កម្ពុជា

សម រង្ស៊ី៖ ចិន​យក​កម្ពុជា​ធ្វើអាណានិគម តាម​លក្ខណៈ២

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងពន្យល់ថា តាម​លក្ខណៈ២ ដែលមហាយក្សចិន អាចយកប្រទេសកម្ពុជា ធ្វើជាអាណានិគម។ លក្ខណៈទាំងពីរនោះ ត្រូវបានប្រធានស្ដីទីគណបក្សប្រឆាំង ទម្លាក់កំហុសទាំងស្រុង ទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ថ្លែងចំពោះអ្នកគាំទ្រ ក្នុងវត្តរស្មីសាមគ្គី នៃទីក្រុង រូបេ (Roubaix) ភាគខាងជើង ប្រទេស​បារាំង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩នេះ លោក សម រង្ស៊ី បានពន្យល់ពីការធ្វើអាណានិគម មកលើប្រទេសកម្ពុជា «តាម​លក្ខណៈ២» ដូច្នេះថា៖

«លក្ខណៈទីមួយ គឺប្រទេសផ្ដាច់ការ។ ប្រទេសផ្ដាច់ការ គឺមេដឹកនាំម្នាក់ ឬមួយក្រុមតូច ធ្វើសេចក្ដីសម្រេចតាមចិត្ត អត់សួរយោបល់ប្រជារាស្ត្រ។ បើសួរយោបល់ប្រជារាស្ត្រ ប្រជារាស្ត្រអត់ព្រមទេ។ ហើយបើមានលទ្ធិប្រជាធិបតេយ្យ ប្រជារាស្ត្រធ្វើសេចក្ដីសម្រេច ការពារផលប្រយោជនជាតិហើយ មិនការពារផលប្រយោជន៍បុគ្គល ដូច ហ៊ុន សែន កំពុងធ្វើទេ។ អញ្ចឹងប្រទេស ដែលមានអំណាចផ្ដាច់ការ ដែលមានមេដឹកនាំផ្ដាច់ការ គឺចិននិយាយស្រួល ឃុបឃិតជាមួយមេដឹកនាំផ្ដាច់ការ នោះទៅ។»

លោកបន្តថា៖

«លក្ខណៈទីពីរ គឺពុករលួយ។ បើផ្ដាច់ការផង ពុករលួយទៀត គឺរលាយមែនទែន ហើយវាអញ្ចឹងមែន។ គាត់ចង់បានតែលុយ លោភលន់លុយចាយមិនអស់ ចាយប៉ុន្មានជាតិ ក៏មិនអស់ តែនៅតែចង់បាន លក់ហើយលក់ទៀតៗ។ (…) គាត់ធ្វើបែបនេះ គឺស្រុកយើងរលាយមែនទែន។»

គូបដិបក្ខផ្នែកនយោបាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃ ហៅមេដឹកនាំរបបក្រុងភ្នំពេញ ថាជាមនុស្សល្ងង់ អវិជ្ជា ហើយដឹកនាំប្រទេស ទៅកាន់ភាព​លិចលង់។ លោក សម រង្ស៊ី ថ្លែងថា៖

«ទាល់តែយើងមានបញ្ញា មានជំនាញ មានបទពិសោធន៍ អ្នកដឹកនាំចេះដឹង បានគេដឹកនាំប្រទេសបែបហ្នឹងកើត។ តែ ហ៊ុន សែន គាត់អត់បានរៀនសូត្រអីទេ អវិជ្ជា ធ្លាប់តែធ្វើទាហានខ្មែរក្រហម គាត់ចេះអី? គាត់បានអំណាចមក គាត់ដឹកនាំប្រទេស បាយឡុកបាយឡសុទ្ធ។ គឺខាត! ឧស្សាហកម្មស្រុកខ្មែរ គឺប្រកួតប្រជែង ជាមួយប្រទេសជិតខាង ជាមួយពិភពលោកអត់បាន។»

ការថ្លែងរបស់លោក សម រង្ស៊ី អាចជាការដុតបញ្ឆេះ ឲ្យលោក ហ៊ុន សែន ប្រតិកម្ម។ តែមកដល់ពេលនេះ មេដឹកនាំរបបក្រុងភ្នំពេញ មិនបានថ្លែងជាសាធារណៈ ដើម្បីតបតនឹងមេដឹកនាំប្រឆាំងនោះទេ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។