កម្ពុជា

សុវណ្ណ រិទ្ធី ឈ្នះ​ពាន​អាល្លឺម៉ង់​«DW» ស្ដីពី​«សេរីភាព​នៃ​ការបញ្ចេញ​មតិ»

ពានរង្វាន់ ស្ដីពី«សេរីភាព​នៃ​ការបញ្ចេញ​មតិ» របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិអាល្លឺម៉ង់ «DW – Deutsche Welle» ឆ្នាំ២០២០នេះ ត្រូវបានប្រគល់ជូន អ្នកសារព័ត៌មាន​ចំនួន​១៧នាក់ មកពី១៤ប្រទេស នៅលើពិភពលោក ក្នុងនោះក៏មានលោក សុវណ្ណ រិទ្ធី មកពី​ប្រទេស​កម្ពុជា មួយរូបផង។

សេចក្ដីប្រកាសព័ត៌មាន របស់បណ្ដាញ​ផ្សព្វផ្សាយ​អន្តរជាតិមួយនេះ បានបញ្ជាក់ថា ក្រុមអ្នកកាសែត​​ទាំងនោះ បានឈ្នះ​ពាន​រង្វាន់​​ខាងលើ ព្រោះ​ពួកគេ​មានភាព​ក្លាហាន នៅក្នុងវិជ្ជាជីវៈ របស់​ផងខ្លួន នៅក្នុង​រយៈពេល​នៃ​ការរាតត្បាត​ជំងឺ​«Covid-19»។ ផ្ទុយទៅវិញ ពួកគេបែរជា​រង​ការចាប់ខ្លួន ឬរហូតដល់ រងការបាត់ខ្លួន ដោយ​គ្រាន់​តែ​ពួកគេ ធ្វើសេចក្ដីរាយការណ៍ អំពី​ជំងឺ​ដ៏ចង្រៃ​នេះប៉ុណ្ណេះ។

លោក សុវណ្ណ រិទ្ធី អ្នក​សារព័ត៌មានខ្មែរ និង​ជាចាងហ្វាយ​ការផ្សាយ នៃស្ថាប័ន«TVFB»របស់​លោក ត្រូវបានចាប់ខ្លួន អាជ្ញាធរក្រុងភ្នំពេញ ពីបទ«ញុះញង់ ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ជាអាទិ៍» និងបញ្ជូនទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅពន្ធនាគារ «PJ» (ភ្នំពេញ)។ ការចាប់​ខ្លួន​នោះ ធ្វើឡើងបន្ទាប់ពីលោកបានផ្សាយ ដំណកស្រង់សំដី របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងក្នុងថ្ងៃតែមួយ ស្ដីពីវិធានការ​របស់ក្រុងភ្នំពេញ នៅចំពោះជំងឺរាតត្បាត«Covid-19»។

ដំណកស្រង់នោះ មានខ្លឹមសារទាំងស្រុងថា៖

«បើអ្នកម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ។»

មួយថ្ងៃក្រោយការចាប់ខ្លួននោះ ​ក្រសួងព័ត៌មានកម្ពុជា ក៏បានសម្រេចបិទ ស្ថាប័ន​«TVFB»​របស់លោក សុវណ្ណ រិទ្ធី ខណៈអ្នកសារព័ត៌មានរូបនេះ នៅមិនទាន់​ត្រូវបាន​តុលាការ រកឃើញទោសកំហុស និងផ្ដន្ទាទោសនៅឡើយ។

សម្រាប់លោក «Peter Limbourg» អគ្គនាយកប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ របស់​រដ្ឋ​អាល្លឺម៉ង់ខាងលើ បានអះអាង នៅក្នុងសេចក្ដីសម្រេច ប្រគល់ពានរង្វាន់ «សេរីភាព​នៃ​ការបញ្ចេញ​មតិ» ទៅឲ្យអ្នកសារព័ត៌មាន ទាំង១៧រូប ក្នុងរដ្ឋធានីប៊ែរឡាំង កាលពីថ្ងៃទី៣ ខែឧសភា កន្លងមកដូច្នេះថា៖

«នៅក្នុងរយៈពេល នៃវិបត្តិ​”Covid-19″នេះ សារព័ត៌មាន​ដើរតួនាទី យ៉ាង​សំខាន់ ហើយ​រាល់​អ្នក​សារព័ត៌មាន មានទំនួល​ខុសត្រូវ​ខ្ពស់ [ចំពោះ​ការផ្ដល់ដំណឹង ឬព័ត៌មាន សម្រាប់​ពលរដ្ឋ]។»

លោកបន្តថា ៖

«ពលរដ្ឋនៃប្រទេសទាំងអស់ មានសិទ្ធិ​ទទួល​បាន ព័ត៌មានពិត និង​មតិរិះគន់។ ទំរង់​ណាមួយ នៃការរារាំង ចំពោះសិទ្ធិទាំងនេះ អាចធ្វើឱ្យអន្តរាយ ដល់ជីវិតមនុស្ស ! ហើយ​ការប៉ុនប៉ង ដាក់ទាក់ទណ្ឌ ចំពោះបាយការណ៍ទាំងឡាយ ស្តីពីស្ថានភាពបច្ចុប្បន្ន ធ្វើឱ្យ​ប៉ះពាល់ដល់ សេរីភាព​នៃ​ការបញ្ចេញ​មតិ យ៉ាងច្បាស់។»

