កម្ពុជា

អង្គការសារព័ត៌មានក្នុងស្រុក ចំនួន២ ស្នើឲ្យដោះលែង សុវណ្ណ រិទ្ធី

«ការស្រង់សម្ដី របស់លោកនាយករដ្ឋមន្ត្រី [យកមកចុះផ្សាយបន្ត] មិនគួរត្រូវបានចាត់ទុក ថាជាបទឧក្រិដ្ឋទេ» នេះជាការអះអាងឡើង របស់ អង្គការសារព័ត៌មានក្នុងស្រុក ចំនួន២ ដែលបានស្នើ ឲ្យដោះលែង លោក សុវណ្ណ រិទ្ធី ដែលត្រូវបានតុលាការរាជធានី ចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ជាអាទិ៍»។

លោក សុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មាន «TVFB» ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីអ្នកសារព័ត៌មាន ល្បីឈ្មោះរូបនេះ បានផ្សាយនៅលើបណ្ដាញសង្គម នូវការដកស្រង់សំដីលោក ហ៊ុន សែន ដែលបានថ្លែង ក្នុងព្រឹកថ្ងៃដដែល។ លោក រិទ្ធី ដែ

បន្ទាប់ពីត្រូវបានបញ្ជូនឡើង ទៅសាលាដំបូងរាជធានី នៅមួយថ្ងៃក្រោយមក លោក សុវណ្ណ រិទ្ធី ត្រូវបានស្ថាប័នយុត្តិធម៌មួយនេះ ចោទប្រកាន់ពីបទ «ញុះញង់» និងបញ្ជូនទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅពន្ធនាគារ «PJ» (ភ្នំពេញ)។ 

អង្គការសារព័ត៌មានក្នុងស្រុក ចំនួន២ ដែលមានឈ្មោះ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJa) និង​ ក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា (OPCC) បានចេញសេចក្ដីថ្លែងការណ៍ ក្នុងថ្ងៃសៅរ៍ ទី១១ ខែមេសានេះ សំដែងការព្រួយបារម្ភ ចំពោះហេតុការណ៍ខាងលើ និងស្នើសុំឲ្យដោះលែងលោក សុវណ្ណ រិទ្ធី រួមទាំងទម្លាក់ចោល នូវការចោទប្រកាន់ទាំងឡាយ ប្រឆាំងអ្នកសារព័ត៌មានរូបនេះ។

ព្រឹត្តិការណ៍ចាប់ចងអ្នកសារព័ត៌មាន ក៏ទទួលបានប្រតិកម្មខ្លាំងៗ ពីអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB / RSF) និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch) នោះដែរ។

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលមានទីតាំងធំ​ក្នុងរដ្ឋធានីប៉ារីស (បារាំង) បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី ៨ខែមេសា ទាមទារទៅដ្ឋាភិបាលលោក ហ៊ុន សែន ដោយដោះលែងលោក សុវណ្ណ រិទ្ធី ជាបន្ទាន់ និងមិនត្រូវប្រើ«លេស» នៃជំងឺ«Covid-19» ដើម្បីបំបិតមាត់អ្នកសារព័ត៌មាន ដែលមិនធ្វើ​តាមរដ្ឋាភិបាល ទាំងងងឹតងងុល​នោះឡើយ។

នាយករង​ទទួលបន្ទុក ​កិច្ចការ​តំបន់​អាស៊ី​ នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ  លោក ហ្វីល រ៉ូបឺត​សុន (Phil Robertson) បានឲ្យដឹង​ ក្នុង​សេចក្ដីថ្លែងការណ៍​ ចុះថ្ងៃ​ទី​១០ ខែ​មេសា ថា ការ​ចាប់​ខ្លួន​អ្នកសារព័ត៌មាន ដោយសារ​ការ​ដកស្រង់​​សម្ដី​​នាយករដ្ឋមន្ត្រី​ខាងលើ បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ មួយ​កម្រិត​ទៀត នៃ​សេរីភាព​សារព័ត៌មាន​ នៅ​កម្ពុជា​។

លោក រ៉ូបឺតសុន បាន​បន្ត​ថា រដ្ឋាភិបាល ត្រូវតែ​ដោះលែង​អ្នកសារព័ត៌មាន​រូប​នេះ និងអ្នក​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ដោយសារតែ​ការ​សម្តែង​មតិ ឬ​ការភ័យខ្លាច​របស់​ពួកគេ​ អំពី​ជំងឺ«Covid-19»។

សម្រាប់​មន្ត្រីរដ្ឋាភិបាលកម្ពុជា បានហៅការចាប់ចងខាងលើ ថាជាការអនុវត្តន៍ច្បាប់ របស់កម្ពុជា និងបានបរិហារប្រតិកម្មទាំងឡាយ ដែលធ្វើឡើង ចំពោះចំណាត់ការនេះ ថាជាការប្រមាថ និងមិនស្គាល់ច្បាប់កម្ពុជា៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។