អាស៊ី-ប៉ាស៊ីភិក

ចិន​ទាមទារ​ឲ្យ​កាណាដា​ដោះលែង​នាយិកា​ហិរញ្ញវត្ថុ ក្រុមហ៊ុន​«Huawei»

ក្រសួងការបរទេសចិន បានទាមទារកាលពីម្សិលម៉ិញ ឲ្យមានការដោះលែងជាបន្ទាន់ អ្នកស្រី «Meng Wanzhou» នាយិកា​ទទួលបន្ទុក​ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនទូរស័ព្ទចិន យីហោ «Huawei» និងជាកូនស្រី របស់ស្ថាបនិកក្រុមហ៊ុនយក្សមួយនេះ។

អ្នកស្រីនាយិការូបនេះ ត្រូវបានចាប់ឃុំខ្លួន តាំងពីថ្ងៃទី១ ខែធ្នូមក ដោយអាជ្ញាធរប្រទេសកាណាដា តាមការស្នើសុំរបស់សហរដ្ឋអាមេរិក ដែលចោទអ្នកស្រីបានរំលោភលើនយោបាយទណ្ឌកម្មរបស់អាមេរិក ដែលដាក់លើប្រទេសអៀរ៉ង់។

នៅក្នុងសេចក្ដីប្រកាស​ព័ត៌មាន​មួយ បានបញ្ចាក់ថា ក្រសួងការបរទេសចិន​បានកោះហៅ​ឯកអគ្គរដ្ឋទូត នៃប្រទេសកាណាដា ប្រចាំនៅរដ្ឋធានីប៉េកាំង ឲ្យមកទទួលសារតវ៉ារបស់ខ្លួនរួចហើយ។

តាមរយៈលិខិតនោះ លោក «Le Yucheng» អនុរដ្ឋមន្ត្រីការបទេសចិន បានរំពឹងថា ការឃាត់ខ្លួនមេដឹកនាំក្រុមហ៊ុន «Huawei» ដែលធ្វើឡើងនៅក្រុង «Vancouver» (ភាគខាងលិចកាណាដា) គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិរបស់អ្នកស្រី។ សម្រាប់លោក​អនុរដ្ឋមន្ត្រី ទង្វើរបស់ប្រទេសកាណាដា ជា«ការធ្វើមិនដឹងមិនឮ​អំពីច្បាប់ ទង្វើគ្មានហេតុផល និងទង្វើដ៏រំខាន​ជាទីបំផុត»។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា៖ «ប្រទេសចិនទាមទារយ៉ាងក្លៀវក្លា ទៅភាគីកាណាដា ឲ្យដោះលែងជាបន្ទាន់ អ្នកស្រី “Meng Wanzhou” ដែលកំពុងជាប់ឃុំ ហើយត្រូវការពារសិទ្ធិស្របច្បាប់ និងត្រឹមត្រូវរបស់អ្នកស្រី»។

លោក «Adam Austen» អ្នកនាំពាក្យឲ្យអ្នកស្រី «Chrystia Freeland» រដ្ឋមន្ត្រីការបរទេសកាណាដា បានថ្លែងថា លោកគ្មានអ្វីត្រូវបន្ថែម ពីលើប្រសាសន៍របស់អ្នកស្រីរដ្ឋមន្ត្រី ដែលបានថ្លែងរួចហើយ កាលពីពេលថ្មីៗនេះទេ។

កាលពីថ្ងៃសុក្រ អ្នកស្រី «Chrystia Freeland» បានថ្លែងថា ទំនាក់ទំនងរវាងប្រទេស​ចិន និងកាណាដា មានសារៈសំខាន់ណាស់ ហើយថាឯកអគ្គរដ្ឋទូតកាណាដា ប្រចាំនៅរដ្ឋធានីប៉េកាំង បានថ្លែងអះអាង និងធានាទៅដល់ដៃគូសន្ទនា របស់ខ្លួន (ក្រសួងការបរទេសចិន) រួចហើយថា អ្នកស្រី «Meng Wanzhou» មានសិទ្ធិទទួលបានការពិគ្រោះ និងការផ្ដល់យោបល់ ពីមន្ត្រីការទូតចិន ប្រចាំក្នុងប្រទេសកាណាដា។

នាយិកាទទួលបន្ទុកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនយក្សចិន ជំនាញខាងទូរគមនាគមន៍ ត្រូវបានចាប់ខ្លួន នៅពេលដែលអ្នកស្រី បានធ្វើដំណើរឆ្លងកាត់ (ផ្ទេរយន្ដហោះ) នៅក្រុង «Vancouver» ក្នុងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨នេះ។ អ្នកស្រី អាចនឹងត្រូវចាប់បញ្ជូនខ្លួន ទៅកាន់សហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងធ្វើបត្យាប័ន រវាងប្រទេសជិតខាងទាំងពីរ។

បើតាមព្រះរាជអាជ្ញា នៃប្រទេសកាណាដា បានអះអាងថា សហរដ្ឋអាមេរិកបានចោទអ្នកស្រី «Meng Wanzhou» ថាបានលាក់បាំង ឬបន្លំ នូវទំនាក់ទំនង រវាងក្រុមហ៊ុនអ្នកស្រី និងសហគ្រាសមួយទៀត ដែលព្យាយាមបង្វិលទណ្ឌកម្មសេដ្ឋកិច្ច ដែលសហរដ្ឋអាមេរិក ដាក់ទៅលើប្រទេសអៀរ៉ង់។ អ្នកស្រីអាចជាប់ទោស រហូតដល់៣០ឆ្នាំ ក្នុងពន្ធនាគារ បើសិនជាអ្នកស្រី ត្រូវបានបញ្ជូនខ្លួនទៅកាន់សហរដ្ឋអាមេរិក និងត្រូវបានប្រព័ន្ធយុត្តិធម៌ នៅទីនោះរកឃើញពីទោសកំហុសមែន៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។