ពិភពលោក

សង្គ្រាមនៅ​អ៊ុយក្រែន៖ កុមារអាយុ១១ឆ្នាំ ភៀសខ្លួន​ឆ្លងប្រទេស​តែម្នាក់ឯង

កុមារអាយុ១១ឆ្នាំ បានធ្វើដំណើរតែម្នាក់ឯង ដើម្បីភៀសខ្លួន ចេញពីសង្គ្រាមឈ្លានពាន បង្កឡើងដោយប្រទេសរ៉ុស្ស៊ី។ កុមារ បានចាកចេញពីលំនៅដ្ឋានខ្លួន ដែលស្ថិតក្នុងក្រុង«Zaporijjia» ភាគខាងកើតអ៊ុយក្រែន និងធ្វើដំណើរឆ្លងព្រំដែនអ៊ុយក្រែន-ស្លូវ៉ាគី (ភាគខាងលិច) ដោយមាននឹងខ្លួនត្រឹមតែសម្ពាយមួយ លិខិតឆ្លងដែន​របស់កុមារ និងលេខទូរស័ព្ទកត់នៅលើខ្នងដៃ​របស់ខ្លួន​ប៉ុណ្ណោះ។ 

នគរបាលរបស់ប្រទេសស្លូវ៉ាគី បានអះអាងថា កុមារបានឆ្លងចូលក្នុងប្រទេសស្លូវ៉ាគី តែម្នាក់ឯង ក្រោមហេតុផលថា ម្ដាយរបស់កុមារ ត្រូវមើលថៃទាំជីដូនពិការ មិនអាចដឹកដៃកូនប្រុស ធ្វើដំណើរភៀសសង្គ្រាមបាន។ កុមារាដ៏ក្លាហាន ត្រូវបានក្រុមអ្នកស្ម័គ្រចិត្ត ទទួលយកទៅឲ្យបាយទឹក មុននឹងប្រគល់ឲ្យសាច់ញាតិ ដែលកំពុងរស់នៅក្នុងរដ្ឋធានី «Bratislava» នៃប្រទេសស្លូវ៉ាគី។

ស្ត្រីជាម្ដាយ ដែលគេស្គាល់ឈ្មោះ «Yulia Pisetskaya» បានថ្លែងនៅក្នុងវីដេអូមួយ ដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីថ្លែងអំណរគុណ ដល់ប្រទេសស្លូវ៉ាគី និងនិយាយថា អ្នកស្រីបានដាក់កូនប្រុសរបស់ខ្លួន ឲ្យជិះក្នុងរថភ្លើងតែម្នាក់ឯង ដើម្បីធ្វើដំណើរទៅកាន់ព្រំដែន ភាគខាងលិច។

អ្នកស្រីថា៖

«ខ្ញុំសូមថ្លែងអំណរគុណ ដល់អ្នករាល់គ្នា ដែលបានសង្គ្រោះជីវិតកូនប្រុសរបស់ខ្ញុំ។ ប្រទេស[ស្លូវ៉ាគី]របស់​អ្នករាល់គ្នាតូចមែន តែប្រទេសរបស់អ្នកមានអ្នកមានបេះដូងធំ។» 

នគរបាលស្លូវ៉ាគីបានបញ្ជាក់បន្ថែមថា កុមារខាងលើទទួលបានការកោតសសើរ និងការស្រឡាញ់រាប់អាន ពីបណ្ដាជនគ្រប់រូប​ដែលបានជួបកុមារ ព្រោះកុមារមានស្នាមញញឹម សេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដ៏អស្ចារ្យ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។