កម្ពុជា

[វីដេអូ] ៖ «ស្បែកជើងហោះ»​ស្វាគមន៍ ហ៊ុន សែន នៅវ៉ាស៊ីនតោន

នៅខណៈលោក ហ៊ុន សែន កំពុងចាប់ដៃថតរូប ជាមួយបណ្ដាជន​ដែលមកទទួលស្វាគមន៍​លោក ស្រាប់តែ​«ស្បែកជើងហោះ»​មួយ បានហោះ​កាត់ក្បែរនោះ។ ជាទិដ្ឋភាពដែលបង្ក​ភាពរអាក់រអួលមួយភ្លែត ទៅដល់កម្មវិធី ក៏ដូចជាស្នាមញញឹម​​របស់នាយករដ្ឋមន្ត្រី​ចាស់វស្សាកម្ពុជា ដែលធ្វើដំណើរ​ទៅកាន់រដ្ឋធានី នៃសហរដ្ឋអាមេរិក ដើម្បីចូលរួមជំនួបកំពូល អាមេរិក-អាស៊ាន។

ហេតុការណ៍បានកើតឡើង នៅវេលាល្ងាចថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ កណ្ដាលរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ម្ចាស់ស្បែកជើង ត្រូវបានគេស្គាល់ឈ្មោះ គឺលោក អ៊ុក ទូច ជាពលរដ្ឋខ្មែរអាមេរិកាំង មកពីរដ្ឋកាលីហ្វ័នី។ លោកបានថ្លែងនៅក្នុងវីដេអូមួយ ដែលត្រូវបាន​បង្ហោះចែកតៗគ្នា ពាសពេញបណ្ដាញសង្គម ឲ្យដឹងថា៖

«ខ្ញុំបានយកស្បែកជើង គប់ក្បាល ហ៊ុន សែន ព្រោះ ហ៊ុន សែន ជាជនផ្ដាច់ការ «Dictator» ដែលសម្លាប់​គ្រួសារ​របស់ខ្ញុំ នៅកម្ពុជា។ ខ្ញុំគ្រាន់តែ​យកស្បែកជើង គប់ក្បាលគាត់ទេ តែគាត់យកគ្រាប់បែកគប់ពួកបាតុករ ងាប់មិនចេះតិច នៅស្រុកខ្មែរ (…) ហ៊ុន សែន សម្លាប់​មនុស្សច្រើនណាស់ សម្លាប់លិទ្ធិប្រជាធិបតេយ្យ (…) គាត់សម្លាប់​ឳពុកម្ដាយខ្ញុំ ដូច្នេះខ្ញុំទប់អត់បានទេ។»

លោក អ៊ុក ទូច បានរៀបរាប់នៅក្រោយព្រឹត្តិការណ៍ «ស្បែកជើងហោះ» ថាក្រុមកងអង្គរក្ស របស់នាយករដ្ឋមន្ត្រីកម្ពុជា បានស្ទុះមករករូបលោក ក្នុងបំណងចង់ក្របួចកអាវលោក និងចង់វាយរូបលោក តែភ្នាក់ងារនគរបាលអាមេរិក នៅមានវត្តមាននៅទីនោះ បានចេញមកការពារ និងប្រាប់​ឲ្យលោក​ចាកចេញពីទីនោះ។

រូបភាពនៃ«ស្បែកជើងហោះ» នៅចំពោះលោក ហ៊ុន សែន ត្រូវបានថតជាប់ជាវីដេអូ និងបង្ហោះចេញផ្សាយ នៅពាសពេញបណ្ដាញសង្គម មុននឹងទទួលបាន​ការចែករំលែកព្រោងព្រាត ដោយក្រុមអ្នកប្រើប្រាស​បណ្ដាញសង្គម។ អ្នកប្រើប្រាស់បណ្ដាញសង្គម​នៅបរទេស បានចាត់ទុក​ការបង្ហោះស្បែកជើងនេះ​ថា ជា«សិទ្ធិបញ្ចេញមតិ» ក្នុងនាម​ជាពលរដ្ឋមួយរូប៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។