បើសិនជាវ៉ាក់សាំងចិនកុម្មុយនីស ហាក់ត្រូវបានកំណត់ ឲ្យក្លាយជាជម្រើសតែមួយគត់នៅកម្ពុជា នោះគឺដោយសារ របបក្រុងភ្នំពេញ និងប្រទេសចិន បានឃុបឃិតគ្នា តាមរយៈអំពើពុករលួយដ៏ធ្ងន់ធ្ងរមួយ ដែលធ្វើឲ្យតម្លៃវ៉ាក់សាំង របស់ប្រទេសកុម្មុយនីស្ដិ៍ មានតម្លៃថ្លៃលើសលុប។ នេះបើតាមការលើកឡើងរបស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង នៅលើបណ្ដាញសង្គម។
ប្រធានស្ដីទីគណបក្សប្រឆាំង មិនបានបង្ហាញអំពីភស្ដុតាងរឹង ដើម្បីពន្យល់ឲ្យបានលំអិត អំពីការលើកឡើងរបស់លោកទេ។ នៅលើទំព័រហ្វេសប៊ុកផ្លូវការ លោក សម រង្ស៊ី គ្រាន់តែអះអាងដូច្នេះថា៖
«មានអំពើពុករលួយដ៏ធ្ងន់ធ្ងរ ក្នុងការទិញវ៉ាក់សាំងចិន (Sinovac) ដោយសារតែប្រទេសចិន បានឃុបឃិតជាមួយរបប ហ៊ុន សែន ហើយបានកំណត់ថ្លៃវ៉ាក់សាំងនោះ ខ្ពស់ជាងតម្លៃវ៉ាក់សាំងនានាផ្សេងទៀត ដែលមានដាក់លក់លើពិភពលោក ជាពិសេស វ៉ាក់សាំងអាមេរិកាំង (PfizerBioNTech និង Moderna) និងវ៉ាក់សាំងអង់គ្លេស (AstraZeneca)។»
មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងប្រទេសបារាំង បានបន្តពន្យល់ថា៖
«វ៉ាក់សាំងចិន “Sinovac” ដាក់លក់ក្នុងតម្លៃជាង ៣០ដុល្លារ [ក្នុង]មួយម្ជុល (ដូស /Dose) ប្រៀបធៀបទៅនឹងវ៉ាក់សាំងអាមេរិកាំង និងអាល្លឺម៉ង់ “PfizerBioNTech” ដែលដាក់លក់ក្នុងតម្លៃតែ ៦,៤៥ដុល្លារ [ក្នុង]មួយម្ជុល ប៉ុណ្ណោះ។»
ស្នើសុំប្រតិកម្ម ដោយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មន្ត្រីរបបក្រុងភ្នំពេញមួយរូប បានបដិសេធការធ្វើអត្ថាធិប្បាយ ចំពោះការលើកឡើងខាងលើ របស់លោក សម រង្ស៊ី តែបានឆ្លើយតបថា វាជាការលើកឡើងខ្យល់ របស់មនុស្សអស់ខ្យល់ម្នាក់ប៉ុណ្ណោះ។
មកដល់ថ្ងៃទី១៦ ខែកក្កដា ជំងឺរាតត្បាតបានឆក់យកជីវិតប្រជាជនកម្ពុជា កើនឡើងដល់ ១,០៥២នាក់ បន្ទាប់ពីអ្នកជំងឺ២៧នាក់ទៀតបានស្លាប់ ក្នុងថ្ងៃដដែល។ នេះបើតាមរបាយការណ៍ចេញផ្សាយចុងក្រោយបង្អស់ របស់ក្រសួងសុខាភិបាល និងធ្វើឲ្យកម្ពុជា មានអាត្រាអ្នកជំងឺស្លាប់ ខ្ពស់ជាងប្រទេសជិតខាង (ថៃ វៀតណាម និងឡាវ) បើធៀបនឹងចំនួនករណីឆ្លង នៅក្នុងប្រទេសទាំងនោះ។
ក្រសួងសុខាភិបាល ក៏បានប្រកាសឲ្យដឹងដែរថា ប្រជាជនកម្ពុជាដែលបានចាក់វ៉ាក់សាំងរួច មានចំនួនសរុប ប្រមាណជាជាង៥លាននាក់ (៥,៦៦៣,២៩៦នាក់ ត្រូវនឹង៥៦.០១% បើធៀបនឹងគោលដៅ នៃការចាក់វ៉ាក់សាំង ឲ្យបាន១០លាននាក់)។ វ៉ាក់សាំងដែលកម្ពុជាប្រើ មានបីប្រភេទ៖ Sinovac – Sinopharm និង AstraZeneca។
ផ្ទុយពីកម្ពុជា ដែលហាក់ផ្ដល់ជម្រើសតែមួយ ឲ្យពលរដ្ឋខ្លួន ក្នុងការចាក់វ៉ាក់សាំងចិននោះ ប្រទេសវៀតណាមឯណោះ បានបដិសេធវ៉ាក់សាំង របស់ប្រទេសកុម្មុយនីស្ដិ៍ និងបានបញ្ជាទិញដំបូង នូវវ៉ាក់សាំង «Pfizer BioNTech» របស់ប្រទេសអាមេរិក និងអាល្លឺម៉ង់ ក្នុងកម្រិតប្រមាណជាជាង៣០លានដូស។ កាលពីដើមសប្ដាហ៍នេះ វៀតណាមបានទទួលវ៉ាក់សាំងខាងលើ ក្នុងការដឹកជញ្ជូនឲ្យលើកទី១ ចំនួនជិត១សែនដូសរួចហើយ៕