ពិភពលោក

ត្រាំ ហាម​ជន​អន្តោប្រវេសន៍ ចូលទឹកដី​អាមេរិក​ជា​បណ្ដោះអាសន្ន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីថ្ងៃចន្ទ ហាម​ជន​អន្តោប្រវេសន៍ ចូល​ទឹកដី​អាមេរិក ជាបណ្ដោះអាសន្ន ដើម្បីអ្វីមួយ ដែលលោកអះអាងថា ជាកិច្ចការពារ«ការងារ» របស់ពលរដ្ឋអាមេរិកាំង ដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយមេរោគ «Covid-19»។

លោក ដូណាល់ ត្រាំ បានប្រកាសដូច្នេះ នៅក្នុងការបង្ហោះសារមួយ នៅលើបណ្ដាញសង្គម ទ្វីសធើរ។ លោកសរសេរថា៖

«ដើម្បីឆ្លើយតប ទៅនឹងការវាយប្រហារ របស់សត្រូវបំបាំងកាយ និងនៅចំពោះភាពចាំបាច់ ដែលត្រូវការពារ ការងារបស់ពលរដ្ឋអាមេរិក ដ៏”ថ្លៃថ្លា”របស់យើង ខ្ញុំនឹងចុះហត្ថលេខា ចេញក្រឹត្យមួយរបស់ប្រធានាធិបតី ដើម្បីផ្អាកការចូលទឹកដីអាមេរិក នូវជនអន្តោប្រវេសន៍ ជាបណ្ដោះអាសន្ន។»

មកដល់ម៉ោងនេះ ជំងឺ«Covid-19»​ដែលលោក ត្រាំ ហៅថា ជា«សត្រូវបំបាំងកាយ» បានសម្លាប់បណ្ដាជនអាមេរិក ប្រមាណជាង៤ម៉ឺន៤ពាន់នាក់ហើយ ពីក្នុងចំណោមអ្នកជំងឺ ដែលបានឆ្លងជំងឺនេះ ប្រមាណជា ៨សែន២ម៉ឺននាក់។ វិបត្តិ«Covid-19» បានបណ្ដាលឲ្យសហរដ្ឋអាមេរិក ជួបនូវផលវិបាកសេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរ និងធ្វើបណ្ដាជនអាមេរិក ប្រមាណាជា២២លាននាក់ គ្មានការងារធ្វើ។

ប៉ុន្តែលោក ត្រាំ មិនបានបញ្ជាក់លំអិតបន្ថែម អំពីចំណាត់ការរបស់លោក ថាតើនឹងប្រព្រឹត្តិរបៀបណា និងមានរយៈពេលប៉ុន្មាននោះទេ។

កាលពីខែមករា លោកបានហាមឃាត់រាល់ការធ្វើដំណើរ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន បន្ទាប់ពីមេរោគដ៏ចង្រៃ បានចាប់ផ្ដើមរាតត្បាតខ្លាំង នៅក្រុងវូហាន ក្នុងខែធ្នូ។ បន្ទាប់មក នៅពាក់កណ្ដាលខែមីនា លោកបានបិទព្រំដែនដូចគ្នា ជាមួយបណ្ដាប្រទេសជាច្រើន នៅក្នុងទ្វីបអ៊ឺរ៉ុប។

លោកប្រធានាធិបតី ដែលជាបេក្ខជនប្រធានាធិបតី សម្រាប់អាណត្តិទីពីរ របស់លោក បានចេញធ្វើយុទ្ធនាការ​បោះឆ្នោតរួចហើយ កាលពីមុនការរាតត្បាត នៃជំងឺ«Covid-19» ដោយប្រកាសចេញ នូវគម្រោង​ជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយជនអន្តោប្រវេសន៍

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។