កម្ពុជា

អ្នកនាំពាក្យអាវុធហត្ថ បកស្រាយរឿង ដុត​សម្លៀកបំពាក់​ក្លែងក្លាយ

នៅចំពោះការរិះគន់ របស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ជុំវិញការដុតកម្ទេចចោល នូវសម្លៀកបំពាក់ក្លែងក្លាយ លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ បានចេញមុខមកបកស្រាយថា ការ«ដុត​សម្លៀកបំពាក់​ក្លែងក្លាយ»ចោលនោះ ជាទង្វើគិតគូរវែងឆ្ងាយ និងស្របតាមច្បាប់។

កាលពីព្រឹកថ្ងៃសុក្រទី២៩ ខែមិនា ឆ្នាំ២០១៩ម្សិលម៉ិញ សម្លៀកបំពាក់ក្លែងបន្លំ ២៤៥៣ កំ​ប្ល៉េ ត្រូវបាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោមអធិបតីរបស់លោកឧ​ត្ត​ម​សេនីយ៍​ឯក អន សុខុន មេបញ្ជាការរង ​ដុតបំផ្លាញ​ចោល នៅ​កន្លែង​ចាក់សំរាម ​ស្ថិតនៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ប៉ុន្តែក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានយកការ«ដុត​សម្លៀកបំពាក់​ក្លែងក្លាយ»ទាំងនេះ មកធ្វើការរិះគន់ថា ជាការខ្ជះខ្ជាយ ហើយថាគួរផ្ដល់ ទៅឲ្យមជ្ឈមណ្ឌលកុមារកំព្រា ឬជនទីទ័លក្រប្រសើរជាង។

តែអ្នកនាំពាក្យ កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស បានបញ្ជាក់ថា បើសិនជាកងរាជអាវុធហត្ថ យក «សម្លៀកបំពាក់ទាំងអស់នេះ ទៅចែកចាយ ឬចែកអំណោយ ជូនទៅអ្នកដទៃនោះ មានន័យថា សមត្ថកិច្ចឬសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គាំទ្រនូវផលិតផលក្លែងក្លាយ»។

លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី បានបំភ្លឺ​តាមរយៈ​ គណនីហ្វេសប៊ុករបស់លោកថា៖

«ដោយសារមានការគិតគូរវែងឆ្ងាយ និងស្របតាមផ្លូវច្បាប់ផង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានស្នើសុំអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបំផ្លាញចោលនូវសម្លៀកបពាក់ដែលចាប់យកចំនួន ២៤៥៣កំប៉្លេ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។»

យ៉ាងណា លោក អេង ហ៊ី អះអាងថា ស្ថាប័នលោកទទួលយក នូវមតិរិះគន់ទាំងនេះ និងបើកចំហរ ឲ្យមានការសាកសួរបន្ថែម បើសិនជាមាននរណា មិនទាន់យល់ពីការបកស្រាយ របស់លោកខាងលើ។

សូមបញ្ជាក់ដែរថា កងរាជអាវុធហត្ថ បានរឹបអូសសម្លៀកបំពាក់ ក្លែងបន្លំ«ពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ពាណិជ្ជនាម»ទាំងនោះ នៅក្នុងប្រតិបត្តិការបង្ក្រាបមួយ នៅថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយមានបញ្ជាពីលោក សៅ សុខា អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពល​ខេ​ម​ភូមិន្ទ មេបញ្ជាការ​​កងរាជអាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ។

ការបង្ក្រាបនោះ ធ្វើឡើងទៅលើទីតាំងបីកន្លែង ដោយមាន​ការសម្របសម្រួល ​ពី​ព្រះរាជអាជ្ញា​អប​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយថែមទាំងបាន​ឃាត់ខ្លួន ​ជនសង្ស័យ​ម្នាក់ ឈ្នោះ ហេង រស្មី បញ្ជូនទៅ​តុលាការ​ ដើម្បី​បន្ត​នី​តី​វិធី​នោះផង​៕

ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការឆ្លើយតបជាមួយបងប្អូន…

Posted by Eng Hy on Friday, March 29, 2019
ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។