ពិភពលោក

Covid-19៖ ការដាក់​ខ្លួន​សំងំ​ក្នុង​ផ្ទះ សង្គ្រោះ​ជីវិត​ជិត៦ម៉ឺន​នាក់ នៅ​អ៊ឺរ៉ុប

ការដាក់​ខ្លួន​សំងំ​ក្នុង​ផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ«កូរូណា» ឬ«Covid-19» បានជួយសង្គ្រោះជីវិត ប្រមាណជា ៥៩ ០០០នាក់ នៅក្នុងប្រទេសចំនួន១១ នៃទ្វីបអ៊ឺរ៉ុប។ នេះ បើតាមការសិក្សាមួយ របស់អ្នកស្រាវជ្រាវមួយក្រុម នៃចក្រភពអង់គ្លេស។

បណ្ដាអ្នកវិទ្យាសាស្ត្រ របស់សាកលវិទ្យាល័យ «Imperial College» (រាជធានីឡុងដ៍) ដែលមានជំនាញ ខាងវេជ្ជសាស្ត្រ បានឱ្យដឹងថា៖

«ជាមួយវិធានការ ដែលត្រូវបានដាក់ឱ្យអនុវត្ត ក្នុងអំឡុង​ចុងខែមីនា កន្លងមក យើងបានគណនាឃើញថា វិធានការនេះ បានបញ្ចៀសឲ្យមានមនុស្សស្លាប់ ប្រមាណជា៥៩ ០០០នាក់ នៅក្នុងប្រទេសចំនួន១១ (ក្នុងទ្វីបអ៊ឺរ៉ុប)។»

ក្រុមអ្នកស្រាវជ្រាវទាំងនោះ ដែលមានជំនាញខាងជំងឺឆ្លង និងខាងគណិតសាស្ត្រ បានធ្វើការប៉ាន់ប្រមាណ ចេញជាតួលេខខាងលើ ដោយពិនិត្យមើល តាមការរាតត្បាត នៃមេរោគ​«SARS-CoV-2» ក្នុងពេលកន្លងមក និងវិធានការទាំងឡាយ ដើម្បីទប់ស្កាត់ មេរោគនេះ នៅពេលនោះ។

វិធានការរបស់បណ្ដាប្រទេស នៅអ៊ឺរ៉ុប ដែលក្រុមអ្នកវិទ្យាសាស្ត្រ ប្រើជាចលករ ក្នុងការគណនានោះ មានដូចជា ការដាក់អ្នកជំងឺ ឲ្យនៅដាច់ដោយឡែក – ការបិទសាលា សាកលវិទ្យាល័យ – ការហាមឃាត់រាល់ការជួបជុំ – ការបង្កើតគម្លាតសុវត្ថិភាព រវាងមនុស្សនិងមនុស្ស នៅខាងក្រៅ និងការដាក់ពលរដ្ឋ​ទាំងអស់ ឲ្យសំងំនៅតែក្នុងផ្ទះ ជាដើម។

អ្នកស្រាវជ្រាវទាំងនេះបានប៉ាន់ប្រមាណថា ប្រទេសអ៊ីតាលី ដែលរងគ្រោះខ្លាំងជាងគេ នឹងមេរោគ «Covid-19» បានសង្គ្រោះជីវិតមនុស្ស ៣៨ ០០០នាក់ បន្ទាប់ពីប្រទេសនេះ បានរឹតបន្តឹងការ«បិទប្រទេស» តាំងពីច្រើនសប្ដាហ៍មកនោះ។

បន្ទាប់មក គឺប្រទេសអេស្ប៉ាញ ដែលបានសង្គ្រោះជីវិតមនុស្ស មិនឲ្យស្លាប់ ចំនួន ១៦ ០០០នាក់ ដោយសារវិធានការដ៏តឹងរឹង របស់ប្រទេសនេះដែរ។ ខាងក្រោមនេះ ជាតួលេខនៃប្រទេសទាំង៩ទៀត ដែលបានចាត់ចំណាត់ការ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺដ៏ចង្រៃ៖

(៣) បារាំង ២៥០០នាក់ (៤) ប៊ែលហ្សិក ៥៦០នាក់ (៥) អាល្លឺម៉ង់ ៥៥០ (៦) អង់គ្លេស ៣៧០នាក់ (៧) ស្វីស ៣៤០នាក់ (៨) អូទ្រីស ១៤០នាក់ (៩) ស៊ុយអែដ ៨២នាក់ (១០) ដាណឺម៉ាក ៦៩នាក់ និង(១១) ណ័រវេស ១០នាក់។

ក្រុមអ្នកស្រាវជ្រាវ បានអះអាងទៀតថា ចំនួនមនុស្សច្រើនម៉ឺននាក់ អាចនឹងចៀសផុត ពីសេចក្ដីស្លាប់ ជាបន្តទៀត ប្រសិនជាវិធានការទាំងអស់ខាងលើ ជាពិសេស«ការដាក់​ខ្លួន​សំងំ​ក្នុង​ផ្ទះ» នៅតែត្រូវបានបន្តធ្វើ រហូតលុះត្រាការរាតត្បាត បានធ្លាក់ចុះ ដល់កម្រិតទាបបំផុត៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។