ពិភពលោក

Covid-19៖ មហាក្សត្រីយ៉ានី​អង់គ្លេស​មាន​បន្ទូល​ថា «យើងនឹងឈ្នះ»

«យើងនឹងឈ្នះ» ជាព្រះរាជឱង្កា របស់ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែត ទី២ (Elizabeth II) ដើម្បីផ្ដល់កម្លាំងចិត្ត ទៅដល់បណ្ដាជនអង់គ្លេស និងពិភព «CommonWealth» ដើម្បីប្រយុទ្ធទល់នឹងជំងឺ «Covid-19» ដែលព្រះអង្គចាត់ទុកថា ជា«វិញ្ញាសារមួយ» ដែលមនុស្សជាតិ​កំពុងឆ្លងកាត់ នាពេលនេះ។

ជាព្រះរាជឱង្កា តាមកញ្ចក់ទូរទស្សន៍ ក្នុងយប់ថ្ងៃអាទិត្យនេះ ដែលត្រូវបានចាត់ទុកថា ជាឱកាសដ៏កម្រ និងជាប្រវត្តិសាស្ត្រ ហើយក៏ជាលើកដំបូងបង្អស់ដែរ រាប់ចាប់ពីការរាតត្បាត នៃជំងឺដ៏ឧត្បាត បានយាយីពិភពលោក នៅដើមឆ្នាំនេះមក។ ប៉ុន្តែ ព្រះរាជឱង្ការបស់ទ្រង់ ក៏បានឆ្លុះបញ្ចាំងផងដែរ អំពីសភាពធ្ងន់ធ្ងរ នៃការរាតត្បាត ដែលកំពុងបង្កើនល្បឿន នៅចក្រភពអង់គ្លេស

នៅក្នុងរាជបន្ទូលនោះ ព្រះអង្គបានលើកទឹកចិត្តបណ្ដាជន ឲ្យប្រកាន់ខ្ជាប់ នូវ«ក្រឹត្យក្រមអនាម័យផ្ទាល់ខ្លួន» និង«ការប្ដេជ្ញាចិត្ត» ដើម្បីប្រឈមមុខ ទល់នឹងមេរោគដ៏ចង្រៃ។ ព្រះមហាក្សត្រីយ៉ានី មានបន្ទូលថា៖

«ខ្ញុំសង្ឃឹមថា នៅក្នុងឆ្នាំខាងមុខ អ្នកទាំងអស់នឹងមានមោទនភាព ចំពោះដំណោះស្រាយ ដែលយើងបានធ្វើ ចេញពីវិញ្ញាសារមួយនេះ […] ហើយក្មេងជំនាន់ក្រោយ នឹងនិយាយថា ពលរដ្ឋអង់គ្លេស នៅក្នុងសម័យកាលនេះ ខ្លាំងក្លាដូចអ្នកដទៃដែរ។»

ព្រះរាជសង្កថានេះ ត្រូវបានថតទុករួចជាស្រេច ពីប្រាសាទ «Windsor» ស្ថិតនៅភាគខាងលិច នៃរាជធានី ឡុងដ៍ រាជដំណាក់ ដែលព្រះអង្គ និងព្រះស្វាមីបានទៅគង់នៅ តាំងពីថ្ងៃទី ១៩ ខែមីនាកន្លងទៅ។

ព្រះអង្គបានមានបន្ទូល សម្រាប់ក្រុមគ្រូពេទ្យទាំងឡាយថា៖

«ខ្ញុំច្បាស់ណាស់ថា ប្រជាជាតិទាំងមូល ក៏ដូចជារូបខ្ញុំដែរ ដើម្បីបញ្ជាក់អំពីអ្វី ដែលពួកអ្នកកំពុងធ្វើ គឺពិតជាឧត្ដុងឧត្ដមណាស់ ហើយរាល់ការងារបស់អ្នក ជារៀងរាល់នាទី នឹងផ្ដល់មកយើង នូវការវិលត្រឡប់ ទៅភាពសុខសាន្ដ ដូចធម្មតាវិញ។»

មកដល់នាទីនេះ ចក្រភពអង់គ្លេស បានរកឃើញករណីឆ្លងជំងឺ «Covid-19» កើនឡើងដល់ ៤៨ ៤៣៦នាក់ ក្នុងនោះអ្នកជំងឺ​ ៤ ៩៤៣នាក់បានស្លាប់។ ព្រះមហាក្សត្រីយ៉ានី បន្តព្រះសុវណ្ណីទៀតថា៖

«យើងនឹងឈ្នះ ! ហើយជ័យជំនះនេះ គឹជាជ័យជំនះរបស់ពួកយើង គ្រប់ៗគ្នា។ យើងត្រូវពង្រឹងជំហរទាំងអស់គ្នាថា បើទោះជាយើងត្រូវប្រឈម ទល់នឹងវិបត្តិនេះយូរប៉ុណ្ណា តែថ្ងៃដែលប្រសើរបំផុត ក៏នឹងមកដល់ដែរ នោះគឺយើងនឹងរស់នៅជាថ្មី ជាមួយមិត្តភ័ក្ររបស់យើង ជាមួយគ្រួសាររបស់យើង ! យើងនឹងជួបគ្នាជាថ្មី៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។