កម្ពុជា

អ្នកគាំទ្រ CNRP គ្រោង​ធ្វើបាតុកម្មថ្ងៃ​១៩មករា នៅមុខសេតវិមាន​និង​រដ្ឋសភា​អាមេរិក

បណ្ដាជនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស ជាពិសេស​នៅក្នុង​ទ្វីបអាមេរិក​ខាងជើង បានប្រកាសត្រៀមធ្វើបាតុកម្មមួយ នៅរសៀល​ថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ខាងមុខ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

អ្នករៀបចំបាតុកម្មមួយរូប បានថ្លែងឡើងថា គម្រោង«មហាបាតុកម្ម»​នោះ ត្រូវបានបណ្ដាសាខាជាច្រើន នៃគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសរៀបចំឡើង ក្នុងនោះមានគណបក្សសង្គ្រោះជាតិ នៅទ្វីបអាមេរិកខាងជើង និងចលនាសង្គ្រោះជាតិជាដើម។

អ្នករៀបចំបាតុកម្ម បានបន្តថា ក្រុមបាតុករនឹងរៀបចំជួបជុំគ្នា នៅខាងមុខមន្ទីររដ្ឋសភា សហរដ្ឋអាមេរិក ហើយបន្ទាប់មក នឹងធ្វើការដង្ហែជាក្បួន ទៅកាន់សេតវិមាន ដែលជាវិមានប្រធានាធិបតីអាមេរិក។

កម្មវត្ថុសំខាន់នៃបាតុកម្ម ត្រូវបានបញ្ជាក់ឲ្យដឹងថា គឺដើម្បីអង្រួន រដ្ឋាភិបាលអាមេរិក និងសហគមន៍អន្តរជាតិ ឲ្យបន្ថែមល្បឿន ក្នុងការដាក់សម្ពោធ មកលើរដ្ឋាភិបាលលោក ហ៊ុន សែន និងទាមទារឲ្យរបបដឹកនាំ នៅកម្ពុជាសព្វថ្ងៃ ត្រូវស្តារស្ថានការណ៍នយោបាយ ឲ្យវិលត្រឡប់ មករកប្រក្រតីភាពឡើងវិញ និងស្របតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។

នៅលើសន្លឹកប្រកាស ពីបាតុកម្ម គេឃើញមានសរសេរ ជាអក្សរធំៗថា៖

«មហាបាតុកម្ម ទាមទារឲ្យអាមេរិក និងអន្តរជាតិ ដាក់សម្ពាធលើ ហ៊ុន សែន ឲ្យស្របតាមលក្ខខណ្ឌ ៥ចំណុច របស់សហភាពអ៊ឺរ៉ុប»

បាតុកម្មរបស់ពលរដ្ឋខ្មែរ នៅក្រៅប្រទេស ធ្វើឡើងបន្ទាប់ពីបាតុកម្ម របស់ពលរដ្ឋខ្មែរ នៅក្នុងប្រទេសអូស្ត្រាលី ដែលនឹងត្រៀមធ្វើនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ស្អែកនេះ។ បាតុកម្ម​នៅក្នុងក្រុង មែលប៊ន ត្រូវបានអ្នករៀបចំបាតុកម្ម អះអាងថា ធ្វើឡើងដើម្បីប្រឆាំង នឹងខួបទី៤០ នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩-២០១៩ និងទាមទារ ឲ្យរបបក្រុងភ្នំពេញ ងាកមកស្ដារ លទ្ធិប្រជាធិបតេយ្យឡើងវិញ។

សម្រាប់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានអះអាងថា បាតុកម្មរបស់ពលរដ្ឋខ្មែរ នៅក្រៅស្រុកទាំងនោះ គ្មានឥទ្ធិពលអ្វីមកលើកម្ពុជាទេ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។