កម្ពុជា

ក្រុមអ៊ឺរ៉ុប ផ្ដួចផ្ដើម​ដោយ EU គ្រោងផ្ដល់​​ជំនួយ​ជិត​៥០០លាន​ដុល្លារ​ឲ្យ​កម្ពុជា

ក្រុមអ៊ឺរ៉ុប (Team Europe) ដែលផ្ដួចផ្ដើមដោយ សហភាពអ៊ឺរ៉ុប (EU) កំពុង​កៀរ​គរ​ថវិកា​ចំនួន​៤៤៣​លាន​អឺរ៉ូ ដែល​ជា​កញ្ចប់​ប្រាក់​កម្ចី និង​ជំនួយ​ឥត​សំណង ដើម្បី​ធ្វើ​ការងារ​ជាមួយ​កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់ ​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ ដែល​បណ្ដាល​មក​ពី​ជំងឺ​កូវីដ​១៩​។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់ការិយាល័យសហភាពអ៊ឺរ៉ុប ដែលចេញផ្សាយ ក្នុងថ្ងៃសុក្រទី១២ ខែមិថុនា។

សេចក្ដីប្រកាសព័ត៌មាននោះ បានអះអាង ទឹកប្រាក់៤៤៣លានអ៊ឺរ៉ូ (ប្រមាណជា ៤៨៣​លានដុល្លារ ឬ១.៩៩០ ប៊ីលានរៀល) នឹងត្រូវប្រើប្រាស់ ទៅលើវិស័យអាទិភាព ចំនួនបី រួមមានៈការគាំទ្រដល់វិស័យសុខាភិបាល ការស្ដារខឿនសេដ្ឋកិច្ច  និងបង្កើតការងារជូនពលរដ្ឋ។

ទឹកប្រាក់ខាងលើ ជាការបញ្ចូលគ្នា នូវថវិកាវិភាជន៍ថ្មី ថវិកាដែលបានវិភាជន៍តាមកម្មវិធី និងថវិកាដែលត្រូវបានបង្វែរទិសដៅ ហើយនឹងត្រូវផ្ដល់មកកម្ពុជា តាមរយៈរដ្ឋាភិបាលក្រុងភ្នំពេញ និងអង្គការជាដៃគូ ក្នុងនោះមានទាំងអង្គការសង្គមស៊ីវិលផង។

សូមបញ្ជាក់ដែរថា ក្រុមអ៊ឺរ៉ុប ជាក្រុមដែលកើតឡើង ក្រោមកិច្ចខិតខំរួមគ្នា របស់សហភាពអ៊ឺរ៉ុប ជាមួយបណ្ដារដ្ឋជាសមាជិក ស្ថាប័នហិរញ្ញវត្ថុ និងទីភ្នាក់ងារអនុវត្តន៍នានា។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនោះ បានអះអាងបន្ថែមថា សម្រាប់ប្រទេសកម្ពុជា ក្រុមអ៊ឺរ៉ុបក៏ទទួលបានការចូលរួម ពីប្រទេសស្វីស (ដែលមិនមែនជាសមាជិក​សហភាព​អ៊ឺរ៉ុប) នោះដែរ។ 

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។