឡើង តាមយោបល់ នៃវេជ្ជបណ្ឌិតផ្ទាល់របស់លោក។ លោកនាយករដ្ឋមន្ត្រី នឹងត្រូវឆ្លងកាត់ ការធ្វើតេស្តិ៍បន្ថែមផ្សេងទៀត។
កាលពីថ្ងៃសុក្រ លោក ចនសុន ដែលមានអាយុ ៥៥ឆ្នាំ បានបញ្ចេញមុខមួយភ្លែត តាមរយៈវីដេអូមួយ នៅលើទំព័រទ្វីសធើររបស់លោក។ លោកបញ្ជាក់ថា លោកកំពុងដាក់ខ្លួន នៅដោយឡែក ក្នុងវិមានរដ្ឋាភិបាល ដោយសារលោក នៅមានអាការៈរោគគ្រុនក្ដៅខ្លាំង ជាបន្តនៅឡើយ។
សេចក្តីប្រកាសព័ត៌មាន បានបន្តថា នាយករដ្ឋមន្ត្រីអង់គ្លេស មិនបានចូលសម្រាក ក្នុងមន្ទីរពេទ្យ ជាលក្ខណៈបន្ទាន់នោះទេ ហើយថាលោក នៅតែបន្តដឹកនាំរដ្ឋាភិបាល និងមានទំនាក់ទំនង ជាមួយបណ្ដារដ្ឋមន្ត្រី ឬបណ្ដាមន្ត្រីផ្លូវការដទៃទៀត។
ភរិយាលោក ចនសុន ដែលកំពុងមានផ្ទៃពោះ មិនបាននៅជាមួយស្វាមីអ្នកស្រីទេ ក្នុងអំឡុងពេល នៃការដាក់ខ្លួនដោយឡែកនោះ។
រដ្ឋមន្ត្រីសុខាភិបាល លោក «Matt Hancock» ក៏ត្រូវបានរកឃើញ ថាមានផ្ទុកមេរោគ«Covid-19»ដែរ តែលោកបានជាសះស្បើយឡើងវិញ យ៉ាងឆាប់រហ័ស។
ក្នុងករណីអវត្តមាន ឬបាត់បង់លទ្ធភាព នៃនាយករដ្ឋមន្ត្រី គឺរដ្ឋមន្ត្រីការបរទេស លោក «Dominic Raab» ដែលត្រូវបានជ្រើសតាំងជាមុន ឲ្យឡើងធ្វើជា នាយករដ្ឋមន្ត្រីស្ដីទី។ លោក «Dominic Raab» អាចនឹងត្រូវ ដឹកនាំកិច្ចប្រជុំ ដើម្បីដោះស្រាយវិបត្តិ ចាប់ពីថ្ងៃចន្ទនេះទៅ៕