នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលត្រូវបានក្រុមអ្នកគាំទ្រ ហៅថាជាសម្ដេច«ពុក» បានអះអាងថា លោកនឹងវិលមកមាតុប្រទេសវិញ នៅថ្ងៃពុធ ទី១០ ខែកក្កដានេះ ដើម្បីត្រៀមដឹកនាំ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នៅថ្ងៃទី១២ ខែកក្កដាខាងមុខ។ នេះ បើគេបានអាន សំណេរ«Comment»របស់លោក នៅខាងក្រោមវីដេអូមួយ របស់ទំព័រហ្វេសប៊ុក «ចំរៀងគ្រួសារខ្មែរ» នៅថ្ងៃអង្គារ ទី០៩ ខែកក្កដានេះ។
លោក ហ៊ុន សែន បានសរសេរថា៖
«ពុកបានចេញពីមន្ទីពេទ្យ មកនៅសណ្ឋាគារ តាំងពីព្រឹកមិញម្ល៉េះ។ ថ្ងៃទី១០កក្កដា នឹង ត្រឡប់ទៅវិញ ដើម្បីដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ អរគុណបងប្អូនជនរួមជាតិ ដែលបានជូនពរ ឬបារម្ភពីសុខភាពខ្ញុំ។»
សម្ដេច«ពុក» ហ៊ុន សែន បានបន្តសរសេរជួសមុខ ឲ្យ«យមរាជ»ថា៖
«ពុកនៅអាចចូលរួមកម្មវិធី ចម្រៀងគ្រួសារខ្មែរបាន។ យមរាជមិនត្រូវការជីវិតពុកទេ ព្រោះយមរាជត្រូវការ ឱ្យ[ពុក]នៅការពារកូនៗ និងប្រជាជនកម្ពុជា តទៅទៀត។ ពួកចង់ឱ្យពុកស្លាប់ ពិតជាខកចិត្ត ពេលឃើញពុកនៅមានលទ្ធភាពចូលរួម ជាមួយកូនៗបាន»។
លោក ហ៊ុន សែន បានទម្លាយឲ្យដឹង កាលពីថ្ងៃទី៦ ខែកក្កដាសប្ដាហ៍មុនថា លោកមានជំងឺ«គ្រេចស្មាខាងស្ដាំ» ហើយគ្រូពេទ្យតម្រូវ ឲ្យលោកត្រូវទៅពិនិត្យ និងព្យាបាល នៅឯមន្ទីរពេទ្យបូរីរដ្ឋ សិង្ហបូរី។ ការប្រកាសរបស់លោក មានន័យស្មើនឹងការជូនដំណឹង អំពីការលប់ចោល នូវរាល់ជំនួបក្នុងសប្ដាហ៍នេះ ជាមួយបណ្ដាភ្ញៀវជាតិ និងអន្តរជាតិ ដែលលោកមានគម្រោងជួបជាមួយ ពីមុនមក។
លុះស្អែកឡើង នៅថ្ងៃទី៧ ខែកក្កដា លោកបានរៀបរាប់បន្ថែមថា ជំងឺគ្រេចស្មាខាងស្ដាំនោះ ត្រូវបាន«ដោះស្រាយដោយជោគជ័យ»ហើយ។ ប៉ុន្តែក្រុមគ្រូពេទ្យ បានតម្រូវឲ្យលោក ត្រូវផ្អាកកីឡាវាយកូនគោល មួយរយៈ។
នេះ ជាលើកទីពីរ ក្នុងរយៈពេលជាងកន្លះឆ្នាំ ដែលលោក ហ៊ុន សែន អះអាងជាសាធារណៈ ថាលោកមានជំងឺ ដែលតម្រូវឲ្យមានការពិនិត្យ និងការព្យាបាល។
កាលពីចុងខែធ្នូកន្លងទៅ លោក ហ៊ុន សែន ធ្លាប់បានបង្ហើប ឲ្យដឹងម្ដងហើយ ជុំវិញជំងឺរបស់លោកមួយ ដែលគ្រូពេទ្យបានហាមលោក មិនឲ្យឈរឬអង្គុយយូរ។ បុរសខ្លាំងកម្ពុជា អាយុ៦៦ឆ្នាំរូបនេះ បានអះអាងក្នុងពេលនោះថា គ្រូពេទ្យរបស់លោក បានបញ្ជាមិនឲ្យលោក លេងកីឡាវាយកូនគោល ក្នុងរយៈពេលមួយខែ នៃការព្យាបាលជំងឺនោះ។
បន្ទាប់មក នៅចុងខែមករា ចូលមកដើមខែកុម្ភៈ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី បានអវត្តមាន មិនបង្ហាញខ្លួន ជាសាធារណៈ អស់រយៈពេល១៩ថ្ងៃ ដែលធ្វើឲ្យផ្ទុះឡើងនូវសំនួរជាច្រើន រួមនឹងសង្គ្រាមប៉ាកកា ជាមួយមន្ត្រីគណបក្សប្រឆាំងផង ជុំវិញបញ្ហាសុខភាពពិត របស់លោក៕
សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញត្រឡប់ មកកម្ពុជាវិញ នៅថ្ងៃទី១០ កក្កដាស្អែកនេះ ។
Posted by Kosal Chum on Tuesday, July 9, 2019