ប្រតិកម្ម​តាមរយៈកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីមុន​នេះ​បន្តិច លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានបដិសេធ​ការធ្វើ​អត្ថាធិប្បាយ ចំពោះ​ការសម្រេច របស់ស្ថាប័ន «WD» របស់ប្រទេសអាល្លឺម៉ង់ ក្នុងការផ្ដល់​ពានរង្វាន់ ទៅឲ្យអ្នកសារព័ត៌មានខាងលើ។

លោក គឹមសេង មានប្រសាសន៍ថា៖

«បើគេប្រគល់[ពាន]រង្វាន់ ការងាររបស់គាត់ អាហ្នឹងរឿងរបស់គាត់ ព្រោះអី​នៅក្រសួង​ព័ត៌មាន យើងអត់បានធ្វើការ ជាមួយអង្គការហ្នឹងផង។ ហើយគាត់​នៅក្រៅ​ប្រទេស​ទៅទៀត អញ្ចឹងយើងអត់មាន ប្រតិកម្មអ្វីទេ (…) ខ្ញុំមិនដឹងថា អង្គការហ្នឹងគាត់ធ្វើអី គាត់ចាប់ធ្វើពីពេលណា របៀបម៉េច (…)។»

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយភ្លាមៗ ក្រោយការចាប់ខ្លួនលោក សុវណ្ណ រិទ្ធី អង្គការ​អ្នកយកព័ត៌មាន​គ្មានព្រំដែន (RWB /RSF) ដែលមានទីស្នាក់ការធំ ក្នុង​រដ្ឋធានីប៉ារីស (បារាំង) បានទាមទារឲ្យដោះលែងលោក សុវណ្ណ រិទ្ធី ជាបន្ទាន់ និង​ប្រគល់​អាជ្ញាប័ណ្ណ ដើម្បីអាចឲ្យស្ថាប័ន​សារព័ត៌មានរបស់លោក អាចមាន​ដំណើរការ​ឡើងវិញ។ អង្គការខាងលើ បានបរិហារក្រុងភ្នំពេញ នៅចំពោះ​ការចាប់ចង​អ្នកសារព័ត៌មាន និងការរិតត្បិត បំបិតមាត់អ្នកសារព័ត៌មាន ថាបានធ្វើឡើង ដោយប្រើលេស​នៃជំងឺ​រាតត្បាត «Covid-19»។

ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានច្រានចោលសេចក្ដីថ្លែងការណ៍នោះ ដោយ​ចាត់ទុកថា ការអះអាង​និង​ការទាមទារ របស់អង្គការអ្នក​យក​ព័ត៌មាន​គ្មានព្រំដែន ថាជាការប្រមាថ និងមិនយល់ ​ពីច្បាប់កម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ «WD» ដដែល បានរៀបរាប់ថា ក្រុមប្រទេស​ទាំង១៤ ដែលជាប់ឈ្មោះ ក្នុងការ​រុកគួន ទៅលើអ្នកសារព័ត៌មាន រួមមាន កម្ពុជា, ស៊ែប៊ី, ស្លូវេនី, បេឡារុស្ស, រុស្ស៊ី, វេណេហ្ស៊ុយអេឡា, អ៊ីរ៉ង់, ហ្ស៊ីមបាវេ, អ៊ូហ្គង់ដា, តួកគី, ហ្ស៊កដានី, ឥណ្ឌា, ហ្វីលីពីន និងប្រទេសចិន។

«DW – Deutsche Welle» ជាស្ថាប័នផ្សព្វផ្សាយរដ្ឋ ដែលមានលក្ខណៈ«ស្វយ័ត» របស់​ប្រទេសអាល្លឺម៉ង ដែលផ្សាយចេញ ជាភាសាបរទេស ចំនួន៣០ភាសា តាមរយៈវិទ្យុ ទូរទស្សន៍ គេហទំព័រ និងប្រព័ន្ធផ្កាយរណប។ «DW» មានស្នាក់ការកណ្ដាល នៅក្រុង ប៊ន (Bonn) និងនៅរដ្ឋធានីប៊ែរឡាំង និងបានបង្កើត ឲ្យមានកម្មវិធីពានរង្វាន «សេរីភាព​នៃ​ការបញ្ចេញ​មតិ»នេះឡើង ជារៀងរាល់ឆ្នាំ រាប់ពីឆ្នាំ២០១៥មក។

លោកអគ្គនាយក «Peter Limbourg» បានថ្លែងថា ស្ថាប័ន«WD»របស់លោក ទាមទារ​ឱ្យដោះលែង អ្នកសារព័ត៌មានទាំងអស់ នៅជុំវិញពិភពលោក ដែលត្រូវបានចាប់ខ្លួន ឬធ្វើទុក្ខបុកម្នេញ បន្ទាប់ពីពួកគេបានធ្វើសេចក្ដីរាយការណ៍ អំពីវិបត្តិជំងឺរាតត្បាត។ លោកមានប្រសាសន៍ទៀតថា៖

«យើងសូមគោរព ដល់ក្រុមអ្នកសារព័ត៌មានទាំងនោះ ដែលត្រូវបានរារាំង យ៉ាងហឹង្សា មិនឱ្យធ្វើការងារ របស់ពួកគេ ក្នុងកំឡុងពេល​ដ៏លំបាកនេះ៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។