ពាក្យហ៊ោរកញ្ជៀវ ដែលមានសេចក្ដីថា «សម រង្ស៊ី – កឹម សុខា ជាមនុស្សតែមួយ» នោះ នឹងជួយលោក សម រង្ស៊ី មិនបានទេ! នេះ បើតាម លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងយោងមូលហេតុថា ព្រោះលោក សម រង្ស៊ី មិនមែនជាសមាជិកគណបក្សសង្គ្រោះជាតិទៀតទេ ហើយក៏មិននៅក្នុង កញ្ចប់មន្ត្រីគណបក្ស ទាំង១១៨នាក់ ដែលត្រូវបានហាមឃាត់ ធ្វើសកម្មភាពនយោបាយនោះដែរ។
នៅលើប្រព័ន្ធ តេឡេក្រាម នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរថា៖ «ទោះបីទណ្ឌិត សម រង្ស៊ី នៅតែចង់ផ្សារភ្ជាប់ខ្លួនជាមួយ កឹម សុខា តាមពាក្យស្លោកថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ យ៉ាងណាក្តី ក៏មិនអាចជួយបានដែរ ពីព្រោះជាមនុស្សពីរនាក់ ដាច់ដោយឡែកពីគ្នា»។
កាលពីថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ហុចដៃសម្រួលទៅដល់មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូល ព្យួរសិទ្ធិធ្វើនយោបាយ ក៏ដូចជាទៅដល់ ប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងសហជីពមួយចំនួន អាចធ្វើសកម្មភាពនយោបាយ ឬសកម្មភាពក្នុងស្ថាប័នខ្លួនធម្មតាឡើងវិញ។
ក្នុងថ្ងៃដដែលនោះ រដ្ឋសភាឯកបក្សកម្ពុជា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែរ លើកឡើងពីគម្រោង ធ្វើវិសោធនកម្មជាថ្មីទៀត ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីអ្វីមួយ ដែលស្ថាប័នជាតិមួយនេះ អះអាងថា ជាការបើកលទ្ធភាព ឲ្យមន្ត្រីបក្សប្រឆាំងទាំង១១៨នាក់ អាចវិលទៅធ្វើនយោបាយវិញបាន។ មន្ត្រីទាំងនោះ ត្រូវបានតុលាការកំពូលកម្ពុជា ចេញសាលក្រម ហាមឃាត់ធ្វើនយោបាយ ក្នុងរយៈពេល៥ឆ្នាំ ស្របគ្នានឹងសាលក្រមរំលាយគណបក្សសង្គ្រោះជាតិ ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក សុខ ឥសាន បានពន្យល់ទៀតថា លោក សម រង្ស៊ី ត្រូវនៅឯកោ ព្រោះក្នុងសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលកម្ពុជាខាងលើនេះ មិនមានជាប់ពាក់ព័ន្ធ នឹងឈ្មោះលោក សម រង្ស៊ី ទេ។ លោកថា៖ «ហេតុនេះ ទណ្ឌិត សម រង្ស៊ី គឺជាមនុស្សនៅក្រៅសង្វៀន នៃដំណោះស្រាយនយោបាយ តាមស្មារតីនៃសេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ ទណ្ឌិត សម រង្ស៊ី គឺជាមនុស្សឯកោ។»។
ការថ្លែងរបស់អ្នកនាំពាក្យ ធ្វើឡើងនៅក្នុងបរិបទ នៃការខ្វែងគំនិតគ្នាយ៉ាងខ្លាំងក្លា រវាងក្រុម សម រង្ស៊ី និយម និងក្រុម កឹម សុខា និយម ដែលបានផ្ទុះ កាន់តែធំឡើង បន្ទាប់ពីលោក សម រង្ស៊ី ត្រូវបានសន្និសីទក្រុងអាត្លង់តា (អាមេរិក) ជ្រើសតាំងឲ្យក្លាយជា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សម្រាប់រយៈពេលដែលលោក កឹម សុខា ស្ថិតក្រោមការឃុំឃាំង ក្នុងគេហដ្ឋានរបស់លោក ឯរាជធានីភ្នំពេញ។
យ៉ាងណា លោក សម រង្ស៊ី បានអះអាង កាលពីប៉ុន្មានថ្ងៃមុន ចាត់ទុកសេចក្ដីថ្លែងការណ៍ របស់រដ្ឋាភិបាលកម្ពុជានោះ ថាគ្រាន់តែជាល្បិចមួយ របស់លោក ហ៊ុន សែន ដើម្បីបំបែកបំបាក់គណបក្សសង្គ្រោះជាតិ និងបំបែកបំបាក់រូបលោក ចេញពីលោក កឹម សុខា ប៉ុណ្ណោះ។
លោក សម រង្ស៊ី បានបញ្ជាក់សារជាថ្មីថា លោក ឬគណបក្សសង្គ្រោះជាតិ នឹងមិនចរចាជាមួយលោក ហ៊ុន សែន ជុំវិញបញ្ហានេះទេ តែមេដឹកនាំប្រឆាំងកម្ពុជារូបនេះ អះអាងថា ទុកឲ្យលោក ហ៊ុន សែន ទៅជជែកចរចា ជាមួយសហគមន៍អន្តរជាតិ ដោយខ្លួនលោកទៅ។ អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា លោក ហ៊ុន សែន ត្រូវតែធ្វើតាមការទាមទារ របស់សហគមន៍អន្តរជាតិ ឲ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីជាថ្នូរ នឹងលប់ចោលវិញ នូវទណ្ឌកម្មផ្នែកសេដ្ឋកិច្ច៕