កម្ពុជា

ទ្រង់ ធម្មិកោ ស្នើ ហ៊ុន សែន ឲ្យ​ដូរឈ្មោះ​ក្រុង​ព្រះសីហនុ

នៅចំពោះការប្ដូរមុខមាត់ នៃខេត្តមួយនៅជាប់សមុទ្រកម្ពុជា អតីតព្រះរាជលេខាផ្ទាល់ របស់អង្គមហាវីរៈក្សត្រ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថ ធម្មិកោ បានស្នើសុំនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃនេះ ឲ្យប្ដូរឈ្មោះក្រុងព្រះសីហនុចេញ ដើម្បីអ្វីមួយដែលទ្រង់ពន្យល់ថា ដើម្បីការពារព្រះបរមនាម និងកិត្តិយសនៃព្រះមហាវីរក្សត្រ។

មានបន្ទូលជាសំណេរ តាមរយៈគណនីហ្វេសប៊ុករបស់ទ្រង់ ព្រះអង្គម្ចាស់ ធម្មិកោ លើកឡើងថា៖

«សម្តេច! ខ្ញុំសូមស្នើរាជរដ្ឋាភិបាល ប្តូរឈ្មោះ “ក្រុងព្រះសីហនុ” ដាក់ឈ្មោះអ្វីផ្សេងទៅ ដើម្បីរក្សាព្រះកិត្ដិយស​របស់ព្រះអង្គ កុំឲ្យព្រះនាមព្រះអង្គ ជាប់ជាមួយតំបន់ល្បែង កាសុីណូ ដ៏មហាអស្ចារ្យមួយនេះ និងបនផ្សេងៗ ទៀត។»

អតីតព្រះរាជលេខាផ្ទាល់ របស់ព្រះបាទ នរោត្ដម សីហនុ បានបញ្ជាក់ថា អ្វីដែលទ្រង់ស្នើឲ្យដូរចេញនោះ គឺឈ្មោះក្រុងព្រះសីហនុ មិនមែនជាឈ្មោះខេត្តនោះទេ។

នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ការសាងសង់សំណង់ថ្មី ដើម្បីធ្វើជាតំបន់កំសាន្ដ សណ្ឋាគារ រង្គសាល ឬបនល្បែង… បានរីករាលដាលយ៉ាងសន្ធឹកសន្ធាប់ នៅក្រុងព្រះសីហនុ។

សម្តេច! ខ្ញុំសូមស្នើរាជរដ្ឋាភិបាល ប្តូរឈ្មោះ “ក្រុងព្រះសីហនុ” ដាកឈ្មោះអ្វីផ្សេងទៅ ដើម្បីរក្សា ព្រះកិត្ដិយស របស់ព្រះអង្គ…

Posted by Sisowath Thomico on Wednesday, March 27, 2019


«ប្រទេសសិង្ហបូរីទី២»

ការរីកដុះដាលទាំងនោះ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ចាត់ទុកថា ជាការអភិវឌ្ឍមិនឈប់ឈរ នៅខេត្តព្រះសីហនុ។ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានអះអាងកាលពីពីរសប្ដាហ៍មុនថា នឹងមិនយូរទៀតទេ «ខេត្តដែលជាតំបន់សេដ្ឋកិច្ច របស់កម្ពុជាមួយនេះ នឹងក្លាយទៅជាប្រទេសសិង្ហបុរីទី២»។

ការលើកឡើង របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថ ធម្មិកោ ទទួលបានការគាំទ្រយ៉ាងច្រើន ពីប្រិយមិត្តរបស់ព្រះអង្គ ដោយអ្នកខ្លះបានឲ្យយោបល់ ថាគួរហៅក្រុងនេះថា ជាក្រុងកំពង់សោម ឬក្រុង«កំពង់ចិន»វិញ ខណៈអ្នកខ្លះទៀត បានស្នើបែបចំអក ឲ្យហៅក្រុងនេះ ថាជា «កាសុីណូសែនជ័យ បរមីចិនបង្ហូរ»។

សម្រាប់ប្រិយមិត្តខ្លះទៀត ពន្យល់ថា ឈ្មោះ«ព្រះសីហនុ» បានជួយរំលឹកឲ្យខ្លួនគេ នៅតែនឹកឃើញ ពីព្រះភ័ក្រញញឹមប្រិមប្រិយ របស់ព្រះមហាវីរក្សត្រ។ ដូច្នេះ គេគួររក្សាទុកឈ្មោះនេះ ហើយគេគប្បី ត្រូវរក«វិធានការគ្រប់គ្រង រក្សាសន្តិសុខសណ្តាប់ធ្នាប់ ជាជាងកាត់ក្បាលតម្រូវមួក»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។