ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងដកឃ្លា មិននិយាយពីនយោបាយឡើយ។ លោកបានយកឱកាសនេះ ដើម្បីរំលឹកដល់យុវវ័យទាំងឡាយ កុំឲ្យប្រព្រឹត្តិ«ខុសប្រពៃណីទំនៀមទម្លាប់»ខ្មែរ ដោយលើកពីរូបលោក និងភរិយាលោកមកបង្ហាញ ថាជា«ប្ដីប្រពន្ធទទួលស្គាល់ដោយសង្គម»។
នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាងរបស់កម្ពុជា បានថ្លែងរបៀបកំប្លែង នៅលើបណ្ដាញសង្គមថា៖
«ថ្ងៃនេះជាថ្ងៃ ១០ កើត ខែមាឃ ឆ្នាំច បើនិយាយជាថ្ងៃតាមចន្ទគតិបែបនេះ ប្រហែលជាគ្មានក្មួយៗចៅៗណាចាប់អារម្មណ៍ទេមើលទៅ តែបើនិយាយថាជាថ្ងៃ១៤កុម្ភៈ ប្រហែលជាមានអ្នកចាប់អារម្មណ៍ច្រើន អ្នកខ្លះប្រហែលជាបានរៀបចំផែនការរួចរាល់ហើយផងក៏មិនដឹង។»
«ថ្ងៃនេះតាមិនចង់និយាយ ពីរឿងនយោបាយអីទេ គ្រាន់តែចង់និយាយ ទៅកាន់ចៅៗដែលទើបពេញវ័យ។ ចៅៗសុទ្ធតែដឹងហើយថា អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ជាពិសេស នៅថ្ងៃទិវានៃក្តីស្រលាញ់នេះតែម្តង។ តានិយាយនេះ មិនមែនចង់ជ្រៀតជ្រែកចូលកិច្ចការយុវវ័យនោះទេ តែការប្រព្រឹត្ត”ខុសប្រពៃណីទំនៀមទម្លាប់”ខ្មែរ ក៏មិនមែនជាកិច្ចការយុវជនយុវនារីដែរ។»
យ៉ាងហោចណាស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីណែនាំបន្តបន្ទាប់គ្នា ដោយរំលឹកទៅដល់យុវជនផ្ទាល់ និងមាតាបិតារបស់យុវជនផង ឲ្យទប់ស្កាត់ទង្វើដែលមិនគប្បី នៅក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់នេះ កាលពីប៉ុន្មានថ្ងៃមុន ដែលផ្ទុយពីលោក ហ៊ុន សែន ដែលធ្វើរំលឹក នៅក្នុងថ្ងៃនេះតែម្ដង។
ដោយមានអមមកជាមួយ នូវរូបថតមួយសន្លឹក ដែលលោកថតជាមួយភរិយាលោក គឺអ្នកស្រី ប៊ុនរ៉ានី ហ៊ុនសែន នោះផង បុរសខ្លាំងកម្ពុជាបានរំលឹកពីប្រវត្តិនៃការស្រឡាញ់គ្នាដំបូង រវាងលោកនិងភរិយា ដែលលោកអះអាងថា ជាការ«តស៊ូជាមួយគ្នា» រហូតមានថ្ងៃនេះ។ លោកបានរៀបរាប់ថា៖
«តាមកដល់អាយុប៉ុណ្ណេះ តាក៏ធ្លាប់ឆ្លងកាត់ជីវិតយុវវ័យដែរ តាដឹងថា អារម្មណ៍រំភើបពេលជួបអ្នកដែលខ្លួនស្រលាញ់វាយ៉ាងដូចម្តេច។ នៅក្នុងសម័យយុវវ័យរបស់តា និងយាយ ទោះពេលនោះយើងស្ថិតក្នុងសម័យសង្គ្រាមតស៊ូ ទោះជាពួកយើងស្រលាញ់គ្នាយ៉ាងណា ក៏ពួកយើងនៅតែគោរពគ្នា រក្សាប្រពៃណី តស៊ូជាមួយគ្នារហូតដល់ក្លាយជាប្តីប្រពន្ធ ដែលទទួលស្គាល់ដោយសង្គម។»
«តាបានអានអត្ថបទ របស់អ្នកស្រាវជ្រាវសង្គមម្នាក់ ដែលគេបានកត់សម្គាល់ថា ចៅៗយុវវ័យឥឡូវ ហាក់ដូចជាមានភាពចាស់ទុំច្រើន បើប្រៀបធៀបមើលពីឥរិយាបទឆ្នាំមុនៗ នៅថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ។ ចៅៗភាគច្រើនចេះគិតគូរហើយ មិនប្រព្រឹត្តអ្វីដែលផ្ទុយនឹងប្រពៃណីខ្មែរឡើយ។ ការសិក្សានេះ ធ្វើឱ្យតាសប្បាយចិត្ត។»
លោកនាយករដ្ឋមន្ត្រី បានបញ្ចប់វគ្គរំលឹកយុវវ័យរបស់លោក ដោយការជូនពរដូច្នេះថា៖
«សូមចៅៗ បង្ហាញនូវការស្រលាញ់ ដោយក្តីគោរព ក្នុងថ្ងៃ១៤កុម្ភៈនេះ»៕