កម្ពុជា

សម រង្ស៊ី ថាមិនខ្វល់​ពីសំដី«កូនក្នុងខោ-កូនក្រៅខោ»​របស់ កឹម សុខា

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានអះអាងថា លោកមិនខ្វល់ចំពោះសំដី អ្នកទាំងឡាយណា ដែលនិយាយ​ជំនួសលោក កឹម សុខា ប្រធានគណបក្សនោះទេ បើទោះជាអ្នកនោះ ជា«កូនក្នុងខោ-កូនក្រៅខោ»របស់លោក កឹម សុខា ក្ដី។

ការលើកឡើងរបស់មេដឹកនាំប្រឆាំង ធ្វើឡើងក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី ដើម្បីប្រតិកម្មទៅនឹងសំដី របស់កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ដែលសរសេរ​តាមបណ្ដាញសង្គមទ្វីសធើរ អះអាងថាឪពុកនាងមានបំណង ដឹកនាំ​គណបក្ស​ប្រឆាំង ចូលប្រកួតប្រជែង ក្នុងការបោះឆ្នោតខាងមុខ។

សំណេររបស់កញ្ញា កឹម មនោវិទ្យា ត្រូវបានលប់ចេញវិញ នៅបន្តិចក្រោយមក។ តែយឺតពេលទៅហើយ ដោយហេតុថា សំណេរ​របស់​កញ្ញា ត្រូវបានប្រិយមិត្តរបស់នាង រួមនឹងអ្នកសារព័ត៌មានផង ផ្តិតជាអេក្រង់ (PrintScreen) និងយកទៅផ្សព្វផ្សាយបន្ត យ៉ាង​គគ្រឹកគគ្រេង (រូបខាងក្រោម)។

សម្រាប់លោក សម រង្ស៊ី បានគិតថា ការលើកឡើងរបស់កូនស្រីច្បង នៃលោក កឹម សុខា ទំនងជាធ្វើឡើង ដោយអត្តនោម័តិ។ ប្រធានស្ដីទីរបស់គណបក្សប្រឆាំង ដែលត្រូវតុលាការរបបក្រុងភ្នំពេញរំលាយចោល កាលពីចុងឆ្នាំ២០១៧ បានថ្លែងឡើងថា៖

«ខ្ញុំអត់ឲ្យតម្លៃទាល់តែសោះ ចំពោះអ្នកណានិយាយ ក្នុងនាមមនុស្សម្នាក់ទៀត ជាពិសេសនិយាយក្នុងនាមមនុស្ស ដែលអត់សេរីភាព ក្នុងការនិយាយ អញ្ចឹងពឹងឲ្យគេនិយាយជំនួស។ ពីមុនមានមេធាវី មានសហការីជិតស្និត មាន”កូនក្នុងខោ កូនក្រៅខោ” និយាយជំនួសឪ តែនិយាយលិបលរៗ សរសេររួចលប់ទៅវិញ អត់មានអ្វីច្បាប់លាស់ ខ្ញុំអត់ឲ្យតម្លៃទេ។»

មកដល់ម៉ោងនេះ គេនៅមិនទាន់ឃើញចម្លើយតបតរ ពីសំណាក់កញ្ញា កឹម មនោវិទ្យា មកវិញនៅឡើយ។

យ៉ាងណា លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងប្រទេសបារាំង នៅបន្តលើកឡើងជាថ្មី អំពីជំនឿរបស់លោក ចំពោះស្មារតី«សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ» ដោយអះអាងថា បើលោក កឹម សុខា ចង់បែកពីលោកមែននោះ ម្លេះប្រធាន​គណបក្សសង្គ្រោះ​ជាតិ​រូបនេះ បានធ្វើវារួចហើយ ដើម្បីអ្វីមួយ ដែលលោក សម រង្ស៊ី អះអាងថា ជាការចង់បាន របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។