ពិភពលោក

រថយន្តមួយបង្កការផ្ទុះដ៏ខ្លាំងនៅកណ្ដាល គែរ (អេហ្ស៊ីព) ស្លាប់យ៉ាងតិច១៩នាក់

យ៉ាងហោចមនុស្ស១៩នាក់ បានស្លាប់ និងប្រមាណជា៣០នាក់ទៀត រងរបួស នៅក្នុងគ្រោះថ្នាក់រថយន្តមួយ ដែលបានបង្កការផ្ទុះដ៏ខ្លាំង និងអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ កណ្ដាលរដ្ឋធានី គែរ ប្រទេសអេហ្សីព ក្នុងយប់ថ្ងៃអាទិត្យ ចូលមកថ្ងៃចន្ទនេះ។

ព្រឹត្តិការណ៍បានកើតឡើង នៅខាងមុខវិទ្យាស្ថានជាតិស្រាវជ្រាវ ប្រឆាំងនឹងជម្ងឺមហារីក ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីអាគាររដ្ឋាភិបាលផ្សេងទៀត ដូចជាក្រសួងយុត្តិធម៌ អាគារខុទ្ទកាល័នាយករដ្ឋមន្ត្រី និងបណ្ដាស្ថានទូតបរទេសជាច្រើន។

រដ្ឋមន្ត្រីសុខាភិបាល អ្នកស្រី «Hala Zayed» បានឲ្យដឹងថា៖

«អ្នកជំងឺ និងបុគ្គលិក នៃវិទ្យាស្ថានទាំងអស់ មិនរងការប៉ះពាល់អ្វីទេ។»

ទីភ្នាក់ងារព័ត៌មានអ៊ីតាលី «ANSA» បានរាយការណ៍ថា រថយន្ដបង្ក បានបោះពួយពេញមួយទំហឹង ហើយបានបុករថយន្ដផ្សេងទៀត បណ្ដាលឲ្យកើតហេតុការណ៍ ដ៏អាណោចអាធមនេះឡើង។

សាក្សីផ្សេងទៀត ដែលត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សំដី បានឲ្យដឹងដែរថា ពួកគេបានឮសូរសម្លេងផ្ទុះដ៏ខ្លាំង មុននឹងអគ្គិភ័យបានឆេះសន្ធោះសន្ធៅ។

នៅក្រោយហេតុការណ៍ភ្លាមៗ ការិយាល័យអយ្យការ នៃប្រទេសអេហ្សីព បានប្រកាសបញ្ជូនមន្ត្រីជំនាញរបស់ខ្លួន ទៅកាន់ទីនោះ ដើម្បីស៊ើបអង្កេត និងស្រាវជ្រាវ ពីមូលហេតុនៃគ្រោះថ្នាក់ខាងលើ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។