ចំណាត់ការរបស់សហភាពអឺរ៉ុប ប្រឆាំងរបបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជា«វិធានការត្រឹមត្រូវ និងសមស្រប ដែលអាចទទួលយកបាន»។ នេះ បើតាមការអះអាង របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សប្រឆាំង នៅក្នុងលិខិតមួយ ផ្ញើរទៅកាន់សហភាពអ៊ឺរ៉ុប ដែលធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅមុននេះ។
ក្នុងលិខិតជាភាសាអង់គ្លេសនោះ លោក សម រង្ស៊ី បានថ្លែងអំណរគុណ ចំពោះសហភាពអ៊ឺរ៉ុប ក្នុងនោះមានទាំងសភាអ៊ឺរ៉ុប គណៈកម្មាធិការអ៊ឺរ៉ុប និងប្រទេសជាសមាជិកទាំងអស់ ចំពោះ«ការខិតខំប្រឹងប្រែង និងការប្តេជ្ញាជួយការពារសិទ្ធិមនុស្ស និងជួយស្តារលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា» និងអះអាងថា គណបក្សសង្គ្រោះជាតិ បើទោះជាត្រូវបានរំលាយ ដោយរបបក្រុងភ្នំពេញហើយក្ដី តែគណបក្សនេះ នៅតែ«តំណាងឲ្យឆន្ទៈប្រជារាស្ត្រខ្មែរ យ៉ាងតិចពាក់កណ្តាលនគរ»។
មេដឹកនាំប្រឆាំងបានសរសេរថា៖
«ក្នុងនាមប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលគណបក្សសង្គ្រោះជាតិធ្វើជាតំណាង ខ្ញុំសូមបញ្ជាក់ទៅសហភាពអឺរ៉ុបថា ប្រតិកម្មរបស់សហភាពអឺរ៉ុប ឆ្លើយតបទៅនឹងការរំកិលទៅរកអំណាចផ្តាច់ការ នៅប្រទេសកម្ពុជា (គឺការព្យួរកម្មវិធីអនុគ្រោះពន្ធដារ “EBA”) គឺជា វិធានការត្រឹមត្រូវ និងសមស្រប ដែលយើងអាចទទួលយកបាន។»
លោក សម រង្ស៊ី បានបន្តពន្យល់ និងថ្កោលទោសលោក ហ៊ុន សែន ដែល«ចាប់ប្រជារាស្រ្តខ្មែរ ធ្វើជាចំណាប់ខ្មាំង ដើម្បីគំរាមកំហែងសហភាពអឺរ៉ុប ឲ្យធ្វើខ្វាក់ធ្វើគ ពេលឃើញការបង្ក្រាបនយោបាយ និងការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា» និងបញ្ជាក់ទៀតថា «ប្រជារាស្ត្រខ្មែរ រងគ្រោះនិងឈឺចាប់ ច្រើនទសវត្សរ៍មកហើយ ក្រោមរបប ហ៊ុន សែន ដែលជារបបផ្តាច់ការផង របបពុករលួយជាប្រព័ន្ធផង និងរបបបំផ្លិចបំផ្លាញជាតិផង»។
មុននឹងបញ្ចប់ គូបដិបក្ខនយោបាយដ៏ស្រួចស្រាវ របស់លោក ហ៊ុន សែន បានអះអាងថា៖
«ប្រជារាស្ត្រខ្មែរ សុខចិត្តអត់ទ្រាំមួយរយៈពេលខ្លី ពីការលំបាកខ្លះ ដែលអាចបណ្តាលមកពីការព្យួរកម្មវិធីអនុគ្រោះពន្ធដារ EBA ពីព្រោះយើងជឿជាក់ថា យើងនិងកូនចៅយើង នឹងទទួលបានអនាគតដ៏ភ្លឺថ្លា ពេលណាប្រទេសកម្ពុជា បានស្គាល់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។»
«យើងក៏ជឿជាក់ដែរថា ស្រុកយើងនឹងមានអភិបាលកិច្ចល្អ ប្រសើរជាងសព្វថ្ងៃ ដែលនឹងនាំមក នូវជីវភាពរស់នៅល្អប្រសើរជាងសព្វថ្ងៃឆ្ងាយណាស់ ដោយសារតែគុណនៃការជួយជ្រោមជ្រែងប្រកបដោយប្រសិទ្ធភាព ពីសំណាក់សហគមន៍ប្រទេសប្រជាធិបតេយ្យក្នុងពិភពលោក ជាទូទៅ និងពីសហភាពអឺរ៉ុប ជាពិសេស»៕