កម្ពុជា

អ្នកនាំពាក្យថា សម រង្ស៊ី អាចត្រូវ​«ក្រុមបាតដៃទី៣»​សម្លាប់ បើហ៊ាន​ចូល​ស្រុក

បើឧត្ដមសេនីយ៍​យោធាច្រើននាក់ ស្និតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស​ក្នុងប៉ុន្មានថ្ងៃចុងក្រោយ ត្រៀម​កម្ទេចលោក សម រង្ស៊ី នៅពេលមេដឹកនាំប្រឆាំងរូបនេះ វិលចូលកម្ពុជាវិញនោះ សម្រាប់លោក សុខ ឥសាន វិញ បានអះអាងថា នឹងអាចមាន«ក្រុមបាតដៃទី៣» សម្លាប់លោក សម រង្ស៊ី ដើម្បីទម្លាក់កំហុសដាក់រដ្ឋាភិបាល។

អ្នកនាំពាក្យគណបក្សកាន់អំណាច បានថ្លែងដូច្នេះ ក្នុងកិច្ចសម្ភាសមួយ ឲ្យទៅទីភ្នាក់ងារ «Reuters» កាលពីម្សិលម៉ិញ ដើម្បីប្រតិកម្មតប​នឹងគម្រោង​វិលចូលស្រុក របស់ប្រធានស្ដីទី​គណបក្សប្រឆាំង ដែលអះអាងថា នឹងធ្វើឲ្យខាងតែបាន នៅក្នុងឆ្នាំ២០១៩នេះ។

លោក សុខ ឥសាន បានថ្លែងឡើងថា៖

«បើទណ្ឌិត សម រង្ស៊ី ហ៊ានវិលចូលប្រទេសកម្ពុជាវិញនោះ នឹងអាចមាន ក្រុមបាតដៃទី៣ បាញ់សម្លាប់ទណ្ឌិត សម រង្ស៊ី ហើយទម្លាក់កំហុស ដាក់រដ្ឋាភិបាលកម្ពុជា។»

ការអះអាងរបស់មន្ត្រីអ្នកនាំពាក្យ ទទួលបានប្រតិកម្មភ្លាមៗ ពីលោក សម រង្ស៊ី តាមរយៈបណ្ដាញសង្គមទ្វីសធើរ។ មេដឹកនាំប្រឆាំង ដែលជាគូបដិបក្ខផ្នែកនយោបាយ របស់លោក ហ៊ុន សែន បានថ្លែងឡើងថា៖

«លោក ហ៊ុន សែន នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីរារាំងខ្ញុំ កុំឲ្យវិលត្រឡប់ចូលកម្ពុជាវិញ ព្រោះគាត់ខ្លាចប្រជាពលរដ្ឋ ងើបឡើងនៅអំឡុងពេល នៃការវិលត្រឡប់របស់ខ្ញុំ។ តែខ្ញុំនឹង​មិន​រាថយទេ។»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។