កម្ពុជា

សុខ ទូច អះអាងថា សម រង្ស៊ី មិន​វិល​ចូលកម្ពុជាទេ ព្រោះហេតុផល​៥យ៉ាង

ការប្រកាសម្ដងហើយ ម្ដងទៀត របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជំនិតរបស់លោក អំពីដំណើរធ្វើមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី ត្រឡប់ចូលប្រទេស​កម្ពុជាវិញ ត្រូវបានលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា មិនអាចទៅរួចឡើយ។

លោក សុខ ទូច បានអះអាងដូច្នេះ នៅលើបណ្ដាញសង្គមថា៖

«អ្វីដែលលោក សម រង្ស៊ី បំផុសចលនាវិលចូលស្រុកនេះ វាគ្រាន់តែជាសារមួយ​ប្រាប់ទៅមហាជនថា សម រង្ស៊ី មិនដេកលក់ទេ ហើយខ្លួនអាចធ្វើអាជីវកម្ម ក្នុងការប្រមូលថវិកា ពីការវិលចូលស្រុកនេះទៀតផង។ ម្យ៉ាងវិញទៀត សកម្មភាពរបស់លោកដែលនៅកូរ៉េ កាលពីពេលថ្មីៗនេះ ថាជាភាពជោគជ័យ ប៉ុន្តែបើយើងក្រឡេក មកមើលពីចំនួនអ្នកចូលរួម ក្នុងមហាបាតុកម្មភ្លើងទៀន កាលពីចុងខែមេសានេះ គឺមិនដល់១ម៉ឺននាក់ផង ខណៈពេលដែលពលករខ្មែរនៅកូរ៉េ មានដល់ជាង៦ម៉ឺននាក់ឯណោះ។»

ដើម្បីបញ្ជាក់ថា ប្រធានស្ដីទីគណបក្សប្រឆាំង ច្បាស់ជាមិនវិលចូលកម្ពុជាវិញនោះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលធ្លាប់ល្បីឈ្មោះ តាមការធ្វើវិភាគរបស់លោក ក្នុងពេលកន្លងមក បានលើកយកមូលហេតុចំនួន៥ មកពន្យល់ ដូចការដកស្រង់ទាំងស្រុង​ខាងក្រោម។

ហេតុផលទ១ របស់លោក សុខ ទូច គឺលោក សម រង្ស៊ី ធ្លាប់បានសន្យាថានឹងវិលមកកម្ពុជាវិញជាច្រើនលើកមកហើយ តែធាតុពិត គាត់បានត្រឹមសន្យាខ្យល់ ដើម្បីប្រជាភិថុតមហាជនប៉ុណ្ណោះ។ លោក សុខ ទូច បានលើកយកថ្ងៃខែមួយចំនួន មកបញ្ជាក់ថា៖

  • នៅថ្ងៃ ១៦ វិច្ឆិកា ឆ្នាំ២០១៥
  • ថ្ងៃទី១៩ តុលា ឆ្នាំ២០១៦
  • ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧
  • ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

ខណៈហេតុផលទី២ ត្រូវបានប្រធានរាជបណ្ឌិត្យសភាកម្ពុជាបញ្ជាក់ថា កាលពីរចនាសម្ព័ន្ធ CNRP នៅមានគាត់បានលាលែង ហើយដេករង់ចាំមើល សកម្មភាពរដ្ឋាភិបាល។ ចំពោះហេតុផលទី៣ គឺភរិយារបស់លោក សម រង្ស៊ី អាចនឹងមិនផ្តល់ឱកាសឱ្យលោក បានវិលមកកម្ពុជានោះទេ។ លោក សុខ ទូច ពន្យល់ថា អ្នកលេងនយោបាយ នៅពីខាងក្រោយឆាក គឺប្រពន្ធលោក សម រង្ស៊ី មិនមែនលោក សម រង្ស៊ី ឡើយ។

បណ្ឌិត សុខ ទូច ដែលទទួលសញ្ញាប័ត្រ ពីប្រទេសរ៉ុស្ស៊ី បានរៀបរាប់ក្នុងហេតុផលទី៤ថា លោក សម រង្ស៊ី អាចធ្វើព្យុះធ្វើភ្លៀងបាន នៅពេលលោកនៅក្រៅស្រុក។ តែពេលនៅពេលមេដឹកនាំប្រឆាំង វិលចូលស្រុក គឺលោកបែរជាលើកជើងពាន ជូនលោក ហ៊ុន សែន ទៅវិញ ដូចជា៖

  • ករណីវិសោធនកម្មរដ្ឋធម្មនុញ្ញ ពី២/៣ មក៥០+១
  • វិសោធនកម្មច្បាប់ ក្រោយពេលបោះឆ្នោត
  • លទ្ធផលនៃការបោះឆ្នោត ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា​បានទទួល​សំឡេង​ឆ្នោតគាំទ្រ រហូតទៅដល់ ៨២.០៣% (ដេកផ្ទះឈ្នះឯង)។

រីឯហេតុផលទី៥ ត្រូវបានមេដឹកនាំរាជបណ្ឌិត្យសភា ពន្យល់ថា លោក សម រង្ស៊ី ដែលអះអាងនឹងមកកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋាភិបាល និងមកចាប់លោក ហ៊ុន សែន នោះ តើលោក សម រង្ស៊ី នឹងចាប់លោក ហ៊ុន សែន ដោយរបៀបណា? បើពេលលោកនៅមានសមត្ថភាព និងលទ្ធភាព លោកធ្វើអ្វីមិនកើតផង ចុះទម្រាំពេលនេះ លោកជាទណ្ឌិត ហើយជាប់បណ្តឹង ជាច្រើនករណីផ្សេងទៀតនោះ? លោក សុខ ទូច បានបញ្ជាក់ថា ដូច្នេះ រដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់ ដើម្បីការពាររដ្ឋធម្មនុញ្ញ និងរក្សានូវសណ្តាប់ធ្នាប់សង្គម៕

ថ្មីៗនេះ លោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើង ថាលោកនឹងវិលចូលមកកម្ពុជាវិញ ប៉ុន្តែបើតាមការវិភាគរបស់ខ្ញុំ…

Publiée par Sok Touch – សុខ ទូច sur Jeudi 16 mai 2019
ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។