បើសិនជាការឆ្លើយឆ្លងគ្នា រវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន ហាក់ដូចជាស្ងប់ស្ងៀម នៅក្នុងចុងសប្ដាហ៍នេះ តែមេដឹកនាំប្រឆាំងមិនបានដកឃ្លាឡើយ ក្នុងការលើកឡើងថា របបដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃ គឺជាអ្នកទទួលខុសត្រូវ ចំពោះការបំផ្លាញបឹងធម្មជាតិនៅកម្ពុជា ជាពិសេស«ខណៈកម្ពុជាកំពុងខ្វះទឹក»។
បន្ទាប់ពីបានចែករំលែក នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីម្សិលម៉ិញ នូវវីដេអូរបស់អង្គការមាតាធម្មជាតិ ស្ដីពីការចាក់លុបបឹងធម្មជាតិ ក្នុងខេត្តព្រះសីហនុនោះ លោក សម រង្ស៊ី បានបន្តចែករំលែកវីដេអូដដែលនេះ នៅលើទំព័រទ្វីសធើរ ក្នុងថ្ងៃនេះជាថ្មីទៀត។
មេដឹកនាំប្រឆាំងបានសរសេរជាភាសាអង់គ្លេស អមនឹងការបង្ហោះនោះថា៖
«ខណៈប្រទេសកម្ពុជា កំពុងរងគ្រោះនឹងកង្វះទឹក កាន់តែធ្ងន់ធ្ងរនោះ របបដឹកនាំរបស់លោក ហ៊ុន សែន បន្តលុបបឹងដែលជាជីវិតរបស់ពលរដ្ឋ។ វីដេអូនេះ បង្ហាញពីបឹងព្រែកទប់ ក្នុងខេត្តព្រះសីហនុ ដែលត្រូវបានលក់ទៅឲ្យក្រុមហ៊ុន លីយ៉ុងផាត់គ្រុប ដែលមានជាប់សែស្រឡាយដោយផ្ទាល់ ជាមួយនឹងក្រុមគ្រួសារត្រកូល ហ៊ុន។»
ក្នុងវីដេអូរបស់អង្គការមាតាធម្មជាតិ យុវជន ថុន រដ្ឋា សកម្មជនបរិស្ថានបានអះអាងយ៉ាងច្រើន អំពីបឹងងធម្មជាតិ ព្រែកទប់ ក្នុងក្រុងព្រះសីហនុ។ លោក រដ្ឋា បានលើកឡើងថា បឹងមួយនេះត្រូវបានលោក ហ៊ុន សែន ចេញអនុក្រឹត្យលុបស្ទើរទាំងអស់ លក់ទៅឲ្យក្រុមហ៊ុន ឧកញ៉ា លី យ៉ុងផាត់ (The LYP Group) ដែលផ្ទុយគ្នាទាំងស្រុង ពីមួយឆ្នាំកន្លះមុន ដែលបឹងនេះត្រូវបានលោក ហ៊ុន សែន អះអាងថាការពារ មិនឲ្យបាត់បង់។
សកម្មជនបរិស្ថានបានពន្យល់ថា៖
«ក្រុងព្រះសីហនុ មានសុទ្ធតែទឹកសមុទ្រ ស្របពេលប្រភពទឹកសាបសម្រាប់ពលរដ្ឋប្រើប្រាស់ មានបរិមាណតិចតួច។ បញ្ហាខ្វះទឹកក៏កំពុងកើតមាន ជាពិសេសនៅក្នុងខេត្តព្រះសីហនុផ្ទាល់តែម្តង។»
យុវជន រដ្ឋា បានចោទសួរទៅលោក ហ៊ុន សែន ថា៖
«តើការសម្រេចចិត្តលុបបឹងធម្មជាតិប្រវត្តិសាស្ត្រ ដ៏មានសារសំខាន់មួយនេះ រដ្ឋទទួលបានលុយប៉ុន្មាន ពីក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់? ហើយបើសិនជាពេលអនាគត ក្រុងព្រះសីហនុនៅតែបន្តខ្វះខាតទឹកប្រើប្រាស់ តើសម្ដេចហ៊ានទទួលខុសត្រូវដែរឬទេ?»
មកដល់ម៉ោងនេះ គ្មានការឆ្លើយតបពីរបបក្រុងភ្នំពេញ ឬពីរដ្ឋបាលសាលាខេត្តព្រះសីហនុទេ នៅចំពោះការលើកឡើងខាងលើ៕