កម្ពុជា

វៀតណាម«មិនទាន់»តបកម្ពុជា អំពី​ព័ត៌មាន​បុរស​ឆ្លងជំងឺ​«Covid-19»

ប្រទេសវៀតណាម «មិនទាន់»បញ្ជាក់ជាផ្លូវការ ថាបុរសអាយុ៣៩ឆ្នាំ ដែលត្រូវបាន​រកឃើញ​មានជំងឺ «Covid-19» ពិតជាបានឆ្លងជំងឺនេះ ពីប្រទេសកម្ពុជា​យ៉ាងណាទេ បើទោះជា​ប្រព័ន្ធ​ផ្សព្វផ្សាយផ្លូវការ របស់ប្រទេសកុម្មុយនីស្ដិ៍ អះអាងថា បុរសរូបនេះ​ទើបនឹង​ឆ្លងកាត់​ព្រំដែន វិលត្រឡប់​ចូលមក​ក្នុង​ទឹកដី​វៀតណាមវិញ តាមច្រករបៀង​ក៏ដោយ។

លោក វូ ក្វាងម៉ិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតនៃប្រទេសវៀតណាម ​ប្រចាំកម្ពុជា ត្រូវបាន​ស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មាន «VNA» របស់រដ្ឋវៀតណាម យកមក​ផ្សព្វផ្សាយ​​ដូច្នេះ ដោយបានពន្យល់ថា អាជ្ញាធរសុខាភិបាលវៀតណាម តែងតម្រូវឲ្យធ្វើ​ចត្តាឡីស័ក ចំពោះ​ករណី​​ទាំងឡាយណា ដែល​រង​ការសង្ស័យថា អាចមានផ្ទុកមេរោគ។

ឯកអគ្គរដ្ឋទូត នៃប្រទេសកុម្មុយនីស្ដិ៍ បានអះអាងទៀតថា នៅរៀងរាល់ករណីសង្ស័យ អាជ្ញាធរចាំបាច់ ត្រូវជូនដំណឹង ទៅកាន់តំបន់ ដែលសាមីខ្លួន ធ្វើដំណើរទៅដល់ ដើម្បី​អនុញ្ញាត​ឲ្យមនុស្សដទៃទៀត ដែលមានទំនាក់ទំនងជិតដិត ជាមួយជននោះ ដឹងខ្លួន​ទាន់​ពេលវេលា ហើយបង្ហាញខ្លួន ទៅកាន់អាជ្ញាធរ។

«មិនទាន់» ?

កាលពី​ថ្ងៃអាទិត្យ ទីភ្នាក់ងារ «VNA» បានចុះផ្សាយថា ពលរដ្ឋវៀតណាមម្នាក់ ត្រូវបាន​រកឃើញ ថាមានជំងឺ «Covid-19» បន្ទាប់ពីបុរសអាយុ ៣៩ឆ្នាំរូបនេះ វិលត្រឡប់ពីប្រទេស​កម្ពុជា​វិញ។ ពលរដ្ឋ​វៀតណាមម្នាក់នេះ ស្និតក្នុងចំណោម​អ្នកជំងឺ៤នាក់ ដែលបានឆ្លងជំងឺ​ដ៏ចង្រៃ និងដែ​ល​សុទ្ធសឹង ជា«ករណីនាំចូល»។

សម្រាប់សារព័ត៌មាន «VNexpress» វិញ បានរៀបរាប់លំអិតបន្ថែម នៅលើ​គេហទំព័រ​របស់ខ្លួន ថាបុរសរូបនោះ បាន​ធ្វើ​ដំណើរ​ ទៅ​កាន់ខេត្ត​សៀមរាប ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ហើយ​បានធ្វើដំណើរ ​ចេញពី​កម្ពុជា ដើម្បី​វិល​ត្រឡប់ ​ទៅ​វៀតណាម​វិញ​ ​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ដោយឆ្លងកាត់តាម«ផ្លូវរបៀង» ព្រោះព្រំដែនរវាងកម្ពុជា-វៀតណាម បានបិទ​តាំងពី​ដើមខែមេសាមក។

«VNexpress» បានរៀបរាប់ថា បុរសនោះបាន​ជិះម៉ូតូឌុប និងបើកបរ ដោយ​ជនជាតិ​ខ្មែរ ឆ្ពោះទៅកាន់​ផ្ទះ​ម្ដាយ​មីង ដែលស្ថិតក្នុងស្រុកតាន់ចូវ ខេត្ត​​តាយនីញ (ខេត្តរោងដំរី នៅ​កម្ពុជាក្រោម) ហើយបន្ទាប់មក ត្រូវបានអាជ្ញាធរ ដាក់​គាត់​​ឲ្យនៅ ដាច់ដោយឡែក (ចត្តាឡីស័ក) តាំងពីថ្ងៃទី៣ ខែឧសភា។

ការធ្វើតេស្ដិ៍លើកទី១ កាលពីថ្ងៃទី៥ ខែឧសភា បង្ហាញលទ្ធផល«អវិជ្ជមាន»។ តែការធ្វើ​តេស្ដិ៍​លើកទី២ នៅថ្ងៃសុក្រ ទី១៥ ខែឧសភា (ពោល គឺ១៣ថ្ងៃ ក្រោយថ្ងៃវិលត្រឡប់ ចូល​វៀតណាម​វិញ) បង្ហាញលទ្ធផល«វិជ្ជមាន»។

ជារឿយៗ និងសឹងតែគ្រប់ករណីឆ្លង​ទាំងអស់ ដែលត្រូវបានរកឃើញ ដោយ​អាជ្ញាធរ​ប្រទេស​ផ្សេង ករណីទាំងនោះ​តែងត្រូវបានអាជ្ញាធរ​កម្ពុជាបដិសេធ និងអះអាងថា ករណីឆ្លង​ទាំងនេះ​​មិនកើតឡើង នៅក្នុងប្រទេស​កម្ពុជាទេ។

ចំពោះ​ករណីបុរសវៀតណាម អាយុ៣៩ឆ្នាំខាងលើ រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង ថែមទាំង​បានប្រកាស​ជាសាធារណៈ ផ្ដល់​មេរៀន​​​ទៅភាគីវៀតណាម​ វិញថា៖

«ក្រសួង​សូមអំពាវនាវ ដល់ភាគីមិត្តវៀតណាម សូមគោរពតាម បទដ្ឋានបច្ចេកទេស និង​គោលការណ៍ និយ័តកម្មអន្តរជាតិ លើករណីជំងឺឆ្លង មុននឹង​ធ្វើការសន្និដ្ឋាន ឬ​ចុះផ្សាយ ដែលជាការ​ប៉ះពាល់ធ្ងន់ធ្ងរ ដល់កិច្ចខិតខំ​ប្រឹងប្រែង របស់កម្ពុជា ជាពិសេស នៅក្នុង​ដំណាក់កាល ប្រយុទ្ធនឹង​ជំងឺកូវីដ-១៩ នេះ ដើម្បីជាផល​ប្រយោជន៍ ដល់ប្រជាជន​ទាំងពីរ​ប្រទេស៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។