«សូមអំពាវនាវ ឲ្យមេដឹកនាំកម្ពុជា”តម្កល់សុខុមាលភាព”របស់ប្រទេស ឲ្យខ្ពស់ជាងផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍នយោបាយ» នេះ ជាអ្វីដែលគេបានអាន នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីប្រតិកម្មទៅនឹងការបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ «EBA»។
បើតាមសេចក្ដីថ្លែងការណ៍នោះ ដែលចេញផ្សាយកាលពីព្រឹកម៉ិញ បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការផ្តើមដំណើរការនីតិវិធីផ្អាកការអនុគ្រោះពន្ធ ផ្អែកពាណិជ្ជកម្ម ដល់ប្រទេសកម្ពុជា ក្រោមគម្រោងដែលមានឈ្មោះថា អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ដោយសារ «មានការដើរថយក្រោយយ៉ាងធ្ងន់ធ្ងរ ក្នុងការការពារសិទ្ធិមនុស្ស និងសិទ្ធិការងារ នៅក្នុងរយៈពេល ១៨ ខែកន្លងទៅនេះ»។
ស្ថានទូតរបស់ប្រទេសមហាអំណាច ដែលជាទីផ្សារនាំចេញធំទីពីរ បន្ទាប់ពីសហភាពអ៊ឺរ៉ុប បានសរសេរថា៖
«យើងមានកង្វល់ដូចគ្នានឹងសហភាពអឺរ៉ុបដែរ ទាក់ទងនឹងការរំលោភយ៉ាងធ្ងន់ធ្ងរ លើសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិការងារដែលមានការទទួលស្គាល់ជាអន្តរជាតិ និងសេរីភាពទាក់ទងនឹងអង្គការសមាគម។»
«សហរដ្ឋអាមេរិក សូមអំពាវនាវឲ្យថ្នាក់ដឹកនាំកម្ពុជា ស្តាឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ពហុបក្សពិតប្រាកដ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា។ យើងក៏សូមអំពាវនាវផងដែរ ឲ្យប្រទេសកម្ពុជាទម្លាក់ចោល នូវបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់តាមទំនើងចិត្តទាំងអស់ ប្រឆាំងនឹងអ្នកទោសនយោបាយដទៃទៀត ហើយអនុញ្ញាតឲ្យសហជីព អង្គការសារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀតនៃសង្គមស៊ីវិល ដំណើរការដោយគ្មានការរឹតត្បិត ដែលមិនត្រឹមត្រូវ។»
ការសម្រេចរបស់សហភាពអ៊ឺរ៉ុប ដែលជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ត្រូវបានប្រកាសឲ្យដឹង តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយកាលពីម្សិលម៉ិញ។ នីតិវិធីនេះ ជាការកំណត់ពេលវេលា ដែលមានកាលវិភាគច្បាស់លាស់ ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ របស់សហភាពអ៊ឺរ៉ុប ប្រសិនណាជារបបដឹកនាំក្រុងភ្នំពេញ មិន«ស្ដារស្ថានភាព»ឲ្យល្អប្រសើរវិញទេ។
បើតាមសេចក្ដីប្រកាសព័ត៌មាននោះ របបដឹកនាំរបស់លោក ហ៊ុន សែន មានពេល៦ខែ ដើម្បីបញ្ចុះបញ្ចូលឲ្យសហភាពអ៊ឺរ៉ុប ងាកត្រឡប់ក្រោយវិញ។
ដូចអ្វី ដែលស្ថានទូតសហរដ្ឋអាមេរិក បានមើលឃើញដូចនោះដែរថា ថ្នាក់ដឹកនាំកម្ពុជានៅមានឱកាសនៅឡើយ នៅក្នុងការជៀសផុត ពីផលវិបាកអវិជ្ជមានផ្នែកសេដ្ឋកិច្ច នៃការដកការអនុគ្រោះពន្ធ “EBA”។
ស្ថានទូតបានស្រង់សំដី របស់អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម មកសរសេរនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា៖
«វាច្បាស់ហើយថា ចំណាត់ការនៅថ្ងៃនេះ មិនមែនជាការសម្រេចចិត្តចុងក្រោយ ហើយក៏មិនមែនជាទីបញ្ចប់នៃដំណើរនីតិវិធីដែរ។ តែនាឡិកាកំពុងតែដើរទៅមុខជាផ្លូវការហើយ ហើយយើងត្រូវការឃើញវិធានការពិតប្រាកដ ក្នុងពេលឆាប់ៗនេះ»។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ធ្ងន់ៗថា៖
«យើងសូមអំពាវនាវ ឲ្យមេដឹកនាំកម្ពុជា”តម្កល់សុខុមាលភាព”របស់ប្រទេស ឲ្យខ្ពស់ជាងផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍នយោបាយ»៕
*English below* សហរដ្ឋអាមេរិក ធ្វើការកត់សម្គាល់ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប…
Posted by U.S. Embassy Phnom Penh, Cambodia on Monday, February 11, 2019