ក្រៅពីសំណុំរឿង ដែលជាប់ពាក់ព័ន្ធជាមួយនយោបាយ មានសំនុំរឿងជាច្រើនផ្សេងទៀត ដែលពលរដ្ឋតែងបង្ហាញ ភាពភ័យខ្លាច«ញាក់សាច់» របស់ផងខ្លួន នៅចំពោះដីកាកោះរបស់តុលាការកម្ពុជា បើទោះជាដីកានោះ ហៅសាមីខ្លួនឲ្យចូលខ្លួន ត្រឹមតែដើម្បីការបំភ្លឺ ឬធ្វើជាសាក្សីក្ដី។
ហេតុអ្វី? លោកមេធាវី សុក សំអឿន មកពីការិយាល័យមេធាវី «អមរិន្ធ» បានពន្យល់ពីករណីនេះ នៅលើបណ្ដាញសង្គម ដោយលើកពីហេតុផលមួយចំនួន ដូចជាការស្នើសុំ ឲ្យមានឃុំខ្លួន«ជាស្វ័យប្រវត្តិ» ពីសំណាក់ស្ថាប័នអយ្យការ និងកង្វះច្បាប់ ដែលត្រូវចែងច្បាស់លាស់ ស្ដីពីការឃុំខ្លួនជាបណ្ដោះអាសន្ន និងការធានាឲ្យនៅក្រៅឃុំ។ ហើយដើម្បី ជាទីពឹងរបស់ពលរដ្ឋ គឺមានតែស្ថាប័នរដ្ឋសភា ដែលតំណាងឲ្យរាស្ត្រប៉ុណ្ណោះ ដែលត្រូវត្រួតពិនិត្យបញ្ហានេះ ឡើងវិញ។
លោក សំអឿន បានអះអាងពីការសង្កេតរបស់លោក នាពេលសព្វថ្ងៃដូច្នេះថា៖
«ឲ្យតែមានបណ្តឹងព្រហ្មទណ្ឌ ហើយប្រសិនបើបញ្ជូនទៅស៊ើបសួរ ដឹងតែអយ្យការស្នើឲ្យឃុំខ្លួន ហើយចៅក្រមស៊ើបសួរ ក៏ត្រូវតែឃុំខ្លួន ដោយសំអាងថាអយ្យការទេ ស្នើសុំ មិនមែនគាត់ចង់ឃុំទេ។»
លោកបន្តថា៖
«បើតែអញ្ចឹង រាស្រ្តណាមិនខ្លាចចៅក្រម រាស្រ្តណាមិនញាក់សាច់ ពេលដឹងថាចៅក្រមហៅខ្លួន។ គួរតែពិនិត្យមើលច្បាប់សិន ទេដឹង? ក្នុងរដ្ឋ ដែលមានតុលាការមិនសូវគិត ពីសេរីភាពរាស្រ្តអញ្ចឹង មានតែរំពឹងលើអង្គនិតិបញ្ញតិ្ត ដែលប្រមូលផ្តុំ ដោយតំណាងរបស់រាស្រ្តនោះទេ ដែលអាចពិនិត្យច្បាប់ និងកែ-សសេរច្បាប់ឲ្យបានច្បាស់ ដើម្បីជាទីពឹងរបស់រាស្រ្តផង!»
លោកមេធាវី បានចោទសួរថា បើមានអ្នកគេចពីការចាប់ខ្លួន តើគេនឹងអាចរត់ពួន នៅទីណាទៅ? ឬអាងថា គ្មានព្រៃពួនបាន? លោកសរសេរបន្ថែមថា៖
«ជាអនុសាសន៍ គួតែពិនិត្យ និង[ធ្វើ]វិសោធនកម្មច្បាប់ ពាក់ព័ន្ធនឹងការឃុំខ្លួនបណ្តោះអាសន្ន! ឬបង្កើតច្បាប់ ពីការធានានៅក្រៅឃុំ។ បង្កើតតុលាការឃុំខ្លួន “Court de Liberté” ដូចនៅបារាំង ក៏បាន! បើជ្រុលចម្លងពីគេ ម៉េចមិនចម្លងទាំងស្រុង?»
សព្វថ្ងៃសង្កេតឃើញថា ឲ្យតែមានបណ្តឹងព្រហ្មទណ្ឌ ហើយប្រសិនបើបញ្ជូនទៅស៊ើបសួរ ដឺងតែអយ្យការស្នើឲ្យឃុំខ្លួន ហើយចៅក្រមស៊ើបសួរ…
Posted by អម រិន្ទ on Thursday, June 13, 2019