ពិភពលោក

Covid-19 ៖ ក្រិច​ដាក់​បម្រាម​ឲ្យពលរដ្ឋ​នៅតែ​ក្នុង​ផ្ទះ នៅ​ថ្ងៃ​ចន្ទ​នេះ

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេសក្រិចបានអនុវត្តបម្រាម ដាក់ពលរដ្ឋនៅទូទាំងប្រទេស ឲ្យនៅតែក្នុងផ្ទះ ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃមេរោគ«កូរូណា» ឬ«Covid-19» និងតាមការសម្រេច របស់រដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី «Kyriakos Mitsotakis»។ 

រូបភាពដែលផ្សាយ នៅតាមកញ្ចក់ទូរទស្សន៍ បានបង្ហាញថា រដ្ឋធានី អាតែន ទាំងមូលបានក្លាយជាស្ងប់ស្ងាត់ ដោយគ្មានមនុស្សម្នាដើរទៅមក ឬចរាចរណ៍យានយន្ដ នៅតាមដងផ្លូវនានា ដូចសព្វដងទេ។

នៅមុនថ្ងៃត្រង់បន្តិច ទីលាន«Syntagma» ដែលស្ថិតនៅខាងមុខ អាគាររដ្ឋសភាក្រិច ត្រូវបានក្រុមភ្នាក់ងារ របស់សាលារដ្ឋធានី បាញ់ថ្នាំលាងសម្អាត និងសម្លាប់មេរោគ។ ភ្នាក់ងារទាំងនោះ ស្លៀកពាក់ពណ៌ស ដាក់ម៉ាស់បិទមុខ និងពាក់ស្រោមដៃ។ 

កាលពីយប់ថ្ងៃអាទិត្យ ម្សិលម៉ិញ លោកនាយករដ្ឋមន្ត្រី «Kyriakos Mitsotakis» បានថ្លែងតាមកញ្ចក់ទូរទស្សន៍ ពីបម្រាមដ៏ម៉ឺងម៉ាត់មួយចំនួន ដើម្បីរំដោះប្រទេស ពីការរាតត្បាត នៃមេរោគដ៏ឧបទ្រព។ លោកថា៖

«ចាប់ពីថ្ងៃចន្ទ ម៉ោង៦ព្រឹកនេះតទៅ អ្នកដែលអាចចេញក្រៅ ធ្វើដំណើរបាន គឺមានតែពលរដ្ឋដែលត្រូវទៅធ្វើការ ទៅពេទ្យ ឬទៅជួយជន ដែលត្រូវការជំនួយ – ពលរដ្ឋដែលទៅធនាគារ ទៅទិញម្ហូបចំណី ឬទិញថ្នាំពេទ្យ – ពលរដ្ឋដែលដឹកសត្វចិញ្ចឹម ចេញយកខ្យល់ ឬពលរដ្ឋដែលហាក់កីឡា តែម្នាក់ឯង ឬមានគ្នាពីរនាក់ច្រើនបំផុត ប៉ុណ្ណោះ។»

អ្នកដែលចាំបាច់ត្រូវធ្វើដំណើរ ក្នុងករណីទាំងប៉ុន្មានខាងលើ ត្រូវមានជាប់នឹងខ្លួន នូវលិខិតប្រកាស ពីមូលហេតុនៃការធ្វើដំណើរ ដែលគេអាចរកបាន នៅលើគេហទំព័ររបស់រដ្ឋាភិបាល។ បម្រាមទាំងនេះ ត្រូវអនុវត្តរហូតដល់ថ្ងៃទី៦ ខែមេសាខាងមុខ និងអាចត្រូវបន្ត ទៅថ្ងៃក្រោយទៀត ដោយត្រូវមើលតាមស្ថានការណ៍ជាក់ស្ដែង នៅក្នុងប្រទេស។

ផ្ទុយទៅវិញ សម្រាប់ពលរដ្ឋរូបណា ដែលល្មើស ឬចេញក្រៅគេហដ្ឋាន ដោយគ្មានលិខិតប្រកាស នឹងអាចត្រូវពិន័យ ក្នុងទឹកប្រាក់ ១៥០អ៊ឺរ៉ូ ប្រសិនជាពួកគេ ត្រូវត្រួតពិនិត្យ ដោយកងកម្លាំងនគរបាល។

មកដល់ម៉ោងនេះ ប្រទេសក្រិចមានករណីឆ្លងមេរោគ «Covid-19» ចំនួន ៦៩៥នាក់ ក្នុងនោះអ្នកជំងឺ ១៧នាក់ បានស្លាប់៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។