អធិការបតីនៃប្រទេសអូទ្រីស លោក «Sebastian Kurz» ទើបនឹងត្រូវបានទម្លាក់ចេញពីតំណែង ដោយញត្តិបន្ទោសមួយ បោះឆ្នោតសម្រេចនិងអនុម័ត ដោយរដ្ឋសភាជាតិ។
ការទម្លាក់មេដឹកនាំរូបនេះចេញពីអំណាច ធ្វើឡើងកាលពីប៉ុន្មាននាទីមុន និង១០ថ្ងៃក្រោយការបែកធ្លាយរឿងអាស្រូវ «Ibizagate» នៃវីដេអូឯកជនមួយ ដែលបង្ហាញថា មេដឹកនាំបក្សស្ដាំនិយមជ្រុល (FPO – សម្ព័ន្ធភាពក្នុងរដ្ឋាភិបាល) បានសន្យាជាមួយមន្ត្រីរ៉ុស្ស៊ី ដោយផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់ប្រទេសរ៉ុស្ស៊ី។
ការបោះឆ្នោតទម្លាក់ ដែលមិនដែលធ្លាប់កើតមាន នៅក្នុងប្រវត្តិសាស្ត្រ នៃសាធារណរដ្ឋអូទ្រីស ទទួលបានការគាំទ្រ ដោយសម្លេងច្រើនលើសលប់ ពីសំណាក់សមាជិកសភា មកពីគណបក្សអ្នកសង្គមប្រជាធិបតេយ្យ «SPO» (និយមកណ្ដាល) និងពីសំណាក់គណបក្សស្ដាំនិយមជ្រុល «FPO»។
ហេតុការណ៍ថ្ងៃនេះ មានលក្ខណៈផ្ទុយទាំងស្រុង ពីលទ្ធផលនៃការស្ទង់មតិមួយ កាលពីសប្ដាហ៍មុន ដែលបង្ហាញថា ពលរដ្ឋអូទ្រីសភាគច្រើន ចង់ឲ្យលោក «Sebastian Kurz» អាយុ៣២ឆ្នាំ បន្តនៅក្នុងតំណែង។ លទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងសមាជិកសភាអ៊ឺរ៉ុប កាលពីថ្ងៃអាទិត្យម្សិលម៉ិញ ក៏បានផ្ដល់ទម្ងន់ និងសម្លេងភាគច្រើន ទៅឲ្យគណបក្សអភិរក្សនិយម (ប្រកាន់ស្ដាំ) របស់លោកដែរ។
មុនមកដល់ការបោះឆ្នោតទម្លាក់នេះ លោក «Sebastian Kurz» បានអះអាង ពីមហិច្ឆតារបស់លោក ដែលចង់បន្តនៅក្នុងតំណែង ដើម្បី«ថែរក្សាស្ថេរភាព»នយោបាយ រហូតដល់ការបោះឆ្នោត មុនអណត្តិមួយ ដែលនឹងត្រូវរៀបចំធ្វើ ក្នុងខែកញ្ញាខាងមុខ។ លោកបានចោទក្រុម អ្នកសង្គមប្រជាធិបតេយ្យ និងក្រុមអ្នកស្ដាំនិយមជ្រុល ថាបានរៀបចំជាសម្ព័ន្ធភាពមួយឡើង ដើម្បីផ្ដួលរំលំលោក។
ស្ថិតក្នុងស្ថានការណ៍នេះ ប្រធានាធិបតីនៃប្រទេសអូទ្រីស លោក «Alexander Van der Bellen» ត្រូវទទួលបន្ទុកតែងតាំងអធិការបតីថ្មី ដើម្បីបន្តដឹកនាំរដ្ឋាភិបាល«អន្តរកាល» រហូតដល់ការបោះឆ្នោត។ ប៉ុន្តែការតែងតាំងនោះ ចាំបាច់ត្រូវឆ្លងកាត់«ភ្លើងខៀវ» ពីរដ្ឋសភាជាមុនសិន៕