កម្ពុជាមានអ្នកវិភាគ ឬអ្នកធ្វើអត្ថាធិប្បាយ ច្រើនរាប់មិនអស់ តាំងពីក្នុងស្រុក រហូតក្រៅស្រុក ទាំងវ័យចំណាស់ និងទាំងវ័យក្មេង។ តែបើសួរថា ការវិភាគរបស់ក្រុមអ្នកវិភាគ អាចផ្ដល់ដំណោះស្រាយ សម្រាប់សង្គមជាតិ និងពលរដ្ឋបាន ឬយ៉ាងណានោះ វាជាបញ្ហាមួយទៀត។ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគជើងចាស់ បានបង្ហើបគន្លឹះពិសេស សម្រាប់អ្នកវិភាគជំនាន់ថ្មីទាំងនោះ ថាត្រូវយកគំរូតាម«ធនញ្ជ័យ» ដែលជាតួអង្គដ៏ល្បីល្បាញ ក្នុងអក្សរសិល្ប៍ខ្មែរ។
លោក ឡៅ ម៉ុងហៃ ដែលជាអ្នកជំនាញផ្នែកច្បាប់មួយរូបផងនោះ បានលើកយកយោបល់របស់លោក មកសរសេរនៅលើគណនេយ្យហ្វេសប៊ុករបស់លោក ដោយគូសបញ្ជាក់ថា ក្រុមអ្នកវិភាគ«ពូកែ» ខាងរៀបរាប់ពិពណ៌នា និងវិភាគបញ្ហា តែដូចជា«ខ្វះខាត» ក្នុងការរិះរកនិងផ្ដល់គំនិតថា ត្រូវធ្វើអ្វីខ្លះឲ្យជាក់លាក់ និងត្រូវធ្វើយ៉ាងដូចម្ដេចឲ្យជាក់លាក់ ដើម្បីដោះស្រាយបញ្ហា ដែលបានរៀបរាប់ពិពណ៌នា និងវិភាគទាំងនោះ។
អ្នកវិភាគឯករាជ្យ ដែលមានវ័យចំណាស់ មិនបានបង្ហើបថា តើក្រុមអ្នកវិភាគ ដែល«ពូកែៗ»ទាំងនោះ ជានរណាទេ។ តែលោកផ្ដល់យោបល់ ឲ្យយកមើលគំរូតាម«ធនញ្ជ័យ»ឬ«អាជ័យ» ដែលជាតួអង្គដ៏ល្បីល្បាញ នៅក្នុងស្នាដៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរ ដែលលោកអះអាងថា អាចជួយបំពេញការខ្វះខាត«ពិសេស»ខាងលើនេះបាន។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរឡើងថា៖
«អាជ័យជួបប្រទះបញ្ហា ដែលស្តេចបង្កើតឲ្យ ដើម្បី[ចាប់]ថ្នាក់វា។ តែវាមិនត្អូញត្អែ រអ៊ូរទាំ តវ៉ាថាលំបាក ឬភ័យខ្លាច រត់គេចពីការប៉ុនប៉ងចាប់ថ្នាក់ របស់ស្តេចនោះឡើយ។ ផ្ទុយទៅវិញ វានៅនឹងនរ ហើយរិះរកគំនិតថា ត្រូវធ្វើអ្វីខ្លះ និងត្រូវធ្វើយ៉ាងម៉ិចដើម្បីដោះស្រាយបញ្ហា ដែលវាប្រឈមទាំងនោះ លុះដល់បានសម្រេចជាស្ថាពរ និងប្រកបដោយជោគជ័យ។»
លោកបន្តថា៖
«អាជ័យមានគុណសម្បត្តិមួយ ដ៏សំខាន់ គឺសមត្ថភាពនិងគំនិតឆ្លាតវៃថា ត្រូវធ្វើអ្វីខ្លះនិងត្រូវធ្វើយ៉ាងម៉ិច ដើម្បីដោះស្រាយបញ្ហា ដោយមានការទុកចិត្តលើខ្លួនឯងយ៉ាងខ្លាំង ដែលទាំងអស់នេះ ជាភាសាអង់គ្លេសហៅថា “Resourcefulness”។ អានសៀវភៅ រឿងធនញ្ជ័យ ឬអានរឿងនេះឡើងវិញ ឬនឹកឃើញរឿងនេះ គួរកត់សំគាល់គុណសម្បត្តិ “Resourcefulness” របស់អាជ័យ៕»
————–
លោកអ្នកអាចរកមើល ឬអានរឿងព្រេងនិទានខ្មែរ រឿង«ធនញ្ជ័យ»បាន ដោយចុចនៅលើទីនេះ។