ពិភពលោក

នៅនីហ្សេរីយ៉ា សណ្ឋាគារ​ដែល​មិនស្ដាប់​បម្រាម នឹងត្រូវ​«ឈូសកម្ទេច»​

មកដល់ថ្ងៃនេះ សណ្ឋាគារចំនួនពីរហើយ ត្រូវបាន«ឈូសកម្ទេច» ដោយប៊ូលដូស័រ (bulldozer) នៅក្នុងភាគខាងត្បូង នៃប្រទេសនីហ្សេរីយ៉ា (ខាងលិចទ្វីបអាហ្វ្រិក) បន្ទាប់ពីរដ្ឋាភិបាល​នៃប្រទេស​នេះ បានដាក់បម្រាម បិទប្រទេស កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន ក្រោមមូលហេតុ ប្រយុទ្ធនឹងការរាត្បាត នៃជំងឺ«Covid-19»។

សណ្ឋាគារទាំងពីរ មានឈ្មោះ «Edemete Hotel» និង «Prodest Home»។ ម្ចាស់​សណ្ឋាគារ​ទាំងពីរនោះ ត្រូវបានចាប់ខ្លួន និងបានរង​ការចោទប្រកាន់ថា មិនគោរព​ដល់បម្រាម និងដល់​លក្ខខណ្ឌ​អនាម័យ។

ប៉ុន្តែម្ចាស់សណ្ឋាគារ «Prodest Home» បានអះអាងថា គ្រឹះស្ថានរបស់លោក បានបិទទ្វា​តាំងពីច្រើនសប្ដាហ៍ហើយ និងបានចោទប្រកាន់ តបទៅអាជ្ញាធរវិញ ថាមានបំណង ចង់​ជម្រិតយកប្រាក់ ពីលោក។ លោក «Gogorobari Promise Needam» ត្រូវបាន​ស្រង់សំដី មកផ្សាយថា៖

«សណ្ឋាគារបានបិទទ្វាហើយ ហើយបុគ្គលិក៧០% ក៏ត្រូវបានដាក់ ឲ្យឈប់សម្រាកដែរ។ នៅសល់​តែបុគ្គលិក ៣នាក់ប៉ុណ្ណោះ ដែលនៅយាមសណ្ឋាគារ។»

លោកបន្តថា មានមន្ត្រីអាជ្ញាធរ នៅក្នុងតំបន់ បានធ្វើដំណើរ មកជួបបុគ្គលិកទាំងនោះ រួចធ្វើការទារប្រាក់ ពីពួកគេ មុននឹងធ្វើការ«ឈូសកម្ទេច»។ ថៅកែរូបនោះ និយាយថា៖

«មន្ត្រីទាំងនោះ បានទារលុយក្រោមតុ ដោយនិយាយថា ពួកគេនឹងទុកឲ្យយើងធ្វើការបន្ត បើយើងឲ្យលុយ ទៅពួកគេ។ តែយើងបានឆ្លើយថា សណ្ឋាគារបានបិទទ្វា ហើយយើងគ្មានប្រាក់ ឲ្យពួកគេទេ។»

អាជ្ញាធរតំបន់ នៃរដ្ឋ«Rivers» បានច្រានចោល ការចោទប្រកាន់ខាងលើនេះ ដោយហៅ ការអះអាង របស់ម្ចាស់សណ្ឋាគារ ថាជាការបំផ្លើស។

នៅក្នុងរដ្ឋភាគខាងត្បូងមួយនេះ មនុស្សពីរនាក់ បានស្លាប់ ដោយសារជំងឺ«Covid-19» ក្នុងចំណោមករណីឆ្លង ១៥នាក់ រាប់តាំងពីការរាតត្បាត បានចាបផ្ដើមដំបូងមក។ អភិបាលរដ្ឋ លោក «Nyesom Wike » បានបញ្ជាក់ថា អ្នកជំងឺទាំងអស់ ត្រូវបានឲ្យ​សម្រាក​ព្យាបាល នៅក្នុង​សណ្ឋាគារនានា ដែលស្ថិតក្នុងរដ្ឋ តែលោកមិនបានបន្ថែមថា សណ្ឋាគារ​​ទាំងពីរ​​ខាងលើ បានទទួលអ្នកជំងឺដែរ ឬយ៉ាងណាទេ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។