លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស ដែលបានចូលសម្រាក ក្នុងមន្ទីរពេទ្យ កាលពីយប់ថ្ងៃអាទិត្យ ត្រូវបានផ្ទេរទៅ«សង្គ្រោះបន្ទាន់» ក្នុងរសៀលថ្ងៃចន្ទនេះ។
គួរគូសបញ្ជាក់ដែរថា ក្នុងប្រព័ន្ធព្យាបាល នៅតាមមន្ទីរពេទ្យនានា នៅអ៊ឺរ៉ុបខាងលិច ការសង្គ្រោះបន្ទាន់ ឬការសង្គ្រោះក្នុងកម្រិតខ្ពស់ (Soins Intensifs) មិនមានន័យថា អ្នកជំងឺចាំបាច់ ត្រូវមានសភាពក្បែរស្លាប់ ឬព្យាបាលមិនជា នោះឡើយ។
លោក ចនសុន ត្រូវបានរកឃើញ ថាបានឆ្លងជំងឺ «Covid-19» តាំងពី១០ថ្ងៃមុន តែលោកបានដាក់ខ្លួន ព្យាបាលដោយឡែក នៅក្នុងវិមានរដ្ឋាភិបាល «Downing Street» រហូតលុះត្រាវេជ្ជបណ្ឌិតផ្ទាល់ខ្លួន របស់លោក ផ្ដល់យោបល់ឲ្យលោកត្រូវចូលខ្លួន ទៅសម្រាកនៅមន្ទីរពេទ្យ ក្នុងយប់ថ្ងៃអាទិត្យ។
ទស្សនាវដ្ដី «Time» បានរាយការណ៍ថា លោក ចនសុន បានសម្រាកក្នុងមន្ទីរពេទ្យ «St Thomas’ Hospital» ដែលស្ថិតនៅកណ្ដាលរាជធានី ឡុងដ៍។ លោកត្រូវបានដាក់ឲ្យដកដង្ហើម ដោយមានជំនួយពីខ្យល់អុកស៊ីសែន បន្ទាប់ពីក្រុមគ្រូពេទ្យ បានពិនិត្យរោគសញ្ញា របស់លោក។
អ្នកនាំពាក្យរបស់លោក ចនសុន បានថ្លែងឲ្យដឹង ក្នុងល្ងាចនេះ តាមសេចក្ដីប្រកាសព័ត៌មានមួយថា៖
«ក្នុងរសៀលថ្ងៃចន្ទនេះ ស្ថានភាពសុខភាពរបស់លោក មានលក្ខណៈកាន់តែខ្សោយ ហើយដោយស្របតាមយោបល់ របស់ក្រុមគ្រូពេទ្យ លោកត្រូវបានផ្ទេរ ទៅកាន់ប្លុកសង្គ្រោះ ក្នុងកម្រិតខ្ពស់ របស់មន្ទីរពេទ្យ។»
«លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្ត្រីការបរទេស លោក “Dominic Raab” ធ្វើកិច្ចការជំនួសលោក ក្នុងពេលនេះ ដែលជាការចាំបាច់បំផុត។»
ការបញ្ជូនលោក បូរីស ចនសុន ឲ្យចូល«សង្គ្រោះបន្ទាន់» បានធ្វើឡើងមួយថ្ងៃ ក្រោយព្រះរាជឱង្កា របស់ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែត ទី២ នៅតាមកញ្ចក់ទូរទស្សន៍ ក្នុងយប់ថ្ងៃអាទិត្យនេះ ដែលត្រូវបានចាត់ទុកថា ជាឱកាសដ៏កម្រ និងជាប្រវត្តិសាស្ត្រ។
មកដល់នាទីនេះ ចក្រភពអង់គ្លេស បានរកឃើញករណីឆ្លងជំងឺ «Covid-19» កើនឡើងដល់ ៥២ ២៧៤នាក់ ក្នុងនោះអ្នកជំងឺ ៥ ៣៨៣នាក់បានស្លាប់៕