កម្ពុជា

ស្រុតអគារនៅខេត្តព្រះសីហនុ៖ សម រង្ស៊ី ចង្អុល​ដាក់​ ហ៊ុន សែន

សម្រាប់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ហេតុការណ៍នៃការបាក់ស្រុតអគារ ដែលកំពុងស្ថិតក្នុងការសាងសង់ នៅខេត្តព្រះសីហនុ ជាការទទួលខុសត្រូវ នៃរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ប្រធានស្ដីទីគណបក្សប្រឆាំង បានពន្យល់ថា  គ្រោះមហន្តរាយបែបនេះ បណ្តាលមកពីអំពើពុករលួយ ការព្រងើយកន្តើយ និងស្មារតីមិនទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំសព្វថ្ងៃ។

លោក សម រង្ស៊ី បានសរសេរនៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិចថា៖

«ខ្ញុំសូមចូលរួមមរណទុក្ខ ជាមួយក្រុមគ្រួសារជនរងគ្រោះ ក្នុងអគារ ៧ជាន់ ដែលកំពុងតែសាងសង់ នៅក្រុងព្រះសីហនុ ហើយដែលទើបតែដួលរលំ បណ្តាលឲ្យកម្មករសំណង់យ៉ាងតិច ១៩នាក់ (Editor’s Note: តុល្យភាពរបស់រដ្ឋបាលខេត្ត អះអាងថា មានមនុស្សស្លាប់១៨នាក់)  បាត់បង់ជីវិត។ លោកអភិបាលក្រុងព្រះសីហនុ បានទទួលស្គាល់ថា អគារនេះ មិនមានលិខិតអនុញ្ញាតឲ្យសាងសង់ទេ។»

រដ្ឋបាលខេត្តព្រះសីហនុ​បានឲ្យដឹងថា មនុស្ស៤នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះមាន​ម្ចាស់​ការ​ដ្ឋានសំណង់​ អ្នក​ម៉ៅការ​សាងសង់ អ្នកម៉ៅការបូកជញ្ជាំងអគារ និង​ជន​ជាតិ​ខ្មែរ​ម្នាក់ ​ដែល​ជា​ម្ចាស់​ដី។

កាលពីយប់ថ្ងៃសៅរ៍​ម្សិលម៉ិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសំដែងការសោកស្ដាយ ចំពោះហេតុការណ៍នេះ និងបានទម្លាក់កំហុស ទៅលើការធ្វេសប្រហែស របស់ក្រុមហ៊ុនសំណង់របស់ចិន ដែលទទួលបន្ទុក​សាងសង់​អគារនេះ។

លោក ហ៊ុន សែន បានសសេរនៅលើបណ្ដាញសង្គមថា៖

«ខ្ញុំសូមចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតពលរដ្ឋ ដោយសារ​កាធ្វេសប្រហែស របស់ក្រុមហ៊ុនសាងសង់ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ។»

ប៉ុន្តែមេដឹកនាំប្រឆាំង មិនបានគិតដូចលោក ហ៊ុន សែន លើកឡើងខាងលើនេះទេ។ លោក សម រង្ស៊ី បានសរសេរថា៖

«គ្រោះមហន្តរាយនេះ បណ្តាលមកពីអំពើពុករលួយ ការព្រងើយកន្តើយ និងស្មារតីមិនទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំប្រទេសយើងសព្វថ្ងៃ។ នេះគ្រាន់តែជាសញ្ញាមួយ ដែលយើងទើបតែមើលឃើញទាំងអស់គ្នា តែមិនដឹងថា តើមានអគារបែបនេះ ប៉ុន្មានខ្នងទៀត ដែលកំពុងតែសាងសង់ដែរ ឬក៏ត្រូវបានសាងសង់រួចហើយ ដោយមិនមានលិខិតអនុញ្ញាត ហើយដោយមិនបានទទួលការត្រួតពិនិត្យអ្វីឡើយ ចំពោះស្តង់ដារបច្ចេកទេស និងសុវត្ថិភាព។»

ប្រធានស្ដីទីគណបក្សប្រឆាំង បានចង្អុលចំទៅលោក ហ៊ុន សែន ដោយផ្ទាល់ថា៖

«នៅប្រទេសកម្ពុជាសព្វថ្ងៃ មនុស្សខិលខូច ចង់ធ្វើអ្វីក៏បានដែរ ឲ្យតែមានលុយ។ របបពុករលួយ ដឹកនាំដោយ ហ៊ុន សែន គឺជាគ្រោះថ្នាក់សាធារណៈ សម្រាប់ប្រជារាស្ត្រខ្មែរជាទូទៅ។ ចាំឬទេ សោកនាដកម្មស្ពានកោះពេជ្រ កាលពីឆ្នាំ ២០១០?»

២៣ មិថុនា ២០១៩ / 23 June 2019 – Fatal collapse of a building in Sihanoukville (*) ខ្ញុំសូមចូលរួមមរណទុក្ខ…

Posted by Sam Rainsy on Sunday, June 23, 2019
ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។