កម្ពុជា

សម រង្ស៊ី ថ្លែង​ឲ្យបណ្ដាជន​លោតចេញ​ពី«កប៉ាល់ ហ៊ុន សែន»ដែល​កំពុងលិច

«យើងត្រូវតែជួយសង្គ្រោះ អ្នកដែលលោតចេញ មុនកប៉ាល់លិច ពីព្រោះជាខ្មែរដូចគ្នា» នេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី តបទៅនឹងការអះអាងរបស់លោកខ្លួនឯង ដែលប្រៀបធៀបស្ថានការណ៍ របស់រដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ ទៅនឹង«កប៉ាល់» ដែលកំពុងលិចចូលក្នុងសមុទ្រ។

ការថ្លែងរបស់មេដឹកនាំប្រឆាំង ទំនងជាចង់ធៀប នឹងព្រឹត្តិការណ៍​ចុងក្រោយ​បំផុត នៃការប្រកាស​កាលពីដើមសប្ដាហ៍នេះ របស់សហភាពអ៊ឺរ៉ុប ជុំវិញការបើកដំណើរការនីតិវិធី ឈានទៅទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «គ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ – EBA»។

លោក សម រង្ស៊ី បានសរសេរ​ដោយអមមកជាមួយ នូវរូបភាព​នាវាទីតានិក (Titanic) ដែល​កំពុងលិច​ចូលក្នុងសមុទ្រ ដូច្នេះថា៖

«ទណ្ឌកម្មអន្តរជាតិមកដល់ហើយ ក្នុងឆ្នាំ ២០១៩ នេះ បើ ហ៊ុន សែន មិនព្រម ឬមិនចេះកែខ្លួន។ របប ហ៊ុន សែន ប្រៀបទៅនឹង”កប៉ាល់”មួយ ដែលធ្លុះធ្លាយ ជួសជុលលែងបាន ហើយដែលនឹងលិចកណ្តាលសមុទ្រ ក្នុងឆ្នាំ ២០១៩ នេះ។ អ្នកដែលនៅលើកប៉ាល់នោះ មិនត្រូវចាំទាល់តែកប៉ាល់នោះលិចទេ តែត្រូវលោតចេញពីកប៉ាល់នោះភ្លាមឥលូវនេះ បើចង់រួចផុតពីការស្លាប់ ឬការវិនាសអន្តរាយ។»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សធំមួយ ត្រូវបានរំលាយដោយតុលាការកំពូល នៃរបបដឹកនាំក្រុងភ្នំពេញ បានបន្តថា៖

«ការលោតចេញមុននេះ គឺជាសេចក្តីសម្រេចដ៏ត្រឹមត្រូវ របស់អ្នកវិនិយោគបរទេស និងអ្នករកស៊ីខិលខូចជាច្រើន ដែលមានវត្តមាននៅប្រទេសកម្ពុជាសព្វថ្ងៃ។ សូម្បីតែអ្នកបញ្ជាទិញពីក្រៅប្រទេស ក៏គេផ្អាក ឬលុបចោលតែម្តង ការបញ្ជាទិញរបស់គេ តាំងពីឥលូវនេះដែរ ពីព្រោះគេមិនចង់ភ្ជាប់ឈ្មោះគេ ទៅនឹងឈ្មោះដ៏អាក្រក់នៃរបបផ្តាច់ការ ហ៊ុន សែន ដែលនឹងទទួលទណ្ឌកម្មពីអន្តរជាតិ។»។

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។