ពិភពលោក

យន្ដហោះ«Boeing 737 MAX»នឹង«ហោះហើរ​ជាថ្មី»នៅអ៊ឺរ៉ុប

នៅសប្ដាហ៍ខាងមុខ ភ្នាក់ងារអ៊ឺរ៉ុបទទួលបន្ទុកសន្តិសុខ នៃការហោះហើរ ហៅកាត់ថា «EASA» នឹងអនុញ្ញាត​ឲ្យយន្ដហោះ «Boeing 737 MAX» ហោះហើរ​ជាថ្មី នៅក្នុងលំហរមេឃ នៃសហភាពអ៊ឺរ៉ុប បន្ទាប់ពីយន្ដហោះប្រភេទនេះ ត្រូវបានកែលំអររួចរាល់។ នេះ បើតាមការអះអាង របស់លោក «Patrick Ky» នាយកស្ថាប័នខាងលើ។

យន្ដហោះខាងលើ ត្រូវបានហាមឃាត់មិនឲ្យហោះ ងើបខ្លួនពីដី ចាប់ពីខែមីនា ឆ្នាំ២០១៩រហូតមក ក្រោយពី​ប្រព័ន្ធបញ្ជា​ការបើកបរ «MCAS» របស់យន្ដហោះ ត្រូវបានរកឃើញ ថាជាមូលហេតុ ដែលធ្វើឲ្យមាន​គ្រោះថ្នាក់​​ធ្លាក់យន្ដហោះ​ជាបន្តបន្ទាប់ និងស្លាប់មនុស្ស​ច្រើនរយនាក់។

គ្រោះថ្នាក់ដំបូង គឺនៅក្នុងខែតុលា ឆ្នាំ២០១៨ យន្ដហោះ«Boeing 737 MAX» ដែលភ្ជាប់ជើង​ហោះហើរលេខ «610» របស់ក្រុមហ៊ុន​​«Lion Air» នៃប្រទេស​ឥណ្ឌូនេស៊ី បានធ្លាក់បោកខ្លួន ​ក្នុងសមុទ្រជ្វា បណ្ដាលឲ្យមនុស្ស នៅក្នុងយន្ដហោះ ទាំង១៨៩នាក់ ស្លាប់ទាំងអស់។

គ្រោះថ្នាក់បន្ទាប់មក គឺនៅក្នុងខែមីនា ឆ្នាំ២០១៩ យន្ដហោះ​«Boeing 737 MAX» ដែលភ្ជាប់ជើងហោះហើរលេខ​ «302» របស់ក្រុមហ៊ុន ​«Ethiopian Airlines» នៃប្រទេសអេត្យូពីរ បានធ្លាក់​នៅក្បែរ​ព្រលានយន្ដហោះ នៃរដ្ឋធានី ​«Bole Medhanealem» បង្កឲ្យមនុស្ស​​នៅក្នុងយន្ដហោះ ទាំង១៥៧នាក់ ស្លាប់ទាំងអស់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយសមាគមសារព័ត៌មានអាកាសចរណ៍ របស់ប្រទេសអាល្លឺម៉ង លោក «Patrick Ky» បានឲ្យដឹងថា៖

«យើងគ្រោងនឹងចេញផ្សាយ សេចក្ដីសម្រេចឲ្យហោះហើរ នៅសប្ដាហ៍ខាងមុខ។ តាមការយល់ឃើញរបស់យើង យន្ដហោះ “Boeing 737 MAX” នឹងអាច ហោះហើរ​ជាថ្មី ចាប់ពីសប្ដាហ៍ក្រោយនេះ។»

លោក «Ky» បានបន្តអះអាងថា ស្ថាប័នរបស់លោកទទួលបាន នូវការបំពេញលក្ខខណ្ឌទាំងបួន ដែលត្រូវបានទាមទារ ក្នុងពេលកន្លងមក ជុំវិញការផ្លាស់ប្ដូរ និងការកែលំអ ទៅលើប្រព័ន្ធបញ្ជាការបើកបរ របស់យន្ដហោះ។

កាលពីខែវិច្ឆិកា​ ឆ្នាំកន្លងទៅ ភ្នាក់ងារអាកាសចរណ៍ស៊ីវិល របស់សហរដ្ឋអាមេរិក ហៅកាត់ថា «FAA» បានផ្ដល់ភ្លើងខៀវរួចហើយ ដើម្បីឲ្យ​យន្ដហោះខាងលើ បានហោះហើរឡើងវិញ។ បន្ទាប់មក អាជ្ញាធរអាកាសចរណ៍ របស់ប្រទេសប្រេស៊ីល ក៏បានចេញ​ការអនុញ្ញាតដូចគ្នា។ កាលពីដើមសប្ដាហ៍នេះ ប្រទេសកាណាដា​បានប្រកាសដែរថា យន្ដហោះ «Boeing 737 MAX» នឹងអាច​ហោះហើរជាថ្មី ចាប់ពីថ្ងៃពុធ ទី២០ ខែមករានេះតទៅ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។