ពិភពលោក

ត្រាំ ហៅ​អង្គការ​សុខភាព​ពិភពលោក ថាជា​«អាយ៉ង»​របស់​ចិន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)បានចោទអង្គការសុខភាព​ពិភពលោក (WHO / OMS) ថាជា«អាយ៉ង»របស់ចិន ដោយធ្វើការអះអាងជាថ្មី អំពីការរិះគន់របស់លោក ចំពោះការដឹកនាំ របស់អង្គការអន្តរជាតិមួយនេះ ក្នុងការដោះស្រាយ បញ្ហារាតត្បាត នៃជំងឺ«Covid-19»។

ពីសេតវិមាន លោក ដូណាល់ ត្រាំ បានលើកឡើងថា៖

«ខ្ញុំមិនសប្បាយចិត្តទេ ចំពោះអង្គការសុខភាពពិភពលោក។ អង្គការនេះ ជា”អាយ៉ង”​របស់ចិន។»

នៅចំពោះសំនួរ ទាក់ទងនឹងប្រាក់បដិភាគ របស់សហរដ្ឋអាមេរិក សម្រាប់អង្គការពិភពលោក​មួយនេះ ដែលលោកអះអាងថា នឹងផ្អាកជាបណ្ដោះអាសន្ន កាលពីខែមេសានោះ លោកប្រធានាធិបតី បានឆ្លើយថា៖

«យើងនឹងធ្វើការសម្រេចចិត្ត នៅក្នុងពេលខាងមុខ។»

ការប្រកាស អំពីគម្រោងផ្អាក ប្រាក់បដិភាគនោះ ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក បានចោទប្រទេសចិន បានលាក់បាំងការលេចចេញ នៃរោគរាតត្បាត និងបានមើលស្រាល ចំពោះភាពធ្ងន់ធ្ងរ នៃជំងឺនេះ។ ហើយលោក ត្រាំ បានសង្ស័យទៀតថា អង្គការសុខភាពពិភពលោក និងអគ្គនាយកនៃអង្គការនេះ ថាបានគាំទ្រ និងការពារយ៉ាងងងឹតងងល់ នូវចំណាត់ការទាំងឡាយ របស់ក្រុងប៉េកាំង នៅក្នុងវិបត្តិ«Covid-19»។

សម្រាប់លោក អង់តូនីញ៉ូ ហ្គូតេរេស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានធ្វើការថ្កោលទោស ដោយមិនចេញមុខ ចំពោះការសម្រេចចិត្តណា ដែលផ្អាកប្រាក់បដិភាគ សម្រាប់អង្គការសុខភាពពិភពលោក។

នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ របស់«WHO» ដែលបានធ្វើឡើង ក្នុងថ្ងៃចន្ទនេះ លោក ហ្គូតេរេស បានអះអាងថា៖

«មិនមានអ្វី អាចមកជំនួស អង្គការសុខភាពពិភពលោក បានទេ។ អង្គការនេះ ត្រូវការធនធានបន្ថែមទៀត ជាពិសេសដើម្បីជួយ ទៅដល់ប្រទេស ដែលកំពុងអភិវឌ្ឍន៍។»

នៅក្នុងសន្និបាតដដែលនេះ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក ដែលមានវត្តមានដែរនោះ បានលើកឡើងថា «បរាជ័យ»របស់ «WHO» នៅចំពោះការរាតត្បាត នៃជំងឺ«Covid-19» បានបណ្ដាលឲ្យមានមនុស្សស្លាប់ រាប់ម៉ឺនសែននាក់។ លោកបានទាមទារ ឲ្យអង្គការនេះ ត្រូវមានតម្លាភាព និងត្រូវ«ទទួលស្គាល់» ពីលទ្ធផលរបស់ខ្លួន ឲ្យបានច្រើនជាងមុន៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។