កម្ពុជា

ក្រុងភ្នំពេញ​រំលឹក​ខួប​ទី៤០ នៃ​ថ្ងៃ៧មករា ដោយ​សរសេរ​បដា​ផ្ទៃ​ពណ៌ក្រហម

បដាផ្ទៃពណ៌ក្រហម ដែលត្រូវបានគេគិតថា ជាពណ៌តំណាងឲ្យឈាម និងលទ្ធិកុម្មុយនីស្ដិ៍ បានពន្លេចខ្លួនមកវិញ នៅក្នុងឱកាសនៃការប្រារព្ធ ពិធីរំលឹកខួបលើកទី៤០ នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩-២០១៩ ក្នុងថ្ងៃនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក កណ្ដាលរាជធានីភ្នំពេញ។

សាក្សីរស់ជាច្រើន បានលើកឡើងថា បដារបៀបនេះ បានរលត់បាត់ខ្លួន តាំងពីឆ្នាំ១៩៩១ ពោលនៅក្នុងឆ្នាំ ដែលកម្ពុជាមានកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ចុះហត្ថលេខាដោយភាគីជម្លោះខ្មែរ និងតំណាងមកពីប្រទេស ជាច្រើនផ្សេងទៀត។

ក្នុងពេលកន្លងមក ក៏គេមិនដែលឃើញ របបដឹកនាំរបស់លោក ហ៊ុន សែន យកបដាមានផ្ទៃពណ៌ក្រហមរបៀបនេះ មកដាក់តាំងបង្ហាញ ឡើងវិញនោះឡើយ បើទោះជាគេដឹងថា លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ (ទាំងមកពីរដ្ឋាភិបាល និងទាំងមកពីគណបក្សប្រជាជនកម្ពុជា) មានអតីតភាព ជាកម្មាភិបាលកុម្មុយនីស្ដិ៍ នៃកម្ពុជាប្រជាធិបតេយ្យ ឬជាបក្សជនកុម្មុយនីស្ដិ៍ នៃសាធារណរដ្ឋ​ប្រជាមានិតកម្ពុជា ក៏ដោយ។

ប៉ុន្តែនៅថ្ងៃនេះ របបដឹកនាំលោក ហ៊ុន សែន បានយកបដា ផ្ទៃពណ៌ក្រហមទាំងនេះ មកដាក់តាំង​បង្ហាញឡើងវិញ នៅជុំវិញពហុកីឡដ្ឋាន និងជាពិសេស នៅខាងក្រោយវេទិកា នៃគណៈអធិបតី ដែលមានលោក ហ៊ុន សែន និងលោក ហេង សំរិន អង្គុយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះ​អសនៈ​សភា ទាំង១២៥ លើ ១២៥ នៅក្នុងការបោះឆ្នោតដ៏ប្រទាំងប្រទើសមួយ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំង អង្គការអន្តរជាតិធំៗ និងបណ្ដាប្រទេសលោកសេរី ថាកំពុងដឹកនាំប្រទេសកម្ពុជា ទៅរករបបឯកបក្ស ដែលគ្មានសម្លេងប្រឆាំង៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។