កម្ពុជា

វិមាន​ឈ្នះឈ្នះ​ចាយ​ប្រាក់​សាលារាជធានី​អស់​១២លាន​ដុល្លារ និង​នៅ​មាន​ចំណាយ​ផ្សេងទៀត

សាលារាជធានីភ្នំពេញ បានចំណាយប្រាក់អស់ ១២លានដុល្លារ ក្នុងការសាងសង់វិមានឈ្នះ-ឈ្នះ។ នេះ បើតាមការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធស្ដូបចងចាំនេះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ។

តែការចំណាយនេះ គ្រាន់តែជាតួលេខ ក្នុងជំហានដំបូងប៉ុណ្ណោះ ខណៈលោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ​ បានអះអាងថា ការចំណាយទៅលើការសំណង់ខាងលើ​ មិនទាន់ត្រូវបានបូកសរុប នៅឡើយទេ។ លោក ទៀ បាញ់ បានថ្លែងស្នើសុំថវិកាបន្ថែមទៀត ពីលោក ហ៊ុន សែន ដើម្បីយកមកបង្ហើយ ការសាងសង់មួយចំនួនទៀត នៅជុំវិញវិមានខាងលើ។

ស្ដូបចងចាំ ឬហៅថា វិមានឈ្នះ-ឈ្នះ​ ត្រូវបានសាងសង់ ឡើងនៅលើផ្ទៃដីទំហំ ៨ហិកតា មានកម្ពស់ ៥៤ម៉ែត្រ និងទទឹង ៣៦ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ចំពីមុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់។

ក្រៅពីការចំណាយរបស់សាលារាជធានី លោក ហ៊ុន សែន នៅបានបង្ហើបទៀតថា នៅមានថវការខ្លះទៀត ត្រូវបានជួយឧបត្ថម្ភ ដោយលោកឧកញ៉ាមហាសេដ្ឋី លី យ៉ុងផាត់៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។