ពិភពលោក

Covid-19៖ បូរីស ចនសុន ប្រកាសបិទ​ចក្រភព​​អង់គ្លេស សារជាថ្មី

ចក្រភពអង់គ្លេសទាំងមូល នឹងត្រូវបិទ«សារជាថ្មី»ទៀត ចាប់ពីថ្ងៃពុធទី៦ ខែមករា​ ឆ្នាំ២០២១ខាងមុខនេះតទៅ ដើម្បីទប់ស្កាត់​នឹងការឆ្លង​ជំងឺកូវីដ-១៩ (Covid-19) ជាពិសេស នៅចំពោះការរីករាលដាល នៃប្រភេទមរោគថ្មី របស់ជំងឺដ៏ចង្រៃមួយនេះ។

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងប្រកាសឡើងដូច្នេះ នៅតាមកញ្ចក់ទូរទស្សន៍ ក្នុងយប់ថ្ងៃចន្ទ ទី២ ខែមករានេះ ដោយអះអាងថា ការបិទប្រទេស សារជាថ្មី មានលក្ខណៈតឹងរ៉ឺង ដូចការបិទប្រទេស កាលពីអំឡុងរដូវផ្ការីក ប៉ុន្មានខែមុនដែរ។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការបិទប្រទេសលើកនេះ នឹងអាចមានរយៈពេល រហូតដល់ពាក់កណ្ដាលខែកុម្ភៈ ប្រសិនណាជាលក្ខខណ្ឌ​តម្រូវឲ្យធ្វើ។

បើតាមតួលេខ ផ្ដល់ដោយអាជ្ញាធរសុខាភិបាល បានឲ្យដឹងថា ពលរដ្ឋអង់គ្លេសប្រមាណជិត៨០% បានស្ថិតក្នុងបម្រាម ដ៏តឹងតែង​បំផុតរួចហើយ ខណៈប្រទេសអៀឡង់ខាងជើង និងប្រទេស«Wales» បានដាក់បម្រាមបិទប្រទេស ជាលើកទី៣ តាំងពីពេល​រួច​បុណ្យណូអែល​ភ្លាមៗ។

មុនការប្រកាសរបស់លោក ចនសុន ក្នុងថ្ងៃចន្ទដដែល ប្រទេសស្កុតឡែន ក៏បានប្រកាសដាក់​បម្រាមជាថ្មី ដោយធ្វើការ​បិទប្រទេស ដូចកាល​ពីបម្រាម ក្នុងខែមីនា ឆ្នាំ២០២០ដូច្នេះដែរ។ បម្រាម​របស់ប្រទេសស្កុតឡែន នឹងមានរយៈពេល រហូតពេញមួយខែមករានេះ៕

(*) ចក្រភពអង់គ្លេស រួមមានបួនប្រទេស៖ អង់គ្លេស អៀឡង់ខាងជើង ស្កុតឡែន និង «Wales»។

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។