កម្ពុជា

វៀតណាម​ផ្ដល់១០លាន​ដុល្លារ ដើម្បី​ជួយ​សង់​ទីស្ដីការ​ក្រសួង​ការពារជាតិ

ប្រទេសវៀតណាមកុម្មុយនីស្ដ៍ បានផ្ដល់ថវិកា១០លានដុល្លារ មកឲ្យប្រទេសកម្ពុជា ដើម្បីជួយសាងសង់អគារទីស្ដីការក្រសួងការពារជាតិ។ នេះ បើតាមការអះអាងរបស់លោក ង៉ូ ស៊ុនលិច្ស (Ngo Xuanlich) រដ្ឋមន្រ្តីការពារជាតិវៀតណាម នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ នាវិមានសន្តិភាព រាជធានីភ្នំពេញ។

ទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះព័ត៌មានពីជំនួបនេះ ដោយអះអាងថា ប្រទេសវៀតណាមបានផ្តល់ថវិកា ចំនួន១០លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីជួយសង់​ អគាររដ្ឋបាលថ្មី របស់ក្រសួងការពារជាតិកម្ពុជា ដែលត្រូវបានផ្ដើមសាងសង់ កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨កន្លងមក។

ក្នុងជំនួបនោះ លោក ង៉ូ ស៊ុនលិច្ស បានលើកឡើង ប្រាប់នាយករដ្ឋមន្ត្រីកម្ពុជា ពីអ្វីដែលលោកបានជជែក និងព្រមព្រៀងជាមួយលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្នុងនោះមានកិច្ចសហប្រតិបត្តិការ ដែលកម្ពុជា-វៀតណាម បានធ្វើរួមគ្នា ក្នុងឆ្នាំ២០១៨​កន្លងមក និងកិច្ចសហប្រតិបត្តិការ ដែលគ្រោងធ្វើរួមគ្នាបន្តទៀត សម្រាប់ឆ្នាំ២០១៩។

ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បានបន្តសរសេរឲ្យដឹង ពី«ទិសដៅសហប្រតិបត្តិការឆ្នាំ២០១៩» ដែលរួមមាន កិច្ចការពង្រឹងសមត្ថភាព កងទ័ពនិងកងទ័ព – កិច្ចសហប្រតិបត្តិការ ក្នុងការសង្គ្រោះ នៅពេលមានគ្រោះមហន្តរាយ ដោយបញ្ហាទឹកជំនន់ ភ្លើងឆេះព្រៃជាដើម និងកិច្ចសហប្រតិបត្តិការផ្សេងទៀត។

រដ្ឋមន្ត្រីការពារជាតិវៀតណាម បានឆ្លៀតឱកាសនេះ ដើម្បីអបអរលោក ហ៊ុន សែន ដែលបានទទួលជោគជ័យ ពីការបោះឆ្នោតសាកល នាពេលកន្លងមក និងជោគជ័យនៃសន្និបាតគណៈកម្មាធិការកណ្ដាល របស់គណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះ។

សូមជម្រាបដែរថា អគារទីស្ដីការក្រសួងការពារជាតិថ្មី នឹងមានកម្ពស់៧ជាន់ ទទឹកប្រវែង២៨ម៉ែត្រ និងបណ្ដោយ១៩១ម៉ែត្រ ដោយប្រើរយៈពេល​សាងសង់ រហូតដល់​៣៦ខែ។ នេះ បើតាមការបញ្ជាក់ របស់លោក ឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ នាយកនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។