«គ្មានគុណភាព» នេះជាការអះអាងឡើង របស់ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដើម្បីហៅការជំនុំជម្រះក្តី ពីបទក្បត់ជាតិ ដែលបានបើកសវនាការ ក្នុងអាទិត្យនេះ ប្រឆាំងនឹងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។ ក្រុមអ្នកជំនាញបានមានប្រសាសន៍ថា ដំណើរការទាំងមូលចាប់ពីការចោទប្រកាន់ រហូតដល់ ការជំនុំជម្រះក្តី គ្របដណ្តប់ដោយភាពមិនប្រក្រតី។
ក្រុមអ្នកជំនាញរបស់អង្គការពិភពលោក ដែលរួមមាន អ្នកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា – លោក ដាវីដ កាយ៉េ (David Kaye) អ្នករាយការណ៍ពិសេស ស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងការបញ្ចេញមតិ និងលោក ឌីហ្គោ កាសៀ-សាយយាន (Diego García-Sayán) អ្នករាយការណ៍ពិសេស ស្តីពីឯករាជ្យភាពរបស់ចៅក្រម និងមេធាវី។
តាមរយៈសេចក្ដីថ្លែងការណ៍មួយ ពីទីស្នាក់ការកណ្ដាល របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស អ្នកជំនាញខាងលើ បានមានប្រសាសន៍ថា៖
«យើង មានហេតុផលរឹងមាំ អាចជឿថាការចោទប្រកាន់ ពីបទក្បត់ជាតិប្រឆាំងនឹងលោក សុខា គឺជាហេតុផលនយោបាយ ហើយការចោទប្រកាន់នេះ វាក៏ជាផ្នែកនៃលំនាំមួយ កាន់តែធំជាងនេះ នៃការប្រើប្រាស់ច្បាប់មិនត្រឹមត្រូវ ដើម្បីដាក់គោលដៅ ទៅលើគូប្រជែងនយោបាយ និងអ្នករិះគន់រដ្ឋាភិបាល។»
លោក សុខា ត្រូវបានចាប់ខ្លួន ឃុំខ្លួន និងចោទប្រកាន់ពីបទឃុបឃិត ជាមួយបរទេស (ក្បត់ជាតិ) ទាក់ទងនឹងសុន្ទរកថាមួយដែលលោកបានថ្លែងនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០១៣ ដែលត្រូវបានចាក់ផ្សាយដោយបណ្តាញផ្សព្វផ្សាយកម្ពុជា (ស៊ីប៊ីអិន)។ ប្រសិនជាលោកត្រូវបានផ្តន្ទាទោសមែននោះ លោក កឹម សុខា ប្រឈមនឹងការជាប់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ។
បន្ទាប់ពីការចាប់ខ្លួននៅខែកញ្ញា ឆ្នាំ២០១៧ លោក សុខា ត្រូវបានបដិសេធពាក្យសុំនៅក្រៅឃុំ និងត្រូវឃុំខ្លួនបណ្តោះអាសន្នរហូតដល់មានការដោះលែងដោយមានលក្ខខណ្ឌពីការឃុំខ្លួនក្នុងផ្ទះ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សុខា ត្រូវបានដោះលែងដោយមានលក្ខខណ្ឌ ពីការឃុំខ្លួនក្នុងផ្ទះ។
លោកត្រូវបានហាមឃាត់ មិនឲ្យធ្វើដំណើរទៅក្រៅប្រទេស ហើយត្រូវបានហាមឃាត់ មិនឲ្យធ្វើសកម្មភាពនយោបាយ។ ក្នុងមតិដែលបានសម្រេច ក្នុងឆ្នាំ២០១៨ ក្រុមការងារអង្គការសហប្រជាជាតិ ស្តីពីការឃុំខ្លួនដោយបំពាន បានរកឃើញថាការឃុំខ្លួនបណ្តោះអាសន្នរបស់លោក កឹមសុខា គឺធ្វើឡើងដោយបំពាន។
ក្រុមអ្នកជំនាញបានមានប្រសាសន៍បន្តថា៖
«ដំណើរការទាំងមូលនៃការចាប់ខ្លួន និងការឃុំខ្លួនរបស់លោក កឹម សុខា គឺមិនមានគុណភាព អាចទទួលយកបាន ដោយមានភាពមិនប្រក្រតី និងការមិនគិតគូរយ៉ាងច្បាស់ពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់កម្ពុជា […] លោក សុខា ត្រូវបានចាប់ខ្លួនដោយគ្មានដីកាចាប់ខ្លួន និងមិនគោរពអភ័យឯកសិទ្ធិសភា របស់លោក។ គាត់ត្រូវបានគេបដិសេធផងដែរ មិនឲ្យជួបមេធាវីនៅដំណាក់កាលដំបូងនៃការឃុំខ្លួន ហើយទីបំផុត លោកត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន អស់រយៈពេលមួយ ដែលលើសពីរយៈពេលអតិបរិមា ដែលច្បាប់កម្ពុជាអនុញ្ញាត។»
ក្រុមអ្នកជំនាញ អ.ស.ប បានសម្តែងកង្វល់យ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍ជាសាធារណៈ របស់មន្រ្តីជាន់ខ្ពស់មួយចំនួន ទាក់ទងនឹងករណីរបស់ លោក សុខា ដែលអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់គាត់ ក្នុងការទទួលបានការជំនុំជម្រះក្តី ប្រកបដោយយុត្តិធម៌ និងអាចជះឥទ្ធិពល ដល់លទ្ធផលនៃការជំនុំជម្រះ របស់លោក។ កង្វះការចូលរួមរបស់សាធារណៈជន នៅបន្ទប់សវនាការ ដែលត្រូវបានអនុញ្ញាតជាពិសេស សម្រាប់តែសមាជិកអង្គទូត ក៏អាចដាក់ជាសំណួរ អំពីភាពត្រឹមត្រូវ នៃការជំនុំជម្រះក្តីរបស់លោកផងដែរ។
ក្រុមអ្នកជំនាញ អំពាវនាវម្តងហើយម្តងទៀត ដល់អាជ្ញាធរ ធានាឲ្យមានយុត្តិធម៌ សម្រាប់លោក សុខា ដកចេញជាបន្ទាន់ នូវលក្ខខណ្ឌធានានៅក្រៅឃុំ ដែលមានការរិតត្បិត ផ្តល់សិទ្ធិនយោបាយរបស់លោកឡើងវិញ និង ធានាសិទ្ធិរបស់លោកក្នុងការទទួលបានសំណង និងជួសជុលការខូចខាតផ្សេងទៀត៕