កម្ពុជា

បក្ស«GDP»លើកឡើងពី​មូលហេតុ​៤ ដែលវៀតណាម​​ឈ្លានពាន​កម្ពុជា

នៅចំពោះភាពប្រទាំងប្រទើស រវាងក្រុមអ្នកគាំទ្រ និងក្រុមអ្នកប្រឆាំង ដែលលើក​ឡើង​ខុសៗគ្នា អំពីអត្ថន័យ​នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩នោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ «GDP» បានពន្យល់ជាសាធារណៈ ហៅព្រឹត្តិការណ៍នៅចុងឆ្នាំ១៩៧៨ និង​ដើម​ឆ្នាំ១៩៧៩ ថាជា​ការលុកលុយប្រទេសកម្ពុជា ពីសំណាក់ប្រទេសវៀតណាម ក្រោម​«លេស»​មករំដោះប្រជាពលរដ្ឋខ្មែរ ដោយសារមូលហេតុ៤យ៉ាង។

គណបក្ស«GDP» ដែលត្រូវបានបង្កើតឡើង ដោយបញ្ញាវន្ដមួយក្រុម បានចោទសួរ​ពីករណីនេះ នៅលើបណ្ដាញសង្គមថា៖

«ហេតុអ្វីបានជា អគ្គលេខាបក្ស ឡេ ឌុកអាន ហ៊ានសម្រេចចិត្តបែបនេះ បើទោះបីដឹងថា វៀតណាមត្រូវប្រឈម នឹងការថ្កោលទោស និងការកៀបសង្កត់សេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរ ពីសហគមន៍អន្តរជាតិក៏ដោយ?»

គឺនៅថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ១៩៧៨ ដែលប្រទេស វៀតណាម​បានបើកប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយធំ ដោយប្រើកងទ័ពប្រមាណ ២សែននាក់ ដើម្បីវាយលុយចូល​ប្រទេស​កម្ពុជា មុននឹងផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយ ប៉ុល ពត បាន​ជា​ស្ថាពរ​នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ពោលគឺប្រើពេល តែជាង១០ថ្ងៃប៉ុណ្ណោះ។

គណបក្សខាងលើ ដែលបានចូលរួម​ការបោះឆ្នោតសាកល​ ឆ្នាំ២០១៨ តែគ្មានឈ្នះបាន​មួយអសនៈ ក្នុងរដ្ឋសភា​សោះ បានលើកមករៀបរាប់ នូវហេតុផលចម្បង ចំនួនបួន ដែល​វៀតណាមសម្រេច​ឈ្លានពានកម្ពុជា៖

១. វៀតណាមមានមហិច្ឆតា ជាយូរមកហើយ ក្នុងការគ្រប់គ្រងកម្ពុជា គឺតាំង​ពី​សតវត្ស​ទី១៧ មកម្ល៉េះ។
២. ប្រជាពលរដ្ឋខ្មែរ លែងគាំទ្ររដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ដែល​សាហាវ ឃោរឃៅ ព្រៃផ្សៃ។
៣. ជាតិខ្មែរកំពុងបែកបាក់យ៉ាងខ្លាំង ដោយអ្នកដឹកនាំ និងកងទ័ពខ្មែរ កំពុង​សង្ស័យ​និងកាប់សម្លាប់គ្នា។
៤. មានសហភាពសូវៀត​ជាបង្អែក គាំទ្រនៅពីក្រោយ។

ប៉ុន្តែហេតុអ្វី ក៏មានការលើកពីករណីខាងលើ នៅពេលនេះ? ចម្លើយ ទំនងជាមាន នៅក្នុងសំណេរសន្និដ្ឋានចុងក្រោយ ដែលគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សរសេរអះអាងថា៖

«ពីបច្ចុប្បន្នតទៅអនាគត បើអ្នកនយោបាយខ្មែរ មាននយោបាយអត់ឱនចំពោះគ្នា ក្នុង​ស្មារតីបង្រួបបង្រួមជាតិ និងមានទស្សនវិស័យកសាងជាតិ ឱ្យខ្លាំងរឹងមាំ វៀតណាម​យក​ខ្មែរមិនបានទេ៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។