ពិភពលោក

ស្លាប់​យ៉ាងតិច​៦នាក់ នៅ​ក្នុង​គ្រោះថ្នាក់​រថភ្លើង​មួយ នៅ​ដាណាម៉ាក

យ៉ាងហោចណាស់ មនុស្ស៦នាក់ បានស្លាប់ និង១៦នាក់ផ្សេង បានរងរបួស នៅក្នុងគ្រោះថ្នាក់រថភ្លើងពីរខ្សែ ក្នុងព្រឹកថ្ងៃពុធនេះ ដែលរត់ឆ្លងកោះ នៃប្រទេស​ដាណឺម៉ាក។ នេះ បើតាមការប្រកាសឲ្យដឹង របស់ក្រុមហ៊ុនផ្លូវដែក របស់ប្រទេស ហៅកាត់ថា «DSB»។

អ្នកទទួលខុសត្រូវមួយរូប របស់ក្រុមហ៊ុនផ្លូវដែក «DSB» បានបញ្ជាក់ជាថ្មី ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» អះអាងដូ​ចគ្នា ពីចំនួនមនុស្សស្លាប់ ៦នាក់ខាងលើ។

បើតាមរបាយការណ៍ របស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ដំបូងរបស់រថភ្លើងដឹកទំនិញមួយខ្សែ ត្រូវបានរបើក ដោយសារខ្សល់កន្ត្រាក់ មុននឹងហោះ ទៅបុករថភ្លើងដឹកអ្នកដំណើរមួយខ្សែទៀត ដែលបើកបរក្នុងទិសដៅផ្ទុយ។ នគរបាលម្នាក់ ក៏បានថ្លែងបញ្ជាក់ពីករណីនេះដែរ តែមិនបាននិយាយលំអិត បន្ថែមទៀតទេ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ៧និង៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅខាងលើស្ពាន «Grand Belt» ដែលភ្ជាប់កោះ «Seeland» (ដែលមានរដ្ឋធានី កូផេនហាក) ទៅនឹងកោះ «Fionie»។

រថភ្លើងដឹកអ្នកដំណើរ មានមនុស្ស១៣១នាក់ ជិះនៅក្នុងនោះ រួមបន្ថែម​ទាំង​បុគ្គលិកបម្រើការ ៣នាក់ផង។

គ្រោះថ្នាក់ខាងលើ បានធ្វើឲ្យចរាចរណ៍ផ្លូវដែក នៅលើខ្សែរថភ្លើងនោះ ត្រូវផ្អាកទាំងស្រុង ខណៈចរាចរណ៍ផ្លូវថ្នល់វិញ មានដំណើរការធម្មតា នៅពេលនេះ បន្ទាប់ពីជួបភាពរអាក់រអួលអស់ជាច្រើនម៉ោង៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។