ស្ថានទូតនៃប្រទេសស៊ុយអែដ ប្រចាំនៅកម្ពុជា បានប្រតិកម្មភ្លាមៗ នៅចំពោះការចាប់ខ្លួនក្រុមសកម្មជន ដែលត្រូវបានធ្វើឡើង ជាបន្តបន្ទាប់ នៅប៉ុន្មានថ្ងៃចុងក្រោយ។
នៅថ្ងៃអាទិត្យនេះ អាជ្ញាធរបានចោទប្រកាន់យុវជនជាសកម្មជនបរិស្ថានចំនួន៣នាក់ពី “ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម” និងបង្គាប់ឱ្យបញ្ជូនអ្នកទាំងបីទៅឃុំខ្លួនបណ្ដោះអាសន្ នរង់ចាំសវនាការ ពាក់ព័ន្ធនឹងការអំពាវនាវដោយសន្តិវិធី ឱ្យរបបដឹកនាំក្រុងភ្នំពេញ យកចិត្តទុកដាក់ អំពីការលុបបឹងតាមោក នៅភាគខាងជើងនៃរាជធានីភ្នំពេញ ។
ក្រុមសកម្មជនទាំងបីនាក់ រួមមាន លោក ថុន រដ្ឋា អាយុ ២៨ឆ្នាំ កញ្ញា ឡុង គន្ធា អាយុ ២២ឆ្នាំ និងកញ្ញា ភួន កែវរស្មី អាយុ ១៩ឆ្នាំ ដែលសុទ្ធសឹងជាសមាជិក ចលនា«មាតាធម្មជាតិ»។
ក្នុងថ្ងៃអាទិត្យនេះដដែល អាជ្ញាធរបានចាប់ខ្លួនបន្ថែមទៀត នូវសមាជិកពីរនាក់ នៃចលនាយុវជន «ប្រជាពលរដ្ឋសកម្មដើម្បីយុត្តិធម៌» ដែលគ្រោងនឹងរៀបចំការជួបជុំ នៅទីលានប្រជាធិបតេយ្យ នៅដើមសប្ដាហ៍ក្រោយ ដើម្បីអំពាវនាវឱ្យដោះលែង លោក រ៉ុង ឈុន អតីតប្រធានសហជីព និងអ្នកជាប់ឃុំផ្សេងទៀត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
សកម្មជនទាំងពីរនាក់ រួមមាន ព្រះតេជព្រះគុណ កើត សារ៉ាយ សមាជិកក្រុមយុវជន«ខ្មែរថាវរៈ» និងលោក មាន ព្រហ្មមុនី អនុប្រធានសមាគមនិស្សិតខ្មែរបញ្ញាវ័ន្ដ។
សម្រាប់ស្ថានទូតនៃរាជាណាចក្រស៊ុយអែដ ដែលជាសមាជិកមួយ នៃសហភាពអ៊ឺរ៉ុប បានសម្តែងការនូវព្រួយបារម្ភ ជុំវិញការចាប់ខ្លួន និងចោទប្រកាន់សកម្មជនខាងលើនេះ។ តាមរយៈទំព័រទ្វីសធើរផ្លូវការរបស់ខ្លួន ស្ថានទូតបានសរសេរថា៖
«គួរឲ្យសោកស្ដាយ ដែលការព្រួយបារម្ភ នៅតែបន្តកើតមាន ចំពោះការចាប់ខ្លួនសកម្មជនបរិស្ថាន និងក្រុមយុវជន ក្នុងពេលថ្មីៗនេះ រួមទាំងការចោទប្រកាន់ទាំងឡាយ ប្រឆាំងពួកគេ។ បន្ថែមពីលើនេះ យើងបានទទួលដំណឹង អំពីការចាប់ខ្លួនថ្មីៗបន្ថែម នូវយុវជនផ្សេងទៀត ដែលអនុវត្តនូវសិទ្ធិ នៃការបញ្ចេញមតិ និងសិទ្ធិ នៃការជួបជុំរបស់ពួកគេ។»
ស្ថានទូតបានបន្តថា៖
«ប្រទេសស៊ុយអ៊ែត នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានការណ៍ទាំងនេះ ដោយផ្អែកតាមគោលការណ៍ និងបទដ្ឋានសិទ្ធិមនុស្ស៕»