នៅក្នុងប្រទេសអាហ្វហ្គានីស្ដង់ ទាហានម្នាក់បាន«ចាក់សម្លាប់ប្អូនស្រី»របស់ខ្លួន បន្ទាប់ពីយុវតីរូបនោះ បានជំទាស់នឹងអាពាហ៍ពិពាហ៍ចាប់បង្ខំមួយ ដែលរៀបចំឡើង ដោយគ្រួសាររបស់នាង។
នគរបាលក្នុងស្រុក បានរាយការណ៍ពីហេតុការណ៍ ដ៏អកុសល ដោយហៅទង្វើនេះ ជា«ឧក្រិដ្ឋកម្ម ព្រោះកិត្តិយស»គ្រួសារ នៅអាហ្វហ្គានីស្ដង់ ដែលជាប្រទេស ដែលមានទំនៀមទម្លាប់ ឥស្លាមនិយម យ៉ាងតឹងតែង។
យុវតីរងគ្រោះ ដែលមានអាយុ១៨ឆ្នាំ បានស្លាប់ នៅក្នុងក្រុង «Baharak» នៃខេត្ត «Badakhshan» ដែលស្ថិតក្នុងភាគឦសាន នៃប្រទេស។
អ្នកនាំពាក្យនគរបាល ត្រូវបានទីភ្នាក់ងារ «AFP» ស្រង់សំដី មកអះអាងថា៖
«បន្ទាប់ពីបានប្រព្រឹត្តិហើយ បងប្រុសរបស់នាង បានគេចខ្លួន ចូលក្នុងតំបន់ ដែលគ្រប់គ្រង ដោយក្រុមតាលីបង់។ តែនគរបាល នៅតែបន្តស្វែងរក ចាប់ខ្លួនជនដៃដល់រូបនេះដដែល។»
សកម្មនារីការពាសិទ្ធិស្ត្រី អ្នកស្រី «Asifa Karimi» បានរៀបរាប់ ពីឧក្រិដ្ឋកម្មខាងលើថា យុវតីរងគ្រោះ មានបំណង ចង់រៀបការជាមួយបុរស ដែលនាងស្រឡាញ់។ អ្នកស្រីបន្តថា៖
«ដូច្នេះហើយ នាងបានបដិសេធ អាពាហ៍ពិពាហ៍ ដែលរៀបចំឡើង ដោយគ្រួសាររបស់នាង ហើយបានដើរចូល ទៅក្នុងប៉ុស្ដិ៍នគរបាល ដើម្បីទទួលបានការការពារ។ ផ្ទុយទៅវិញ កងកម្លាំងនគរបាល នៅទីនោះ បាននាំរូបនាង ត្រឡប់ទៅឲ្យគ្រួសារនាងវិញ។»
ស្ត្រីការពារសិទ្ធិស្ត្រីរូបនេះ បានបញ្ជាក់ថា បន្ទាប់ពីបាននាំ ទៅដល់ផ្ទះរួចហើយ បងប្រុសរបស់នាង ដែលជាទាហានមួយរូប បាន«ចាក់សម្លាប់ប្អូនស្រី»ខ្លួនឯង យ៉ាងសាហាវព្រៃផ្សៃ។
ក្រុមអ្នកនយោបាយប្រឆាំង បានបរិហារ ពីតួនាទីរបស់អាជ្ញាធរមូលដ្ឋាន នៅក្នុងឧក្រិដ្ឋកម្មមួយនេះ។ ពួកគេបានថ្លែងថា ប្រជាជនអាហ្វហ្គានីស្ដង់ភាគច្រើន រួមទាំងនគរបាល និងប្រព័ន្ធយុត្តិធម៌ផង នៅតែមានផ្នត់គំនិតថា «ឧក្រិដ្ឋកម្ម ដើម្បីកិត្តិយស» ជាមធ្យោបាយដ៏សមស្របមួយ ដើម្បីដាក់ពិន័យ ទៅលើសមាជិកគ្រួសារជាស្ត្រីរូបណា ដែលដើរចេញពីផ្ទះ។
នៅក្នុងរយៈពេល នៃការកាន់អំណាច ពីឆ្នាំ១៩៩៦ មកទល់នឹងឆ្នាំ ២០០១ ក្រុមតាលីបង់បានហាម ពលរដ្ឋជាស្ត្រី មិនឲ្យធ្វើការងារ ឬទៅសាលារៀនឡើយ។ ស្ត្រីរូបណា ដែលចាំបាច់ត្រូវចេញពីផ្ទះ ពួកគេត្រូវគ្របក្បាលឲ្យជិត ដោយកំណាត់។
ក្នុងឆ្នាំ២០១៩កន្លងមក គណៈកម្មាធិការសិទ្ធិមនុស្ស នៃប្រទេសអាហ្វហ្គានីស្ដង់ បានរាប់ឃើញករណី ប្រើហិង្សាលើស្ត្រី នៅលើផ្ទៃប្រទេស មានប្រមាណជាង ២៧០០ករណី ដែលកើនឡើង ប្រមាណជា៩% លើសឆ្នាំ២០១៨៕