កម្ពុជា

ទូត​អាមេរិក ថាបាន​ផ្ដល់​ការសម្ងាត់​ឲ្យ​អាជ្ញាធរ​ខ្មែរ​ចាប់​ភ្លុក​ដំរី​​​ជាង៣តោន

ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានអះអាងថា ការស៊ើបអង្កេត របស់ផ្នែកជលផល និងសត្វព្រៃ សហរដ្ឋអាមេរិក រួមនឹងផ្នែកព័ត៌មានសំងាត់ របស់ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានផ្ដល់ព័ត៌មាន ដល់នាយកដ្ឋានគយ និងរដ្ឋករកម្ពុជា រហូតនាំទៅដល់ការរិបអូសបាន នូវភ្លុកដំរីចំនួន [ជាង]១០០០ដុំ ដែលមានទំងន់ជិត ៣៥០០ គីឡូក្រាម។

ភ្លុកដំរីទាំង ១០២៦នោះ ត្រូវបានអាជ្ញាធរគយកម្ពុជា ឆែកឆេររកឃើញ ក្នុងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ម្សិលម៉ិញ នៅកំពង់ផែស្វយ័តភ្នំពេញ ក្នុងកុងតឺន័រមួយ ដែលស្ថិតនៅទីនោះ តាំង​ពី​ខែកក្កដា កន្លងមក។

លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សំដី មកបញ្ជាក់ថា ភ្លុកដំរីទាំងនេះ ត្រូវបានឈ្មួញនាំចេញ ពីកំពង់ផែមួយ ឈ្មោះ «ម៉ាឡាកា» នៅប្រទេសមូសំប៊ិច ចូលមកប្រទេសកម្ពុជា ប៉ុន្តែលោកមិនបានដឹងថា តើក្រុមឈ្មួញ គ្រោងនាំយកចេញ ទៅកាន់ប្រទេសណា បន្តទៅទៀតទេ។

ស្ថានទូតអាមេរិក បានឲ្យដឹងទៀតថា៖ «ការស៊ើបអង្កេតរួមគ្នា ​របស់សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ​បាននាំដល់ការរឹបអូសបាន ​​នូវភ្លុកដំរីចំនួនជាង ១០០០» ។

ក្នុងអំឡុងពេលរង់ចាំការសម្រេច ពីថ្នាក់ដឹកនាំគយ និងរដ្ឋករកម្ពុជា ភ្លុកដំរីទាំងអស់ ត្រូវបានរក្សាទុកជាបណ្ដុះអាសន្ន ក្នុងពេលនេះ នៅកំពង់ផែស្វយ័តភ្នំពេញ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។

Tags: IvoryUSA