កម្ពុជា

សួន សេរីរដ្ឋា ថ្លែងពី​«ខ្លាសេដ្ឋកិច្ច» ដែលទិញ​អំបិលទឹកភ្លើង​ពីបរទេស

កម្ពុជាជា«ខ្លាសេដ្ឋកិច្ច»? សម្រាប់លោក សួន សេរីរដ្ឋា ពិបាកឲ្យនិយមន័យ ចំពោះពាក្យ​ថា «កម្ពុជា​ខ្លាសេដ្ឋកិច្ច» ប៉ុន្មានម៉ាត់នេះណាស់ ដោយហេតុថា មេដឹកនាំខ្មែរមិនចេះ​រក​ការងារ​ឲ្យពលរដ្ឋធ្វើនៅក្នុងស្រុក ហើយបើសូម្បីអំបិលទឹកភ្លើង ក៏ខ្មែរត្រូវទិញនាំចូល​ពីបរទេស​ដែរ។

អតីតប្រធានគណបក្សអំណាចខ្មែរ បានរៀបរាប់នៅលើបណ្ដាញសង្គមថា មេដឹកនាំ​មិន​ដែលឲ្យពលរដ្ឋថៃ ដែលមានចំនួនដល់ទៅជាង៧០លាននាក់ ខ្វះការងារធ្វើឡើយ។ លោក​ថា៖

«មិនតែប៉ុណ្ណោះ គេអាចដឹកនាំដោយផ្តល់ការងារតំលៃខ្ពស់ ដល់ពលករ ៣ ប្រទេសថែម​ទៀត​ក្នុងតំបន់ គឺផ្តល់ការងារឲ្យខ្មែរ ឲ្យលាវ និងឲ្យភូមា មានការងារធ្វើ… ហើយមេដឹកនាំ​សៀម ក៏មិនដែលខ្វល់ចង់បាន “EBA” ពីអ៊ឺរ៉ុបដែរ។»

«មើលមកស្រុកខ្មែរ ដែលពួកមេដឹកនាំរាល់ថ្ងៃនេះ ខំអួតខ្លួនថា ជាខ្លាសេដ្ឋកិច្ចថ្មីក្នុង​តំបន់​នោះ សួរថា៖ តើបានបង្កើតការងារ ផ្តល់ការងារឲ្យពលរដ្ឋខ្មែរ បានធ្វើ បានតំលៃ​ខ្ពស់ មិនបាច់ចេញទៅស៊ីឈ្នួល លក់កម្លាំងឲ្យបរទេស នៅក្រៅប្រទេសហើយឬនៅ?»

លោក រដ្ឋា បានលើកឡើងត្រួស ពីរបៀបដឹកនាំ នៅក្នុងប្រទេសកម្ពុជា ដែលលោកមើល​ឃើញដូច្នេះថា៖

«ប្រទេសមានសមុទ្រ ចាក់ដីលុបសមុទ្រ រំលាយសហគមន៍អ្នកធ្វើស្រែអំបិល ហើយតាំងទៅ​ទិញ​អំបិលពីចិន (?)… ប្រទេសមានទន្លេ មានបឹង នាំគ្នាចាក់ដីលុបបឹង វាតទីយកដីលក់ ហើយតាំងខ្វះទឹក ទៅទិញទឹកពីសៀម (?)…។ គ្រាន់តែអំបិល ទឹក និងភ្លើងអគ្គីសនី សុទ្ធ​តែ​ពឹងយួន ពឹងសៀម ពឹងចិនទាំងអស់ ! តើ”ខ្លាសេដ្ឋកិច្ច”ស្អី?»

ក្នុងពេលនេះ លោក សួន សេរីរដ្ឋា កំពុងត្រៀម​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ទៀត ដែលទំនងជាមានឈ្មោះ  «គណបក្ស​ខ្មែរ​កែ​ទម្រង់» ឬឈ្មោះ «គណបក្ស​ផ្ដល់​អំណាច​ពលរដ្ឋ» ដែលមានបាវចនា «ជាតិ ទឹកដី សេរីភាព»។ គណបក្សរបស់លោក ទំនងជាចេញ​ជារូបរាង នៅចុងសប្ដាហ៍នេះ។

អតីតប្រធានចលនាអំណាចពលរដ្ឋខ្មែរ បានយកឱកាសនេះ ហៅមេដឹកនាំកម្ពុជាសព្វថ្ងៃ ថាបានកើតចេញ ពីអ្នកនយោបាយល្ងង់ ដែលចូលទៅអង្គុយ ក្នុងសភា«ល្ងង់»។ លោក​សរសេរ​ថា៖

«ដរាបណាពលរដ្ឋនៅតែបន្តជឿទុកចិត្ត រើសយកអ្នកនយោបាយល្ងង់ ទៅអង្គុយក្នុងសភា សភាល្ងង់នោះ នឹងបង្កើតបានរដ្ឋាភិបាលល្ងង់ ហើយរដ្ឋាភិបាលល្ងង់នោះហើយ ដែល​ដឹកនាំ​ប្រទេស ឲ្យពលរដ្ឋវេទនា៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។