កម្ពុជា

ទូតអាមេរិក​បើក​ការប្រកួត ឲ្យពលរដ្ឋ​ខ្មែរ​ទៅ​សិក្សា​នៅ​«បណ្ឌិតសភា​យោធា»

ពលរដ្ឋខ្មែរវ័យក្មេង រវាងពីអាយុ១៨ឆ្នាំ ដល់២២ឆ្នាំ ទាំងពីរភេទ អាចចុះឈ្មោះ ដើម្បីធ្វើការប្រកួតប្រជែង សម្រាប់ការសិក្សា នៅក្នុងសាលា«បណ្ឌិតសភា​យោធា»ដ៏ល្បីៗ របស់សហរដ្ឋអាមេរិក។ នេះ បើតាមការប្រកាសព័ត៌មាន របស់ស្ថានទូត នៃប្រទេសមហាអំណាច ក្នុងថ្ងៃសៅរ៍នេះ។

នៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូត បានសរសេរឲ្យដឹងថា៖

«ការិយាល័យសហប្រតិបត្តិការយោធា នៃស្ថានទូតអាមេរិក នៅកម្ពុជា មានក្តីរីករាយ ក្នុងការអញ្ជើញប្រជាពលរដ្ឋកម្ពុជា វ័យក្មេង ឲ្យចូលរួមប្រកួត ដើម្បីចូលសិក្សា នៅសាលាបណ្ឌិត​សភាយោធា​មួយចំនួន នៅសហរដ្ឋអាមេរិក»

សាលាបណ្ឌិតសភាយោធាទាំងនោះ រួមមាន សាលាបណ្ឌិតសភា​យោធាអាមេរិក «West Point» សាលាបណ្ឌិតសភា​ទាហានជើងទឹកអាមេរិក នៅ «Annapolis» សាលាបណ្ឌិតសភា​កងទ័ពអាកាសអាមេរិក នៅ «Colorado Springs» និងសាលាបណ្ឌិតសភា​ឆ្មាំសមុទ្រអាមេរិក នៅ «New London»។

ស្ថានទូតបានបញ្ជាក់ទៀតថា ការប្រកួតប្រជែងនេះ ធ្វើឡើងសម្រាប់ថ្នាក់សិក្សាឆ្នាំ ២០២៤ ចំពោះនិស្សិតណា ដែលចូល​សិក្សា​ថ្នាក់បណ្ឌិតសភា ក្នុងខែកក្កដា ឆ្នាំ២០២០​នេះ។ ចំពោះព័ត៌មានបន្ថែម សូមចូលទៅពិគ្រោះគេហទំព័រ របស់ស្ថានទូត ដោយចុចនៅទីនេះ

គួរបញ្ជាក់ដែរថា មកដល់ពេលនេះ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាពលរដ្ឋខ្មែរ​តែម្នាក់គត់ ដែលទទួលបានសញ្ញាប័ត្រ ពីសាលា​បណ្ឌិតសភា​យោធា «West Point» របស់សហរដ្ឋអាមេរិក។ បុរសអាយុ៤១ឆ្នាំរូបនេះ បានទទួលសញ្ញាប័ត្រ ពីសាលាដ៏ល្បីខាងលើ ក្នុងឆ្នាំ១៩៩៥៕

(English below) ការិយាល័យសហប្រតិបត្តិការយោធា នៃស្ថានទូតអាមេរិក នៅកម្ពុជា…

Posted by U.S. Embassy Phnom Penh, Cambodia on Friday, June 14, 2019
ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។

Tags: Hun ManetUSA