មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងឧទ្ទិសពានរង្វាន់ជើងឯកប្រជាធិបតេយ្យ ជូនទៅបណ្ដាជនទាំងឡាយ ដែលបានរួមចំណែកតស៊ូ និងធ្វើពលិកម្ម ដើម្បីលទ្ធិប្រជាធិបតេយ្យ។ ជាពិសេស មេដឹកនាំប្រឆាំងបានបញ្ជាក់ថា ពានរង្វាន់នេះក៏មានចំណែក នៃពលិកម្មរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនោះដែរ។
ពានរង្វាន់ជើងឯកប្រជាធិបតេយ្យ ត្រូវបានអង្គការប្រជាធិបតេយ្យអាស៊ី និងវេទិកាសិទ្ធិមនុស្ស (Democracy Asia and HRs Forum) នៃប្រទេសកូរ៉េខាងត្បូង ផ្ដល់ជូនលោក សម រង្ស៊ី នៅថ្ងៃទី២០ ខែមេសាកន្លងមក ក្នុងឱកាសនៃបាតុកម្មភ្លើងទៀន ដែលបានប្រព្រឹត្តិទៅ នៅមុខសាលាក្រុងក្វាងយូ (ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង)។
នៅចំពោះអ្នកគាំទ្រច្រើនសិបនាក់ ដែលបានជួបជុំគ្នា ប្រារព្ធរាត្រីសមោលស ក្នុងប្រទេសបារាំង កាលពីយប់ថ្ងៃសៅរ៍ទី២៧ ខែមេសា លោក សម រង្ស៊ី បានថ្លែងឡើងថា៖
«អង្គការនៅប្រទេសកូរ៉េ គេបានផ្ដល់ឲ្យខ្ញុំ ថាខ្ញុំជាជើងឯកប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា… មិនមែនទេ។ ជើងឯកប្រជាធិបតេយ្យ គឺប្រជារាស្ត្រខ្មែរទាំងមូល។ ហើយខ្ញុំបានប្រកាសហើយ កិត្តិយសដែលផ្ដល់ឲ្យ តាមរយៈរង្វាន់នេះ គឺខ្ញុំសុំចែករំលែក ជាមួយនឹងលោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ។»
មេដឹកនាំប្រឆាំង ដែលបានយកពានរង្វាន់នោះ ឲ្យក្រុមយុវនារីកាន់បង្ហាញ ទៅអង្គពិធី បានថ្លែងបន្តថា៖
«បើលោក កឹម សុខា គាត់មានសេរីភាព គាត់ច្បាស់ជាទៅប្រទេសកូរ៉េ ទទួលរង្វាន់នេះជាមួយខ្ញុំ ដែលគេផ្ដល់ឲ្យយើងទាំងពីរនាក់។ តែនៅក្នុងកាលៈទេសៈនេះ គេផ្ដល់ឲ្យខ្ញុំ ប៉ុន្តែគេអត់ភ្លេចលោក កឹម សុខា ទេ ខ្ញុំក៏អត់ភ្លេចលោក កឹម សុខា ដែរ។ រង្វាន់នេះ បើអាចចែកជាពីរបាន គឺ កឹម សុខា-សម រង្ស៊ី ទទួលទាំងពីរនាក់។»
រាប់ពីថ្ងៃដែលលោក ត្រូវបានចូលទៅចាប់ខ្លួន នៅក្នុងគេហដ្ឋាន រហូតមកដល់ថ្ងៃនេះ លោក កឹម សុខា បានជាប់ឃុំអស់រយៈពេលជីត ២០ខែហើយ។ លោកត្រូវបានរបបក្រុងភ្នំពេញចោទប្រកាន់ ថាបានឃុបឃិតជាមួយសហរដ្ឋអាមេរិក ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយសំអាងទៅលើការថ្លែងមួយរបស់លោក (កឹម សុខា) កាលពីច្រើនឆ្នាំកន្លងទៅ ជាមួយពលរដ្ឋអ្នកគាំទ្រច្រើនសិបនាក់ នៅក្នុងប្រទេសអូស្ត្រាលី។
លោក សម រង្ស៊ី បានបន្តទៀតថា៖
«ហើយខ្ញុំក៏សូមចែករំលែកកិត្តិយសនេះ ជូនជនជាតិខ្មែរ អ្នកប្រជាធិបតេយ្យទាំងអស់។ ពីព្រោះយើងស្រឡាញ់ជាតិ យើងស្រឡាញប្រជាធិបតេយ្យ ស្រឡាញ់សេរីភាព ស្រឡាញ់យុត្តិធម៌ រង្វាន់នេះជារង្វាន់របស់យើងទាំងអស់គ្នា៕»