កម្ពុជា

សម រង្ស៊ី ៖ ស្ដេចនឹងដាក់រាជ្យ ប្រសិនច្បាប់​«សញ្ជាតិ១»​ត្រូវបានអនុម័ត

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងថា ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ទ្រង់នឹងដាក់រាជ្យ ប្រសិនបើច្បាប់«សញ្ជាតិ១»ត្រូវបានអនុម័ត តាមការចង់បាន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មែននោះ។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានលើកឡើងដូច្នេះ ដោយភ្ជាប់អំណះអំណាង ពី«ប្រភពព័ត៌មានមួយ» ចេញពីព្រះបរមរាជវាំង ដែលលោកទទួលបាន។ តែលោកមិនបង្ហើបថា តើ«ប្រភពព័ត៌មាន»របស់លោកនោះ ជានរណា ឬជាអ្វីទេ។ នៅលើបណ្ដាញសង្គម លោក សម រង្ស៊ី បានសរសេរឡើងថា៖

«ប្រភពព័ត៌មានមួយ ពីព្រះបរមរាជវាំង បានឲ្យដឹងថា ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានប្រាប់ទៅលោក ហ៊ុន សែន ថា បើច្បាប់សញ្ជាតិមួយ សញ្ជាតិពីរនោះ ត្រូវបានអនុម័តថ្ងៃណា ព្រះអង្គនឹងដាក់រាជ្យភ្លាមមួយរំពេជ [ក្នុង]ថ្ងៃនោះ ពីព្រោះព្រះអង្គមានសញ្ជាតិ រហូតដល់ទៅ ៣ គឺសញ្ជាតិខ្មែរ សញ្ជាតិបារាំង និងសញ្ជាតិឈែក (Tchèque)។»

«ព្រះអង្គបានឲ្យដឹងថា ព្រះអង្គគង់លើរាជបល្ល័ង្គ គឺព្រះអង្គសោយតំណែងខ្ពស់ជាងគេបង្អស់ ដូច្នេះព្រះអង្គត្រូវផ្តល់គម្រូ ទៅថ្នាក់ដឹកនាំទាំងអស់ តាមច្បាប់ថ្មី ដែលតម្រូវឲ្យមានសញ្ជាតិខ្មែរតែមួយ។»

មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងប្រទេសបារាំង បានសន្និដ្ឋានថា៖

«[ដូច្នេះ] ច្បាប់សញ្ជាតិមួយ សញ្ជាតិពីរ ដែលលោក ហ៊ុន សែន ចង់ធ្វើនោះ ចេញមិនរួចទេ។»

ការលើកឡើងរបស់លោក សម រង្ស៊ី ធ្វើឡើងមុនកិច្ចប្រជុំ«ជាបន្ទាន់» របស់ក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​១​ ​ខែ​ ​តុលា​នេះ​ ​ដើម្បីអ្វីមួយដែលស្ថាប័នខាងលើ ពន្យល់ថា ជាការ«​ពិនិត្យ​ ​និង​រៀបចំសេចក្តី​ទូល​ថ្វាយ​ព្រះមហាក្សត្រ»​ ​លើ​សេចក្តីព្រាងច្បាប់​«សញ្ជាតិ១»​នេះ​។​

កាលពីថ្ងៃទី៦ ខែតុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ សិក្សា​រៀបចំ​ធ្វើសេចក្ដីព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កំណត់ឱ្យថ្នាក់ដឹកនាំ​ជាតិ​ ដែល​កាន់​តួនាទី​ ជានាយករដ្ឋមន្ត្រី ​ប្រធាន​ព្រឹទ្ធសភា ​ប្រធា​ន​រដ្ឋសភា និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។

ភ្លាមៗ​ ក្រោយ​ពី​ការ​ប្រកាស​នេះ ក្រសួង មន្ទីរ និងស្ថាប័ន​ឯកជនមួយចំនួន បាន​ចេញ​សេចក្ដីប្រកាសនិង​ញត្តិគាំទ្រ​យ៉ាង​ព្រោងព្រាត​ ដោយ​មានទាំង​ក្រសួងយុត្តិធម៌ កងទ័ពជើ​ង​គោ​ក មន្រ្តីរាជការជាច្រើនផ្សេងទៀត៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។